កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ត្រូវបានប្រារព្ធនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង សាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។
កិច្ចប្រជុំនឹងប្រព្រឹត្តិទៅពីថ្ងៃ ទី១៦-១៧ ខែតុលា ឆ្នាំ២០២២នេះ។
កិច្ចប្រជុំនេះក្នុងគោលបំណង៖ ទី១. ពិនិត្យការអនុវត្តផែនការ យុទ្ធសាស្រ្តដឹកជញ្ជូន គូឡាឡុំពូរ ២០១៦-២០២៥ (Kuala Lumpur Transport Strategic Plan 2016-2025, KLTSP-2025), ទី២. កំណត់ទិសដៅ និងផែនការសកម្មភាព សម្រាប់ ការអនុវត្តផែនការ KLTSP-2025 នៅក្នុងឆ្នាំ២០២៣ និង ទី៣. ពិនិត្យ សម្រេចលើរបាយការណ៍នៃកិច្ចប្រជុំ ឧត្តមមន្ត្រីដឹក ជញ្ជូនអាស៊ានលើកទី៥៤ ដែលទើបបញ្ចប់ថ្មីៗ។
កិច្ចប្រជុំពេញអង្គនៃរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៨នេះ បាន ពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះ ស្រាយនៅគ្រប់វិស័យដឹកជញ្ជូនទាំងអស់រួមមាន៖ ១. ការដឹកជញ្ជូន ផ្លូវ អាកាស, ២. ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ, ៣. ការដឹក ជញ្ជូន ផ្លូវគោក, ៤. ការសម្រប សម្រួលការដឹកជញ្ជូន និង ៥. ការដឹក ជញ្ជូន ប្រកបដោយនិរន្តរភាព។
ជាមួយគ្នានោះ កិច្ចប្រជុំពេញអង្គនេះ ក៏នឹងត្រៀមពិភាក្សាផងដែរ អំពីការងារដែលត្រូវអនុវត្តបន្ត ជាពិសេស កិច្ចសហប្រតិបត្តិការជា មួយដៃគូសន្ទនានានាដូចជា៖ ជប៉ុន ចិន កូរ៉េ សហគមន៍អ៊ឺរ៉ុបជាដើម ក្នុង គោល បំណងស្វែងរកប្រភពថវិកា និងជំនួយបច្ចេកទេស ដើម្បីភាពជោគជ័យក្នុងភារកិច្ច អនុវត្ត KLTSP-2025។
គួរកត់សម្គាល់ថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូន អាស៊ាន លើកទី២៨នេះ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន ក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួនពីរគឺ៖ ១. កិច្ចព្រមព្រៀងអាស៊ាន ស្តីពីកិច្ច សហប្រតិបត្តិការរុករកនិងសង្រ្គោះ តាមផ្លូវអាកាសនិងផ្លូវសមុទ្រ (The ASEAN Agreement on Aeronautical and Maritime Search and Rescue Cooperation, SAR)និង ២. កិច្ចព្រម ព្រៀង គ្រប់ ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាង រដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអ៊ឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន (The ASEAN-EU Comprehensive Air Transport Agreement, AE CATA)៕ដោយ៖សេឌី