កវី ឯល ប៊ុណ្ណា នឹកអនុស្សាវរីយ៍​ជាមួយព្រះបរមរតនកោដ្ឋ ក្នុងគ្រាសម្រួលតន្ត្រីនិងនិពន្ធទំនុកច្រៀង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នាឱកាសខួប១០ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ លោក ឯល ប៊ុណ្ណា ជាតន្ត្រីករជើងចាស់មួយរូបបានលើកឡើងថា លោកមិនដែលភ្លេចអនុស្សាវរីយ៍ ដែលធ្លាប់សាងរួមគ្នាជាមួយព្រះបរមរតនកោដ្ឋ ក្នុងគ្រាសម្រួលតន្ត្រីនិងតែងនិពន្ធទំនុកច្រៀងនោះទេ។ លោកបង្ហាញអារម្មណ៍កាន់តែនឹកព្រះអង្គជាពន្លឹកនៅពេលឮបទចម្រៀង«លាហើយកម្ពុជា»សូរសៀងផ្ទាល់របស់ព្រះអង្គ ខណៈដែលរូបលោកជាអ្នកសម្រួលតន្ត្រីម្នាក់ផង។

«អនុស្សាវរីយ៍​ជា​ច្រើន​ដែល​ខ្ញុំ ក៏​ដូច​ជា​មិត្ត​តន្ត្រីករ​ផ្សេង​ទៀត ដែលធ្លាប់ដង្ហែ(ដើរតាម)លោក កាលលោកនៅ​ព្រះជន្ម​មិន​ថា នៅ​ក្នុង​ប្រទេស ឬ​នៅ​ក្រុង​ប៉េកាំង​នោះ​ទេ។ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ លោក​ជា​មហាក្សត្រ​មួយ​ព្រះអង្គ ដែល​មាន​ទសពិធរាជធម៌ ព្រហ្មវិហារធម៌ ហើយ​លោក​អត់​ដែលប្រកាន់​ទោសពៃរ៍​កូន​ចៅ​ទេ​ គឺរាប់​អានស្រឡាញ់​កូន​ចៅ​ដោយ​មិន​រើស​អើង។ ជាក់ស្ដែង​ពេលក្រុម​តន្ត្រីករ​យើង​​ដង្ហែ​ទ្រង់​នៅ​ប្រទេស​ចិន​ ។​លោក​ទទួល​រាក់​ទាក់​មិន​ថា កន្លែង​ហូប​ចុក និង​កន្លែង​ស្នាក់ គឺ​ល្អ​ប្រសើរខ្លាំង​ណាស់»។

នៅក្នុងវ័យ ៧៦ឆ្នាំ លោក ឯល ប៊ុណ្ណា ជា​តន្ត្រីករ​ជើង​ចាស់​មួយរូបដែល​ដង្ហែ​តាម​ព្រះបរមរតនកោដ្ឋ​តាំង​ពី​ឆ្នាំ​១៩៩១ រហូតដល់ថ្ងៃទ្រង់សោយទិវង្គត់នៅថ្ងៃទី១៥តុលា ឆ្នាំ២០១២។ បើតាមលោក​ ឯល​ ប៊ុណ្ណា មានឱកាសដង្ហែតាមព្រះបរមរតនកោដ្ឋមិនមែនជារឿងចៃដន្យទេ ។ពោលគឺជួបស្គាល់គ្នាជាលើកដំបូង តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នា​យ​ករដ្ឋមន្ត្រីកម្ពុជា នៅគ្រាមួយជិះកាណូតរួមគ្នាលើដងទន្លេ ដោយមានការប្រគំតន្ត្រីពីក្រសួងវប្បធម៌។

តន្ត្រីករផ្នែកសម្រួលតន្ត្រីរូបនេះ បានចាត់ទុកព្រះបរមរតនកោដ្ឋជា«បិតាសិល្បជាតិ»។ «លោកសព្វព្រះទ័យជាមួយវិស័យចម្រៀងនេះខ្លាំងណាស់ ហើយយើងឃើញថា ពេលដែលលោកសូរសៀង លោកបានបញ្ចូលមនោសញ្ចេតនាជ្រាលជ្រៅខ្លាំងណាស់ ដែលស្ដាប់មើលទៅធ្វើឱ្យយើងដឹងថា ទ្រង់ជាអ្នកស្រឡាញ់សិល្បៈ»។

ជាអ្នកសម្រួលតន្ត្រីផងនិងនិពន្ធទំនុកច្រៀងផងលោក ឯល ប៊ុណ្ណា ប្រាប់ថា វត្តមានរបស់លោកនៅជាប់មិនដាច់ជាមួយព្រះបរមរតនកោដ្ឋ ដើម្បីផលិតបទចម្រៀង និងទំនុកភ្លេងថ្មីៗ «ខ្ញុំតែមានវត្តមាននៅជាមួយទ្រង់ រៀងរាល់ពេលប្រគំតន្ត្រីជូនថ្នាក់ដឹកនាំក្នុងនៅក្រៅប្រទេសស្ដាប់ និងរៀងរាល់ពេលដែលថតអាល់ប៊ុលចំរៀងបរទេសនិងខ្មែរ ដែលព្រះអង្គទ្រង់សូសៀង(ច្រៀង) ដោយផ្ទាល់គឺខ្ញុំតែងតែសម្រួលតន្ត្រីថ្វាយលោក  ហើយក៏មានបទចំរៀងមួយចំនួន ២៣បទទៀត ខ្ញុំនិពន្ធថ្វាយលោកដែរ ដើម្បីឱ្យអ្នកចម្រៀងដទៃទៀតច្រៀង តែមកដល់ពេលនេះ ខ្ញុំអត់ទាន់បានបោះពុម្ពចងក្រងទុកជាឯកសារនៅឡើយទេ»។

