ក្នុងពេលជិតមួយខែ អាជ្ញាធររកឃើញទីតាំងសង្ស័យមានល្បែងស៊ីសងខុសច្បាប់ជាងមួយម៉ឺនទីតាំង
ភ្នំពេញ៖ក្នុងរយៈពេលជិតមួយខែនៃយុទ្ធនាការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ អាជ្ញាធរកម្ពុជាបានចុះពិនិត្យទីតាំងសង្ស័យជាង១ម៉ឺនទីតាំងនៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងមហាផ្ទៃ» នៅព្រឹកថ្ងៃសុក្រ ទី១៤តុលា ឆ្នាំ២០២២ ឯកឧត្តម ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានអះអាងថា អាជ្ញាធរបានចុះពិនិត្យទីតាំងសង្ស័យរហូតដល់ជាង១ម៉ឺនទីតាំងទូទាំងរាជធានី-ខេត្ត។
លោកថា៖ «ពាក់ព័ន្ធនឹងលទ្ធផលនៃយុទ្ធនាការបង្រ្កាបល្បែងស៊ីសង យើងគិតពីថ្ងៃ១៥ ខែកញ្ញា ដល់ថ្ងៃ១៣ខែតុលាម្សិលមិញនេះ យើងបានចុះត្រួតពិនិត្យទីតាំងដែលសង្ស័យជាងមួយម៉ឺនទីតាំងលើ ២៥រាជធានី-ខេត្ត។ ក្នុងនោះយើងបានអនុវត្តវិធានការច្បាប់លើ ១២៧ទីតាំង លើ១១រាជធានី-ខេត្ត»។
បើតាមឯកឧត្តម ឆាយ គឹមឃឿន ករណីទាំងនេះ គឺសមត្ថកិច្ចបានបញ្ជូនសំណុំរឿងជាបន្តទៅតុលាការ ដើម្បីដោះស្រាយទៅតាមច្បាប់ ដោយមានមនុស្សចំនួន ២៧៣នាក់ ក្នុងនោះមានជនបរទេស ៥៦នាក់ ១១សញ្ជាតិ។
ដោយឡែកទីតាំងមួយចំនួនផ្សេងទៀត គ្រាន់តែជាការសង្ស័យក្នុងការលេងល្បែងស៊ីសងប៉ុណ្ណោះ។ លោក ឆាយ គឹមឃឿន បញ្ជាក់ថា៖ «អាហ្នឹងបើយើងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ក៏អត់មានភស្តុតាងគ្រប់គ្រាន់បញ្ជូនទៅដែរ។ ចឹងយើងធ្វើការអប់រំ ណែនាំ តែធ្វើកិច្ចសន្យា»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិដដែលបញ្ជាក់ទៀតថា បើទីតាំងទាំងនោះមានប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ នោះអាជ្ញាធរនឹងអនុវត្តច្បាប់។ ទីតាំងទាំងនោះមានប្រមាណជា ១០.០១០ទីតាំង ដែលបានធ្វើកិច្ចសន្យា និងមានពាក់ព័ន្ធជាមួយនឹងមនុស្សជាងមួយពាន់នាក់ផ្សេងទៀត។
គួរជម្រាបថា យុទ្ធនាការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ បានចាប់ផ្តើមអនុវត្តភ្លាម ក្រោយមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១៧កញ្ញា បានរយៈសារជាសំឡេង បានបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់មន្ត្រីថ្នាក់ក្រោមជាតិ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ ខណៈសកម្មភាពបើកល្បែងស៊ីសង ដែលជ្រកក្រោមស្លាកល្បែងឡូតូ និងមានអាជ្ញាបណ្ណស្របច្បាប់ បានរីករាលដាលនៅតាមហាងកាហ្វេ និងហាងគុយទាវជាដើម។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩កញ្ញា ក៏បានបើកកិច្ចប្រជុំដើម្បីរៀបចំយុទ្ធនាការបង្រ្កាប ខណៈដែលលោក ស ខេង ដែលជារដ្ឋមន្ត្រី បានចាត់ទុកករណីល្បែងស៊ីសងខុសច្បាប់ ថាជាជំងឺមហារីកសង្គម ដែលទាមទារដំណោះស្រាយជាបន្ទាន់៕
ដោយ៖សេក ប្រាក់