រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាពរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាពរ

រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាពរ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ។ សម័យប្រជុំរដ្ឋសភានាឱកាសនេះមានរបៀបវារៈតែមួយ ដោយបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានសំឡេងព្រម ចំនួន១១១សំឡេង។

Advertisement

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឡើងមានប្រសាសន៍នៅក្នុងសម័យប្រជុំរដ្ឋសភាថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេចផ្ទាល់សូមកោតសរសើរអស់ពីដួងចិត្ត និងថ្លែងអំណរគុណចំពោះអង្គរដ្ឋសភាដែលជានិច្ចជាកាលក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិដែលទទួលនូវសេចក្តីទុកចិត្តយ៉ាងពេញលេញពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលបង្ហាញការប្តេជ្ញាខ្ពស់ក្នុងកិច្ចបម្រើប្រទេសជាតិ និងផ្តល់ការគាំទ្រសព្វបែបយ៉ាងដល់រាជរដ្ឋាភិបាលនៅក្នុងការខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យដើម្បីបុព្វហេតុជាតិ និងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនអង្គរដ្ឋសភាថា អនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រមដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ព្រះរាជក្រឹត្យស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រឹត្យស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមតម្រូវការចាំបាច់ក្នុងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងនាមជានាយករដ្ឋមន្ត្រីសូមស្នើរដ្ឋសភាពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួររម្លឹកឱ្យដឹងថា យោងតាមលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំងព្រះរាជក្រឹត្យលេខ នស/រកត/០៨១៨/៨៦២ ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ ស្ដីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាម តម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមស្នើ សម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សេចក្តីដូចបានជម្រាបជូនខាងលើសូមសម្ដេចប្រធានរដ្ឋសភា មេត្តាពិនិត្យលើសេចក្ដីស្នើសុំនេះដោយក្តីអនុគ្រោះ សូមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាទទួលនូវគារវកិច្ច។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ការបញ្ចប់តំណែងនេះ បានធ្វើឡើងតាមសេចក្តីក្រាបបង្គុះទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា