លោកបៃដិន គ្មានគម្រោងជួបរាជបុត្រអារ៉ាប៊ីសាអូឌីត នៅឯកិច្ចប្រជុំ G20នោះទេ
អាមេរិក៖ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្មានគម្រោងជួបជាមួយព្រះរាជបុត្រស្នងរាជ្យអារ៉ាប៊ីសាអ៊ូឌីត ម៉ូហាមេដ បេនសាលម៉ាន នៅឯកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ ហៅកាត់ថា G20 នៅក្នុងប្រទេសឥណ្ឌូណេស៊ី នាខែវិច្ឆិកាខាងមុខនោះទេ។ នេះបើតាមការអះអាងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) នៅថ្ងៃអាទិត្យ ទី១៦ ខែតុលាឆ្នាំ២០២២។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានជួបភាពតានតឹងនឹងគ្នាក្នុងពេលថ្មីៗនេះ ដោយសារតែទីក្រុងរីយ៉ាដ បានសម្រេចកាត់បន្ថយការផលិតប្រេងក្នុងចំនួនដ៏ច្រើន ដោយមិនខ្វល់ពីការទាមទាររបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។ឆ្លើយតបនឹងជំហររបស់អារ៉ាប៊ីសាអូឌីតនេះ លោកប្រមុខសេតវិមានអាមេរិក បានព្រមានអំពីផលវិបាក តែមិនបានបញ្ជាក់ច្បាស់លាស់ថាជាផលវិបាកបែបណាទេ។
សេចក្តីសម្រេចរបស់ OPEC+ ដែលមានសមាជិក ១៣ប្រទេសជាអ្នកផលិតប្រេង ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងដៃគូ១០ប្រទេស ដឹកមុខដោយរុស្ស៊ី នឹងកាត់បន្ថយទិន្នផលប្រេងពិភពលោកមកត្រឹម ២ លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកាខាងមុខ។
ចំណាត់ការនេះនឹងធ្វើឱ្យតម្លៃថាមពលកើនឡើង នៅចំពេលមានវិបត្តិថាមពលបង្កឡើងដោយសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន និងនៅខណៈដែលអ្នកបោះឆ្នោតអាមេរិកដែលកំពុងធុញទ្រាន់នឹងអតិផរណា កំពុងរៀបចំទៅបោះឆ្នោតក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ការសម្រេចរបស់ OPEC+ ត្រូវបានគេមើលឃើញថាហាក់បីដូចជាការទះកំផ្លៀងខាងកាទូតលើសហរដ្ឋអាមេរិក។ ក្រុមអ្នកប្រជាធិបតេយ្យនៃរដ្ឋបាលរបស់លោក បៃដិន ដែលខឹងសម្បា បានបង្ហាញពីជំហរគាំទ្ររបស់ពួកគេចំពោះវិធានការសងសឹកដើម្បីឆ្លើយតបទៅវិញ។
ក៏ប៉ុន្តែ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ស៊ូលីវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងមិនធ្វើសកម្មភាពច្រឡោងខាមណាមួយនោះទេ។
គួរជ្រាបថា សេតវិមានអាមេរិក បានចោទប្រកាន់ក្រុមប្រទេសផលិតប្រេង OPEC+ ថាកំពុងរួមដៃជាមួយរុស្ស៊ីកាត់បន្ថយការបូមប្រេង ដោយនិយាយថាពួកគេ នឹងបង្កើនប្រាក់ចំណូលរបស់ទីក្រុងមូស្គូនិងធ្វើឱ្យប៉ះពាល់ដល់ការដាក់ទណ្ឌកម្មលើរុស្ស៊ី ចំពោះទង្វើឈ្លានពានលើអ៊ុយក្រែន។
មន្ត្រីអារ៉ាប៊ីសាអូឌីត បានការពារសេចក្តីសម្រេចនេះ ដោយអះអាងថាវាជាការជំរុញដោយសេដ្ឋកិច្ចសុទ្ធសាធ មិនមែនពាក់ព័ន្ធរឿងនយោបាយទេ។
ឥឡូវនេះ ទំនាក់ទំនងតានតឹងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត បានឈានឡើងមួយកម្រិតទៀត។ ជាក់ស្តែង ការចរចារបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងធនាគារកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន បានបិទកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយគ្មានសម្រេចបានសេចក្តីថ្លែងការណ៍រួមឡើយ។
គួរជ្រាបដែរថា ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃក្រុមប្រទេស G20 គ្រោងនឹងជួបប្រជុំគ្នានៅខែក្រោយ ឯកោះបាលីប្រទេសឥណ្ឌូណេស៊ី ក្នុងកិច្ចប្រជុំកំពូលមួយដែលគេអាចមើលឃើញវត្តមានរបស់លោក ចូ បៃដិន រួមជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងគូប្រជែងមួយទៀត គឺមេដឹកនាំចិនលោក ស៊ី ជីងពីន៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖ Biden has ‘no plans’ to meet Saudi crown prince at G20 summit: US official