ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងថា លោក គីម ជុងអ៊ុន បានដឹកនាំការហ្វឹកហ្វឺនយោធានុយក្លេអ៊ែរ
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានចុះផ្សាយនៅថ្ងៃចន្ទទី១០ ខែតុលាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំសមយុទ្ធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់អង្គភាពប្រតិបត្តិការនុយក្លេអ៊ែរនាពេលថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំ ដោយកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានបង្កើនភាពតានតឹងក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន ដែលនិយាយថា ថ្វីបើសត្រូវនៅតែបន្តនិយាយអំពីការសន្ទនា និងកិច្ចចរចាក៏ដោយ យើងមិនមានអ្វីត្រូវនិយាយអំពីរឿងទាំងនោះទេ ហើយក៏គ្មានអារម្មណ៍ថា ចាំបាច់ត្រូវធ្វើដូច្នេះដែរ។ KCNA រាយការណ៍ថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កូរ៉េខាងជើងបានធ្វើសមយុទ្ធពាក់ព័ន្ធនឹងមីស៊ីលផ្លោង ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ។ នេះគឺដើម្បីបញ្ជូនសារដ៏ម៉ឺងម៉ាត់ នៃការកំញើញសង្គ្រាម។ ការបាញ់មីស៊ីលទាំងនេះ ត្រូវបានធ្វើឡើងដើម្បីកំណត់គោលដៅអាកាសយានដ្ឋាន និងកំពង់ផែសំខាន់ៗរបស់សត្រូវ។ KCNA បន្ថែមថា ប្រសិទ្ធភាព និងសមត្ថភាពប្រយុទ្ធជាក់ស្តែងនៃកម្លាំងប្រយុទ្ធនុយក្លេអ៊ែរបស់យើង ត្រូវបានបង្ហាញយ៉ាងពេញទំហឹង ព្រោះខ្លួនត្រៀមខ្លួនទាំងស្រុងក្នុងការវាយលុក និងបំផ្លាញគោលដៅគ្រប់ពេលវេលា ចេញពីទីតាំងណាមួយ។
KCNA បានបញ្ជាក់ទៀតថា គណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង បានសម្រេចចិត្តធ្វើសមយុទ្ធខាងលើនេះ ជាការឆ្លើយតបដែលមិនអាចចៀសបាន ចំពោះការចល័តកងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូងក្នុងទ្រង់ទ្រាយធំ រួមទាំងនាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា


