Tesla រកចំណេញច្រើនជាងពីរដង ខណៈចំណូលដុលជាងបីពាន់លានដុល្លារនៅត្រីមាសទី៣ឆ្នាំនេះ
អាមេរិក៖ក្រុមហ៊ុន Tesla បានរាយការណ៍កាលពីថ្ងៃពុធ ទី១៩ ខែតុលាថា ប្រាក់ចំណេញនៅត្រីមាសទីបីរបស់ខ្លួនបានកើនឡើងទ្វេដងធៀបនឹងឆ្នាំមុន។ ជាការកើនឡើង ដោយសារកំណើននៃការលក់រថយន្តកាន់តែខ្ពស់។
ក្រុមហ៊ុនផលិតរថយន្ត និងផ្ទាំងសូឡានៅអូស្ទីន( Austin) រដ្ឋតិចសាស សហរដ្ឋអាមេរិកមួយនេះ បានប្រកាសប្រាក់ចំណូលសុទ្ធចំនួន ៣.២៩ប៊ីលានដុល្លារ គិតចាប់ពីខែកក្កដា ដល់ខែកញ្ញា។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺមហាសេដ្ឋីអាមេរិកលោក អេឡុន ម៉ាស់(Elon Musk) បានថ្លែងនៅក្នុងសន្និសីទប្រចាំត្រីមាសរបស់ក្រុមហ៊ុនថា Tesla កំពុងពិចារណាចំពោះការទិញភាគហ៊ុនមកវិញសម្រាប់ឆ្នាំក្រោយក្នុងទំហំជាទឹកប្រាក់ពី៥ប៊ីលានដុល្លារ ទៅ១០ប៊ីលានដុល្លារ បើទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះក៏ដោយ។
ក្រុមហ៊ុន Tesla រកចំណេញបាន ១.០៥ដុល្លារក្នុងមួយហ៊ុន ដែលលើពីការព្យាករទុករបស់ Wall Street ដែលបញ្ជាក់ថា ក្រុមហ៊ុននេះអាចរកបានចំណេញតែមួយដុល្លារក្នុងមួយហ៊ុនប៉ុណ្ណោះ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើង ៥៦ភាគដល់កំណត់ត្រា ២១.៤៥ប៊ីលានដុល្លារ ប៉ុន្តែទាបជាងការប៉ាន់ស្មាន ដែលថាក្រុមហ៊ុននឹងរកប្រាក់ចំណូលមធ្យម ២១.៩៨ប៊ីលានដុល្លារ។
កាលពីដើមខែតុលានេះ Tesla បានរាយការណ៍ពីការលក់រថយន្តកើនឡើង ៣៥ភាគរយសម្រាប់រយៈពេលពីខែកក្កដា ដល់ខែកញ្ញា ប្រៀបធៀបទៅនឹងត្រីមាសទីពីរនៃឆ្នាំ២០២២ ខណៈដែលរោងចក្រដ៏ធំរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិនមានបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ដោយសារការរឹតបន្តឹងជំងឺរាតត្បាតកូវីដ១៩។ ក្រុមហ៊ុនបានលក់រថយន្តអគ្គិសនីចំនួន ៣៤៣,៨៣០គ្រឿង នៅក្នុងត្រីមាសទីបី កន្លងទៅ ខណៈដែលការលក់ក្នុងត្រីមាសទី២ ពីខែមេសា ដល់ខែមិថុនា មានត្រឹមតែ ២៥៤,៦៩៥គ្រឿង។
មកដល់ពេលនេះក្រុមហ៊ុនបានចែកចាយរថយន្តបានចំនួន៩០៨,៥៧៣គ្រឿងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្រុមហ៊ុនបានចែកចាយរថយន្តចំនួន៩៣៦,០០០គ្រឿង។ ដើម្បីបង្កើនការលក់ ៥០ភាគរយលើសពីការលក់កាលពីឆ្នាំមុន គឺក្រុមហ៊ុនត្រូវលក់រថយន្តឲ្យបានចំនួន ១.៤លានគ្រឿង ដូច្នេះក្រុមហ៊ុននឹងត្រូវលក់រថយន្តច្រើនជាង ៤៩០,០០០គ្រឿងទៀតក្នុងត្រីមាសទី៤។
ក្រុមហ៊ុន Tesla ក៏បានបញ្ជាក់ថា មុខងារបើកបរដោយខ្លួនឯងនឹងទៅដល់ដៃអ្នកប្រើប្រាស់គ្រប់គ្នាចំពោះតែអ្នកដែលបានបញ្ជាទិញនៅចុងឆ្នាំនេះ។ បច្ចុប្បន្នមុខងារនេះ កំពុងតែស្ថិតនៅក្នុងដំណាកកាលសាកល្បងលើរថយន្តចំនួន ១៦០,០០០។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៦.៣ភាគរយក្នុងម៉ោងជួញដូរនាថ្ងៃពុធ ទី១៩ ខែតុលា ក្រោយពីក្រុមហ៊ុននេះប្រកាសពីទំហំនៃការលក់ក្នុងត្រីមាសទី៣ ដែលមិនដូចទៅនឹងការព្យាកររបស់ Wall Street។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះ ៣៧ភាគក្នុងរយៈពេលមួយឆ្នាំនេះ ដែលមួយចំណែកធំគឺដោយសារលោក Musk ប្រកាសយកប្រាក់ ៤៤ប៊ីលានទិញបណ្តាញសង្គម ធ្វីតធ័រ(Twitter)៕
ដោយ៖យ៉ាន អាន