ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទស្សនកិច្ចនៅកម្ពុជា បញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះអនុតំបន់មេគង្គ

ភ្នំពេញ៖ ស្របពេលដែលចូលរួមកិច្ចប្រជុំកំពូលមន្ត្រីជាន់ខ្ពស់អាស៊ីបូព៌ា លោកស្រីបណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការពហុភាគី បានជួបជាមួយដៃគូសំខាន់ៗនៅកម្ពុជា នៃគម្រោងភាពជាដៃគូមេគង្គ អាមេរិក (MUSP) ដោយបញ្ជាក់ពីការគាំទ្រយូរអង្វែងរបស់អាមេរិក ចំពោះប្រជាជននៃអនុតំបន់មេគង្គនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីបណ្ឌិត Pak បានថ្លែងថា ៖ «ប្រទេសតាមទន្លេមេគង្គ អាចពឹងផ្អែកលើសហរដ្ឋអាមេរិកជាដៃគូដ៏ខ្លាំង និងគួរឱ្យទុកចិត្តនាពេលបច្ចុប្បន្ន និងទៅអនាគត។ ទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជា បង្ហាញពីសារៈសំខាន់នៃការធ្វើការជាមួយប្រទេសនៃតំបន់មេគង្គជាពហុភាគី និងតាមរយៈភាពជាដៃគូទន្លេមេគង្គ សហរដ្ឋអាមេរិក ក្នុងការជំរុញនូវភាពតភ្ជាប់គ្នា តម្លាភាព និងការអភិវឌ្ឍប្រកបដោយចីរភាពតាមព្រំដែន»។

ជាការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះក្នុងប្រទេសកម្ពុជា លោកស្រីបណ្ឌិត Pak បានទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតក្នុងតំបន់ នៅគណៈកម្មការទន្លេមេគង្គ (MRC) ដែលនៅទីនោះ លោកស្រី បានកោតសរសើរពីវិធីសាស្ត្រទូលំទូលាយថ្នាក់តំបន់របស់ MRC ដើម្បីពង្រឹងនូវសមត្ថភាពរបស់ MRC តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ លោកស្រីបណ្ឌិតក៏បានស្វែងយល់បន្ថែមពីទស្សនៈផ្សេងៗរបស់អ្នកជំនាញពាក់ព័ន្ធបញ្ហាទន្លេមេគង្គ ដោយរួមទាំងបញ្ហាអន្តោប្រវេសន៍ ការជួញដូរ ការគ្រប់គ្រងធនធានធម្មជាតិ វិស័យធុរកិច្ច និងថាមពលកកើតឡើងវិញ ព្រមទាំងអាទិភាពរួមរបស់សហរដ្ឋអាមេរិកក្នុងអនុតំបន់ទន្លេមេគង្គ។

ក្នុងកិច្ចពិភាក្សាជាមួយយុវជនវ័យក្មេងនៅ AmCam Exchange ក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌល EducationUSA របស់ស្ថានទូតអាមេរិក នៅភ្នំពេញ លោកស្រីបណ្ឌិត Pak ក៏បានលើកទឹកចិត្តដល់អ្នកដឹកនាំវ័យក្មេងទាំងអស់ ឱ្យធ្វើការរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលជះឥទ្ធិពលដល់អនុតំបន់ទាំងមូល ដើម្បីសម្រេចនូវលទ្ធផលជាទីគាប់ប្រសើរ។ ភាពជាដៃគូមេគង្គ សហរដ្ឋអាមេរិក លើកកម្ពស់នូវសិ្ថរភាព សន្តិភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដៃគូមេគង្គ និងសហរដ្ឋអាមេរិក។ វាក៏ពង្រឹងនូវទំនាក់ទំនងដ៏រឹងមាំនិងយូរអង្វែងរវាងសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ផងដែរ។ ចាប់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០២២ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជាង ៥,៨ ពាន់លានដុល្លារ ជាជំនួយទេ្វភាគីនិងក្នុងតំបន់ជូនដល់ប្រទេសដៃគូទាំង ៥ នៃទន្លេមេគង្គ៕
ដោយ៖ពលជ័យ
រូបភាព៖ស្ថានទូតអាមេរិកប្រចាំកម្ពុជា

ads banner