សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ដល់គ្រឹះស្ថានសិក្សាទាំងអស់ ទាំងរដ្ឋ និងឯកជន យកចិត្តទុកដាក់ គាំទ្រសកម្មភាពកាយរឹទ្ធិជាតិកម្ពុជា
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតកាយរិទ្ធជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យអតីតសិស្សគ្រឹះស្ថានទាំងរដ្ឋ និងឯកជន ជួយគាំទ្រការងារសកម្មភាពកាយរឹទ្ធិជាតិកម្ពុជា នៃសាលាដែលខ្លួនធ្លាប់រៀន។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ខ្ញុំសូមអំពាវនាវសប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំតាមប្រព័ន្ធកាយរឹទិ្ធកម្ម រួមចំណែកលើកកម្ពស់ការអប់រំចំណេះដឹង ជំនាញ និងសីលធម៌ក្នុងស្រទាប់យុវជនកម្ពុជាប្រកបដោយ ប្រសិទ្ធភាព ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ការលើកទឹកចិត្តលើចំណុចសំខាន់ៗមួយចំនួន ដើម្បីភាពរីកចម្រើននៃចលនាកាយរឹទិ្ធជាតិកម្ពុជា។ ក្នុងនោះទី១-ក្រុមប្រឹក្សានិងគណៈកម្មាធិការប្រតិបតិ្តកាយរឹទិ្ធជាតិកម្ពុជាថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសម្រាប់អាណត្តិទី ៤ នេះ ត្រូវបន្តលើកកម្ពស់ការងារអប់រំ និងបណ្តុះ បណ្តាលធនធានយុវជន តាមរយៈការជំរុញចូលរួមក្នុងចលនាកាយរឹទិ្ធ និងអភិវឌ្ឍកម្មវិធីស្វ័យអប់រំខ្លួនឯង ដើម្បីក្លាយជា ពលរដ្ឋកាយរឹទិ្ធ ដែលផ្តល់ផលប្រយោជន៍ចំពោះសង្គមជាតិ ។ ២-ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និងគ្រប់បណ្តាអង្គការកាយរឹទ្ធិជាតិ ថ្នាក់តំបន់ និងពិភពលោក។ ត្រូវបន្តលើកទឹកចិត្តយុវជនកាយរឹទិ្ធ ដែលមានសមត្ថភាព និង មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ឱ្យចូលរួមជាបេក្ខជនប្រកួតប្រជែងក្នុងគណៈកម្មការកាយរឹទិ្ធថ្នាក់តំបន់ និងពិភពលោក ។ ៣-ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌត្រូវបន្តរៀបចំផែនការសកម្មភាពរយៈពេលវែង រយៈពេលមធ្យម និងរយៈពេលខ្លី ព្រមទាំងការខិតខំកៀរគរសប្បុរសជន “មូលនិធិកាយរឹទិ្ធ” គ្រប់លំដាប់ថ្នាក់ ដើម្បីជួយឧបត្ថម្ភគាំទ្រសកម្មភាព កាយរឹទិ្ធជាតិកម្ពុជាទូទាំងប្រទេស ។ ៤- ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទិ្ធជាតិកម្ពុជាថ្នាក់ជាតិត្រូវបន្តពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាពការងារកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឱ្យមានដំណើរការល្អ។ ៥-ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយរឹទិ្ធកម្ម ដល់មេដឹកនាំកាយរឹទិ្ធតាមបណ្តា គ្រប់កងឯកភាព ស្របតាមកម្រិតបទដ្ឋានអន្តរជាតិឱ្យក្លាយ ជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ក្នុងការរៀបចំផែនការសកម្មភាព និងកម្មវិធីកាយរឹទិ្ធកម្មក្នុងកងឯកភាពរបស់ខ្លួន ។ ៦-ត្រូវបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រសួងស្ថាប័ន, វិស័យឯកជន អង្គការដៃគូ អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និងអង្គការ សមាគម កាយរឹទិ្ធជាតិនៃបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ដើម្បីសហការរៀបចំសិក្ខាសាលា វេទិកាយុវជន ការផ្លាស់ប្តូរវប្បធម៌ វគ្គបណ្តុះបណ្តាល និងការបោះជំរំថ្នាក់តំបន់ និងពិភពលោក ដើម្បីបង្កើនកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ ។ ៧-ត្រូវបន្តយកចិត្តទុកដាក់បំផុសសកម្មភាពកាយរឹទិ្ធ-ជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ស្វែងរកមូលនិធិគ្រាំទ្រ និងរៀបចំ ព្រឹតិ្តការណ៍ប្រចាំឆ្នាំ ជាមួយនឹងការចូលរួមក្នុងព្រឹតិ្តការណ៍កាយរឹទិ្ធអន្តរជាតិនានា ៕ ដោយ វណ្ណលុក