អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី កាត់ទឹកដីខ្មែរឱ្យទៅជនបរទេស គឺជាទង្វើក្បត់ជាតិ
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅថ្ងៃទី២០ ខែតុលានេះថា សេចក្តីសម្រេចផ្តន្ទាទោសជនជាប់ចោទ សម រង្ស៊ី ដាក់ពន្ធនាគារអស់មួយជីវិត ពីបទប៉ុនប៉ងកាត់ទឹកដីខ្មែរចំនួន៤ខេត្ត ឱ្យទៅជនបរទេស គឺបានបង្ហាញអំពីជំហរនៃការអនុវត្តច្បាប់ច្បាស់លាស់របស់ប្រព័ន្ធតុលាការកម្ពុជា ដែលបញ្ជាក់អំពីការពារនូវអធិបតេយ្យភាពទឹដីរបស់កម្ពុជា ដែលជាកម្មសិទ្ធិរួមរបស់ប្រជាពលរដ្ឋកម្ពុជា ពីព្រោះទឹកដីនៃប្រទេសជាតិរបស់យើង មិនមែនអ្នកនយោបាយណាម្នាក់ មិនមែនបុគ្គលណាម្នាក់ ចេះតែទៅចុះហត្ថលេខាជាមួយជនបរទេសសម្រេចចិត្តជាជាលក្ខណៈបុគ្គល ឬជាក្រុមរបស់ខ្លួននោះ ទៅប្រគល់ឱ្យជនបរទសមួយណាមួយតាមអំពើចិត្តបានទេ។
ទង្វើរបស់ទណ្ឌិត សម រង្ស៊ី គឺជាទង្វើក្បត់ជាតិ ពីព្រោះក្នុងឋានៈខ្លួនត្រឹមតែជាអ្នកនយោបាយ ត្រឹមតែជាមេបក្សនយោបាយ គ្មានបុព្វសិទ្ធិ និងសិទ្ធិណាដែលអាចទៅចុះជាមួយនឹងជនបរទេស ដើម្បីសម្រេចកាត់ទឹកដីកម្ពុជាទៅឱ្យបរទេសណាមួយតាមអំពើចិត្តទេ។ កុំថាឡើយខ្លួនត្រឹមជាអ្នកនយោបាយ ជាប្រធានបក្សនយោបាយ សូម្បីតែសមាជិករដ្ឋសភា ប្រធានរដ្ឋសភា ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសក៏មិនអាចទៅកាត់ទឹកដីខ្លួនឯងទៅឱ្យបរទេសណាតាមអំពើចិត្តដែរ សូម្បីតែមួយចម្រៀកសក់។ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បានសម្រេចកាត់ទឹកដីខ្មែររហូតដល់ទៅ៤ខេត្តឱ្យទៅជនជាតិម៉ុងតាញ៉ា។ ទង្វើនេះ ស័ក្តិសមណាស់ទៅហើយដែលត្រូវទទួលទោសអស់មួយជីវិត។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តថា ការទទួលទោសជាប់ពន្ធនាគារអស់មួយជីវិតនេះ ចាត់ទុកជាទោសស្រាលហើយ ពីព្រោះទោសក្បត់ជាតិបើគិតពីសម័យដើម គឺប្រហារជីវិតទាំងពូជ ទាំង៧សណ្តានឯណោះ ប៉ុន្តែកម្ពុជាគ្មានច្បាប់ប្រហារជីវិតទេ មានតែដាក់ទោសអស់មួយជីវិត។ ប៉ុន្តែទោសក្បត់ជាតិសូមជម្រាបថា បើសិនជានៅក្នុងច្បាប់របស់កម្ពុជាពីដើម នៅក្នុងប្រវត្តិសាស្ត្រ គឺត្រូវតែកាត់ទោសប្រហារជីវិតហើយ គឺមួយពូជតែម្តង។ សាលក្រមនេះបានសម្រេច គឺបានបង្ហាញអំពីជំហររបស់ប្រព័ន្ធតុលាការកម្ពុជាដែលបញ្ជាក់អំពីការការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា និងការពារនូវឯករាជ្យជាតិរបស់កម្ពុជាដែលមិនអាចអ្នកណាម្នាក់មកបំបែកបានទេ ហើយដែលមិនអាចអ្នកណាម្នាក់មកពុះជ្រៀកទឹកដីកម្ពុជាមួយជំរៀកណាមួយប្រគល់ទៅឱ្យជនបរទេសណាបានជាដាច់ខាត។
លោក សួន សេរីរដ្ឋា បានបន្តទៀតថា បន្ថែមពីលើការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនេះ គឺស្របតាមបញ្ញត្តិនៃមាត្រាច្បាប់ ៤៥០ និងមាត្រា ៥៥ នៃក្រមព្រហ្មទណ្ឌ គឺសាលក្រមបានសម្រេចដកសិទ្ធិធ្វើនយោបាយជាស្ថាពរពីបុគ្គល សម រង្ស៊ី។ ក្នុងនោះរួមទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងៗទៀតផងដែរ ពីព្រោះថា កម្ពុជាមិនអាចផ្តល់សិទ្ធិនយោបាយឱ្យជនណាម្នាក់ដែលជាបុគ្គលក្បត់ជាតិធ្វើនយោបាយក្បត់ជាតិសាសន៍ខ្លួនឯង រំលោភច្បាប់រដ្ឋធម្មនុញ្ញ ហើយប្រមាថអង្គព្រះហាក្សត្រ។
ក្រៅអំពីប្រហើនហ៊ានទៅចុះហត្ថលេខាជាមួយក្រុមជនបរទេសសម្រេចកាត់ទឹកដីខេត្តចំនួន៤ របស់ខ្មែរឱ្យទៅម៉ុងតាញ៉ា គឺបានរំលោភប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល និងបានធ្វើការអំពាវនាវដោយចំហឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធងើបឡើងប្រឆាំងទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះកម្ពុជាអត់ត្រូវការអ្នកនយោបាយបែបនេះទេ។ លោកបានបញ្ជាក់ថា ចំពោះការដកសិទ្ធិធ្វើនយោបាយ ជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត ទាំងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត គឺជាការការពារនូវអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា សន្តិសុខជាតិរបស់កម្ពុជា ដើម្បីធានាឱ្យកម្ពុជាមានអ្នកនយោបាយដែលល្អត្រឹមត្រូវគិតអំពីផលប្រយោជន៍ជាតិ គិតពីការការពារទឹកដី អធិបតេយ្យភាព និងបូរណភាពប្រទេសជាតិ គិតអំពីសុខសន្តិភាពរបស់ប្រជាពលរដ្ឋ…៕
ដោយ៖ពលជ័យ