ស្ត្រីវ័យក្មេង ជាក្រុមមនុស្សប្រឈមខ្ពស់ចំពោះមហារីកសុដន់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មហារីកសុដន់ជាជំងឺមួយដ៏កាចសាហាវ និងវិវត្តិជាដំណាក់កាលធ្ងន់ធ្ងរទៅៗ ប៉ុន្តែបែរជាមិន សូវ​ទទួលបានការយក ចិត្តទុកដាក់ពីមនុស្សស្រីវ័យក្មេង ឬនិយាយឱ្យស្រួលស្ដាប់ថាវ័យមិនទាន់​មាន​គ្រួសារ។ ថ្វីត្បិតតែ ជំងឺមហារីកសុដន់ត្រូវបានកើតភាគច្រើនលើស្ត្រីវ័យ៤០ ទៅ៧០ ឆ្នាំ ប៉ុន្តែក៏មិន​មែនមានន័យថា មនុស្សស្រីវ័យក្រោម ៤០ មិនមានអ្វីត្រូវបារម្ភនោះទេ។

ផ្ទុយទៅវិញ ប្រភេទជំងឺមហារីកសុដន់ដែលកាចសាហាវច្រើនតែកើតលើមនុស្សស្រីវ័យក្មេង ជាងស្រ្តី វ័យចំណាស់ ដែលមូលហេតុចម្បងគឺការធ្វេសប្រហែសលើការតាមដានសុខភាពជាប្រចាំ និងខ្វះការ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។

ក្នុងឱកាសនៃការធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមការរៀបចំរួមគ្នា​របស់ EuroCham, AusCham, BritCham, និង Amcham ដើម្បីគាំទ្រ និងលើកកម្ពស់បណ្ដាញ សម្រាប់ស្ត្រីកាលពីថ្ងៃទី២០តុលាកន្លងទៅ ឃើញថាការចូលរួមជាក់ស្ដែងមានភាគតិចបំផុតដែលជា មនុស្សស្រីវ័យក្មេង។ ក្នុងចំណោមស្រ្តីដែលចូលរួមព្រឹត្តិការណ៍នេះប្រមាណជាង ១០០នាក់ គេឃើញ​ភាគច្រើនជាអ្នកដែលមានគ្រួសារជាអ្នកដែលមានកូន និងជាអ្នកដែលយល់ថាវ័យរបស់ខ្លួន​ត្រូវការ​យល់ដឹង ដើម្បីប្រុងប្រយ័ត្នចំពោះជំងឺនេះ។

សម្រាប់វ័យមនុស្សស្រីវ័យចន្លោះ ២០ ទៅ ៣០ឆ្នាំ គឺមិនសូវជាមាននោះទេ។ ហើយអវត្ត មាន​មនុស្ស​ស្រីវ័យក្មេងក្នុងព្រឹត្តិការណ៍បញ្ជ្រាបចំណេះដឹងដ៏សំខាន់នេះ គឺអាចមានមូលហេតុច្រើន។

កញ្ញា បៀន សីនៈ  ដែលជានិស្សិតកំពុងសិក្សាឆ្នាំទី៤ បានយល់ឃើញថា ការធ្វេសប្រហែសរបស់ក្មេង ស្រីដែលមិនទាន់រៀបការគឺអាចមកពីកត្តាខ្លួនគាត់ផ្ទាល់ដែលមិនសូវខ្វល់ខ្វាយពីបញ្ហាសុខភាព និង​អាចថាមកពីជំងឺនេះជាប្រភេទជំងឺដែលសំងំក្នុងខ្លួនយូរ និងមិនបញ្ចេញរោគសញ្ញាភ្លាមៗ។

ខ្លួនកញ្ញាផ្ទាល់ ក៏ទើបតែចាប់ផ្ដើមយកចិត្តទុកដាក់លើជំងឺនេះនៅក្នុងឆ្នាំនេះដូចគ្នា ពោលគឺក្នុងអំឡុង ពេលខែតុលា ដែលជាខែនៃការប្រារព្ធយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីជំងឺមហារីកសុដន់។ យុវតីរូប នេះក៏ថែមទាំងធ្លាប់គិតថា ជំងឺមហារីកសុដន់គឺកើតចំពោះតែលើស្ត្រីវ័យចំណាស់ផងដែរ។

ប៉ុន្តែបន្ទាប់ពីការស្វែងយល់ថ្មីៗនេះ ធ្វើឱ្យកញ្ញាបានដឹងព័ត៌មានបន្ថែមទាក់ទងនឹងជំងឺដ៏កាចសាហាវ មួយនេះ។ កញ្ញា បៀន សីនៈ ៖ «ខ្ញុំយល់ថា ជារឿងសំខាន់ក្នុងការគិតគូរពីជំងឺនេះ ទោះខ្ញុំមិនទាន់​មានគ្រួសារក៏ដោយ…តាមខ្ញុំដឹងវាក៏អាចកើតលើក្មេងស្រីដែរ។ជាពិសេសកើតឡើងតាមតំណពូជតែម្ដង!។ ខ្ញុំខ្លួនឯងក៏មានការប្រុងប្រយ័ត្នដូចគ្នា តាមរយៈការតាមដាន និងស្ទាបរកដុំក្នុងសុដន់ជាប្រចាំ»។

