អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ព្រមានឆ្លើយតបយ៉ាងចាស់ដៃ ប្រសិនបើកូរ៉េខាងជើងហ៊ានធ្វើតេស្តនុយក្លេអ៊ែរ
សេអ៊ូល៖សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច បានព្រមានកូរ៉េខាងជើងនៅថ្ងៃពុធ ទី២៦ ខែតុលានេះ អំពីការឆ្លើយតបវិញយ៉ាងចាស់ដៃ ប្រសិនបើកូរ៉េខាងជើងហ៊ានធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧។ ការព្រមាននេះ ធ្វើឡើងដោយសារតែទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តជឿជាក់ថា កូរ៉េខាងជើងអាចនឹងចាប់ផ្ដើមធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញជាលើកដំបូង រាប់ចាប់តាំងពីឆ្នាំ២០១៧។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun-dong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងអនុរដ្ឋមន្ដ្រីនៃប្រទេសទាំងបី នៅទីក្រុងតូក្យូថា៖ «យើងបានព្រមព្រៀងគ្នាថា មាត្រដ្ឋាននៃការឆ្លើយតបយ៉ាងចាស់ដៃ គឺជារឿងដែលចាំបាច់ត្រូវធ្វើ ប្រសិនបើកូរ៉េខាងជើង ជំរុញការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីរ»។ លោក Cho ថ្លែងដូច្នេះ ដោយមានវត្តមានសមភាគីជប៉ុន គឺលោក Takeo Mori និងអនុរដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman នៅក្បែរផង។
ជាលើកដំបូងចាប់តាំងពីកូរ៉េខាងជើងចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០០៦ ប្រទេសចិន និងរុស្ស៊ីនៅឆ្នាំ២០២២នេះ បានប្រើសិទ្ធិវេតូចំពោះសំណើផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក ដើម្បីឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត កាលពីពេលថ្មីៗនេះ បានធ្វើសមយុទ្ធយោធា ដែលត្រូវបានឆ្លើយតបវិញដោយការបាញ់សាកល្បងមីស៊ីលបន្ថែមទៀតរបស់កូរ៉េខាងជើង។
អនុរដ្ឋមន្ដ្រីការបរទេសអាមេរិក លោកស្រី Sherman បាននិយាយថា៖ «យើងជំរុញឱ្យ [កូរ៉េខាងជើង] ជៀសវាងពីការបង្កហេតុបន្ថែមទៀត»។ ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង ត្រូវបានលោកស្រី Sherman ចាត់ទុកថាជាទង្វើផ្គើន និងបង្កអស្ថិរភាពយ៉ាងខ្លាំងសម្រាប់តំបន់។ បើតាមអនុរដ្ឋមន្ដ្រីការបរទេសអាមេរិក ការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ផ្ដល់ផលប៉ះពាល់ដល់សន្តិសុខនៃពិភពលោកទាំងមូល។ លោកស្រី Sherman៖ «យើងសង្ឃឹមថា គ្រប់គ្នានៅក្នុងក្រុមប្រឹក្សាសន្តិសុខនឹងយល់ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ នឹងផ្លាស់ប្តូរពិភពលោកបាន»។
ពីភាគីចិនវិញ ឆ្លើយតបនឹងការព្រមានរបស់អនុរដ្ឋមន្ដ្រីការបរទេសនៃប្រទេសសម្ព័ន្ធមិត្តទាំង៣ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអំពាវនាវឱ្យប្រទេសទាំងអស់ទទួលស្គាល់នូវឫសគល់នៃបញ្ហាដែលជាប់គាំងយូរអង្វែង ហើយចាត់វិធានការដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងដោះស្រាយកង្វល់របស់ភាគីទាំងអស់ប្រកបដោយតុល្យភាព។
ប្រទេសកូរ៉េខាងជើងបានបន្តធ្វើការសាកល្បងអាវុធក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក នៅក្នុងឆ្នាំនេះ ដោយបានបាញ់មីស៊ីលផ្លោងជាងពីរគ្រាប់ រួមទាំងមីស៊ីលមួយដែលបានហោះពីលើប្រទេសជប៉ុនផងដែរ។ ដោយខឹងសម្បារនឹងសកម្មភាពយោធារបស់កូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុនបានបាញ់ផ្លោងកាំភ្លើងធំរាប់រយគ្រាប់ចេញពីឆ្នេរសមុទ្ររបស់ខ្លួន ដើម្បីជាការព្រមានក៏ដូចជាបង្ហាញសាច់ដុំរបស់ខ្លួន ដល់កូរ៉េខាងត្បូង។
កាលពីខែកញ្ញា នាវា USS Ronald Reagan របស់អាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងកម្លាំងកូរ៉េខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ ជាសមយុទ្ធយោធារួមគ្នាជាលើកដំបូង ដែលមានការចូលរួមដោយនាវាផ្ទុកយន្តហោះអាមេរិក ចាប់តាំងពីឆ្នាំ ២០១៧។
អនុរដ្ឋមន្ដ្រីការបរទេសជប៉ុន លោក Takeo Mori បានឱ្យដឹងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ លោក Mori៖ «យើងបានយល់ព្រមពង្រឹងបន្ថែមទៀតនូវសមត្ថភាពរារាំង និងការឆ្លើយតប នៃសម្ព័ន្ធភាពជប៉ុន-សហរដ្ឋអាមេរិក និងសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង និងដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមទៀតក្នុងចំណោមប្រទេសទាំងបី»។
ជុំវិញភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងតៃវ៉ាន់ លោកស្រី Sherman បានរំឭកឡើងវិញនូវជំហររបស់សហរដ្ឋអាមេរិកថា ខ្លួនមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ ប៉ុន្តែថា ខ្លួនក៏នឹងមិនបញ្ឈប់កិច្ចសហការជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីជួយតៃវ៉ាន់ការពារខ្លួននោះដែរ។ លោកស្រី Sherman៖ «សហរដ្ឋអាមេរិកបាននិយាយជាសាធារណៈម្តងហើយម្តងទៀតថា យើងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ ប៉ុន្តែយើងចង់ធានាឱ្យបាននូវសន្តិភាព។ ដូច្នេះយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីគាំទ្រតៃវ៉ាន់ និងធ្វើការជាមួយប្រទេសជប៉ុន និងជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីធានាសន្តិភាពរបស់តៃវ៉ាន់»។
ដោយឡែក នៅក្នុងកិច្ចប្រជុំបក្សកុម្មុយនីស្តមួយខែនេះ ប្រធានាធិបតីចិនស៊ី ជីនពីង( Xi Jinping) បានអំពាវនាវឱ្យពន្លឿនផែនការរបស់ចិនក្នុងការកសាងសមត្ថភាពយោធាលំដាប់ពិភពលោក និងបានព្រលយឱ្យដឹងថា ប្រទេសចិននឹងមិនបោះបង់សិទ្ធិប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់ឡើយ។
ប្រទេសចិនបានចិញ្ចឹមចិត្តចង់គ្រប់គ្រងតៃវ៉ាន់ ខណៈដែលរដ្ឋាភិបាលរបស់តៃវ៉ាន់ជំទាស់យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ហើយនិយាយថា មានតែប្រជាជនទាំង២៣លាននាក់នៃកោះនេះប៉ុណ្ណោះ ដែលអាចសម្រេចចិត្តចំពោះជោគវាសនាអនាគតរបស់ខ្លួនបាន៕ ដោយ៖ សុទ្ធិ ថងឌី