សម្តេចតេជោ ហ៊ុន សែន ៖ គម្រោងបេសកកម្មចុះជួបប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាប មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោតទេ
កណ្តាល៖ ក្នុងឱកាសអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ចំពោះគម្រោងបេសកកម្ម អញ្ជើញចុះជួបពលរដ្ឋនៅជុំវិញបឹងទន្លេសាបប៉ុន្មានថ្ងៃខាងមុខនេះ មិនមែនជាយុទ្ធនាការឃោសនាបោះឆ្នោតទេ គឺជាការចុះជួប ផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥តុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នឹងមានបេសកកម្មអញ្ជើញទៅកាន់ខេត្តចំនួន៤ ជុំវិញបឹងទន្លេសាប ដើម្បីជួយដោះស្រាយការលំបាកជូនប្រជាជន ជាពិសេសដោះស្រាយឆ្លើយតបទៅនឹងការរៀបចំលំនៅដ្ឋានថ្មីជូនអ្នករុនតាឯក និងពាក់ស្នែង ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីដ្ឋានអង្គរ និងមួយផ្នែកទៀតអញ្ជើញចុះជួបសួរសុខទុក្ខ និងដោះស្រាយចែកស្រូវពូជជូនកសិករដែលរងគ្រោះខូចដំណាំស្រូវ និងផលដំណាំដោយសារគ្រោះទឹកជំនន់ រួមទាំងកិច្ចការសំខាន់ៗជាច្រើនទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកំពុងតែវេទនា អ៊ីចឹងទុកឱ្យប្រជាជនរងគ្រោះ ហើយនាយករដ្ឋមន្ត្រីនៅស្ងៀមឬយ៉ាងម៉េច? ទេសរដ្ឋមន្ត្រីនានា កំពុងតែធ្វើដំណើរជុំវិញប្រទេស ដើម្បីចែកស្រូវពូជ ចែកស្បៀងអាហារដល់ពលរដ្ឋកំពុងតែជួបបញ្ហា ៕ ដោយ វណ្ណលុក