រីឯកញ្ញា សំអឿន និស្ស័យបុណ្យ វិញក៏ទទួលស្គាល់ថាខ្លួនក៏ទើបតែបានស្វែងយល់ពីជំងឺនេះដូចគ្នា ខណៈដែលខ្លួនមានអាយុ២២ឆ្នាំហើយ។ប៉ុន្តែយ៉ាងណាកញ្ញាបានស្វែងយល់ច្រើននិងព្យាយាម ពិនិត្យ​​តាមដានសុខភាពរាងកាយខ្លួនជាប្រចាំផងដែរ។

យុវតី និស្ស័យបុណ្យ៖ «ពីមុនខ្ញុំយល់ថា ជំងឺនេះវាកើតឡើងតែលើស្រ្តីអាយុ ៥០ឆ្នាំអីទេ តែក្រោយមក ក៏បានស្វែងយល់ដឹងថា វាអាចកើតលើមនុស្សស្រីវ័យ២០ឆ្នាំ ដែលមិនទាន់មានគ្រួសារបានដូចគ្នា» ។

យុវតីដដែលបន្ត៖ «ខ្ញុំយល់ថាក្មេងស្រីគាត់មានការខ្មាស់អៀនច្រើន ដែលមិនសូវហ៊ាននិយាយរឿង បែបនេះដោយបើកចំហរ ក៏អាចមកពីបញ្ហាមិនមានទំនុកចិត្តក្នុងការជជែកជាមួយគ្រូពេទ្យផងដែរ ព្រោះស្រុកយើងមិនសូវទាន់ទូលំទូលាយរឿងការព្យាបាលស្រាប់»។

បើតាមលោកវេជ្ជបណ្ឌិតJason A. Logan ដែលជាវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅប្រចាំនៅ មជ្ឈមណ្ឌល​​​វេជ្ជសាស្ត្រ​សិង្ហបុរី-កម្ពុជាបានឱ្យដឹងថាការឆ្លុះអេកូជាទៀងទាត់គឺជាការ​ធ្វើតេស្ត​ដ៏ល្អ​បំផុត ក្នុងការរកជំងឺមហារីកសុដន់នៅដំណាក់កាលដំបូង ប៉ុន្តែពេលខ្លះវាទាមទាររយៈពេលរហូត​ដល់បី ឆ្នាំទម្រាំតែអ្នកជំងឺអាចដឹងខ្លួន។ ហេតុដូច្នេះហើយបានជា ករណីកើតឡើងចំពោះក្មេងស្រី​ច្រើនតែ​ជា​​ករណីធ្ងន់ធ្ងរដែលពិបាកព្យាបាល។

តាមរយៈករណីនេះ លោកវេជ្ជបណ្ឌិតរូបនេះបានសុំឱ្យមានការយកចិត្តទុកដាក់ច្រើនជាងមុនលើ បញ្ហានេះ មិនថាកំពុងស្ថិតក្នុងវ័យណាឡើយ ព្រោះវាជារឿងដែលមិនអាចដឹងមុន និងកាន់តែគ្រោះ ថ្នាក់ប្រសិនបើអ្នកជំងឺមិនបានតាមដានខ្លួនឯងជាប្រចាំ។

ចំនួន​ ២៣ភាគរយ នៃប្រជាជនបានស្លាប់មុនអាយុ៧០  ឆ្នាំដោយសារតែជំងឺមួយក្នុងចំណោមជំងឺមិន​ឆ្លង​ចំនួនបួន(ជំងឺសរសៃឈាមបេះដូង២៤%,មហារីក១៤%,ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ៤%, ជំងឺទឹកនោមផ្អែម ២%) ។ ចំនួន​នេះ​កំពុង​កើន​ឡើង ហើយក៏​ជា​មូលហេតុ​នៃ​ការ​ស្លាប់​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​ស្លាប់​ទាំង​អស់​នៅ​កម្ពុជា។ នេះបើតាមប្រសាសន៍របស់លោកជំទាវ អ៊ឹង កន្ថាផាវី ថ្លែងនៅក្នុង​យុទ្ធនាការ បញ្ជ្រាប​ការយល់ដឹងពីជំងឺមហារីកសុដន់ ក្រោមមូលបទ «Think Pink Wear Pink»។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រសួងសុខាភិបាលបង្ហាញថា ជំងឺមហារីកដែល​នាំមុខគេសម្រាប់ស្ត្រីគឺ មហារីកសុដន់ (២០.៥០%) បន្ទាប់មកគឺមហារីកមាត់ស្បូន (១៨.៩៣%) មហារីកពោះវៀនធំ (៤.៧៧%) និងមហារីកសួត (៤.៦១%) និងមហារីកថ្លើម (៣.៤៣%)៕ដោយ៖កែវ បុស្ប៉ា

ads banner