លោក ឯល ប៊ុណ្ណា មិនចាំចំណងជើងបទចំរៀងទាំង២៣បទនេះ ដោយចាំបានខ្លះៗប៉ុណ្ណោះដូចជា៖បទជ្រោះភ្នំគូលែន ម្លប់ត្នោត ​……ជាដើម។ បើតាមកវីនិពន្ធ ឯល ប៊ុណ្ណា បទដែលលោកនិពន្ធថ្វាយព្រះករុណាមានការណែនាំពីទ្រង់ផ្ដោតការពិពណ៌នាលើសម្រស់ធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ស្ទើរតែពេញមួយជីវិតដង្ហែតាមព្រះបរមរតនកោដ្ឋ ចំរៀងមួយបទសូរសៀងនិងព្រះរាជនិពន្ធដោយផ្ទាល់របស់​ព្រះករុណាគឺបទ«លាហើយកម្ពុជា» ធ្វើឱ្យលោក ឯល ប៊ុណ្ណា ស្រណោះទ្រង់ជាពន្លឹក។ បើតាមកវី ឯល ប៊ុណ្ណា លាហើយកម្ពុជា ដែលពេលនោះលោកមានវ័យ ៥១ឆ្នាំ ជាអ្នកសម្រួលតន្ត្រីដោយថតនៅឆ្នាំ ២០០៣ក្នុងព្រះបរមរាជវាំង៖ «ក្រោយការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ខ្ញុំតែងតែឮ គេចាក់បទនេះធ្វើឱ្យខ្ញុំនឹកស្រណោះដល់ព្រះអង្គណាស់រាល់អនុស្សាវរីយ៍ដែលធ្លាប់មានជាមួយទ្រង់កាលពីមុន។ គ្រាមុនខ្ញុំធ្លាប់ចូលរួមតុអាហារជាមួយព្រះអង្គបានពីរលើកដែរនៅក្នុងព្រះរាជវាំងហ្នឹង»។

កាលពីនៅមានព្រះជន្មព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រីសម្ដេចនរោត្តម មុនិនាថសីហនុតែងតែងសូរសៀងចម្រៀងជាភាសាខ្មែរ និងចំរៀងបរទេសជូនមន្ត្រីអ្នកមុខអ្នកការបណ្ដាអង្គទូតនានាសណ្ដាប់ក្នុងព្រះបរមរាជវាំង​។ ជាបិតាសិល្បជាតិ! វិស័យសិល្បនៅក្នុងសម័យសង្គមរាស្ត្រនិយមក្រោមការដឹកនាំរបស់ទ្រង់ ត្រូវបានចាស់ៗជំនាន់មុនដំណាលប្រាប់តៗគ្នាមានការរីកចម្រើនគ្រប់ទម្រង់ដូចជាៈសិល្បចម្រៀង តន្ត្រី ភាពយន្ត ហើយតួសម្ដែងសុទ្ធតែមានសមត្ថភាពរហូតមានការទទួលស្គាល់ជាអន្តរជាតិ​។

លោក ឯល ប៊ុណ្ណា ឱ្យដឹងទៀតថា កាលពីនៅមានព្រះជន្មព្រះបរមរតនកោដ្ឋធ្លាប់មានបន្ទូលថា៖ «ទ្រង់ធ្លាប់មានបន្ទូលផ្ទាល់តែម្ដងថា បទចំរៀងឥឡូវឃើញតែស្រែក…! ហើយជាការពិតបទចំរៀងរបស់យុវវ័យឥឡូវវាខុសពីទម្រង់ដើម។​ ដូច្នេះទាំងខ្ញុំនិងទ្រង់យើងខិតខំថែរក្សា និងអភិរក្សបទចម្រៀងមរតដើម ព្រោះបង្ហាញពីអត្តសញ្ញាណរបស់ជាតិយើង»។

មិនខុសពីបទចម្រៀងមរតដើមរបស់លោក ស៊ីន សាមុត អ្នកស្រី រស់ សេរីសុទ្ធា និងអ្នកចម្រៀងជំនាន់មុនឯទៀត បទចំរៀងជាច្រើនដែលជាព្រះរាជនិពន្ធ និងព្រះសូរសៀងដោយផ្ទាល់ពីព្រះបរមរតនកោដ្ឋ នៅតែមានគាំទ្រ និងពេញនិយមស្ដាប់ពីសំណាក់ពលរដ្ឋខ្មែរគ្រប់រូប។ បទទាំងនោះរួមមាន៖ ភ្នំពេញ ,ផ្កាយស្នេហា ,ទីកែប ,បុប្ឆាវៀងចន្ទន៍ ,រាត្រីដែលបានជួបភ័ក្ត្រ ជាដើម៕

ដោយ៖ អេង រាជនី

ads banner