ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល អាស៊ាន នៅកម្ពុជា ក្នុងខែវិច្ឆិកា

ភ្នំពេញ៖ ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន នឹង អញ្ជើញ មក កាក់ កម្ពុជា នៅ ថ្ងៃ ទី ១២ និង ១៣ ខែ វិច្ឆិកា ខាង មុខ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ សហរដ្ឋអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ នេះ បើ តាម ការ គូស បញ្ជាក់ ពី ប្រមុខ រដ្ឋាភិបាល កម្ពុជាសម្តេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន នា ព្រឹក ថ្ងៃ អាទិត្យ ទី ៣០ ខែ តុលា នេះ នា ឱកាស សម្ដេចអញ្ជើញ ចូល រួម ក្នុង វេទិកា ចែក ស្រូវ ពូជ ដល់ ពលរដ្ឋ រងគ្រោះ ដោយ ទឹកជំនន់ នៅ ខេត្តព្រៃវែង។

ស្រប ទៅ តាម ការ ប្រកាស របស់ ប្រមុខ រដ្ឋាភិបាល កម្ពុជា សេចក្ដី ថ្លែងការណ៍ ពី អ្នក នាំពាក្យ សេតវិមាន អាមេរិក ចេញ ផ្សាយ នៅ ថ្ងៃ ទី ២៨ ខែ តុលា ឆ្នាំ ២០២២ បាន ឱ្យ ដឹង ថា លោកប្រធានាធិបតី ចូ បៃដិន នឹងអញ្ជើញ មក កាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ សហរដ្ឋអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

នៅកម្ពុជា លោក ប្រធានាធិបតី ចូ បៃដិន នឹងបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ ដែល ប្រសូត្រ ឡើង ពីភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានជាប្រវត្តិសាស្ត្រ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ លោកនឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ក្នុងការធានាសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ និងសុខុមាលភាពរបស់មនុស្សរួមមួយពាន់លាននាក់។

បន្ទាប់ ពី ចាកចេញ ពី កម្ពុជា លោក ចូ បៃដិន នឹង បន្ត ដំណើរ ទៅ កាន់ កោះ បាលី ប្រទេស ឥណ្ឌូនេស៊ី ពី ថ្ងៃ ទី ១៣ ដល់ ថ្ងៃ ទី ១៦ ខែ វិច្ឆិកា សម្រាប់ កិច្ច ប្រជុំ កំពូល G20។ បើ តាម ប្រភព ពី អ្នក នាំ ពាក្យ សេតវិមាន ដដែល នៅកោះបាលី លោកប្រធានាធិបតីអាមេរិក នឹងលើក ឡើង អំពី ការដឹកនាំរៀបចំ កិច្ច ប្រជុំ G20 របស់លោកប្រធានាធិបតី Widodo ក៏ ដូច ជា បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះវេទិកាកំពូលនេះ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសដែលតំណាងឱ្យជាង 80% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

លោក ចូ បៃដិន នឹងធ្វើការជាមួយដៃគូ G20 ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗដូចជាការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់ជាសកលនៃសង្រ្គាមរបស់លោកពូទីនលើអ៊ុយក្រែន រួមទាំងលើថាមពល និងសន្តិសុខស្បៀង និងតម្លៃសមរម្យ និងអាទិភាពជាច្រើនផ្សេងទៀតដែលមានសារៈសំខាន់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

ដោយ ឡែក អនុ ប្រធនាធិបតី អាមេរិក លោកស្រី Kamala Harris នឹងធ្វើដំណើរទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ពីថ្ងៃទី១៨ ដល់ ថ្ងៃ ទី១៩ ខែវិច្ឆិកា។ ការចូលរួមរបស់អនុប្រធានាធិបតីនេះ នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយលោកស្រីនឹងគូសបញ្ជាក់អំពីគោលដៅរបស់សហរដ្ឋអាមេរិកសម្រាប់ការ ធ្វើជា ម្ចាស់ផ្ទះទទួល រៀបចំ កិច្ច ប្រជុំ APEC នៅឆ្នាំ ២០២៣។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសថៃ លោកស្រីអនុប្រធានាធិបតី Kamala Harris នឹងចូលរួមជាមួយមេដឹកនាំថៃ និងតំណាងសង្គមស៊ីវិល ដើម្បីបញ្ជាក់ឡើងវិញពី ការ ពង្រឹងសម្ព័ន្ធភាពអាមេរិក-ថៃ និងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបញ្ហាជាច្រើន។

ចេញ ពី ទីក្រុង បាងកក ប្រទេស ថៃ បេសកកម្ម របស់អនុប្រធានាធិបតីអាមេរិក នឹងបន្តទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នៅប្រទេសហ្វីលីពីន លោកស្រីនឹងជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងតំណាងសង្គមស៊ីវិល។ បើ តាម សេតវិមាន អាមេរិក របៀប វារៈ នៃ ដំណើរ ទស្សនកិច្ច របស់ លោកស្រី គឺ ដើម្បី បញ្ជាក់ ឡើង វិញអំពី ការ ពង្រឹង សម្ព័ន្ធភាព អាមេរិក -ហ្វីលីពីន ក៏ ដូច ជា គូសបញ្ជាក់ ពី ទំហំ នៃ កិច្ចសហប្រតិបត្តិការ របស់ប្រទេស ទាំង ពីរ ក្នុង នាម ជា មិត្ត ដៃគូ និង សម្ព័ន្ធមិត្ត៕ ដោយ៖ កែវ កិរិយា

ads banner