ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាងប្រាំមួយពាន់នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច (RULE) សរុបជាងប្រាំមួយពាន់នាក់ បន្ទាប់ពីពួក គេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតដែលដែលអញ្ជើញ ទទួល សញ្ញាបត្រនៅថ្ងៃស្អែកនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់)។ ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិត ថ្នាក់ បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់មានជិត ១០០ភាគរយ។

សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាសាកលវិទ្យាល័យមួយ បាននិងកំពុងដើរតួនាទី យ៉ាង សំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់, សេដ្ឋកិច្ច, និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិត ដែលបានបញ្ចប់ការសិក្សាជាស្ថាពរពី សាកលវិទ្យាល័យមានចំនួនសរុប ៦១,១៩៦នាក់ (នារី ២៣,៤៩៧នាក់) ក្នុងនោះនិស្សិតបរទេសមានចំនួន ២០៩នាក់ (នារី ៨៤នាក់)។ និស្សិតជ័យលាភីទាំងនោះ បាននិង កំពុង បម្រើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋ, វិស័យឯកជន, អង្គការ មិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ, និងមួយចំនួនកំពុងដំណើរ ការអាជីវកម្មផ្ទាល់ខ្លួន។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, មន្រ្តី, បុគ្គលិក, សាស្រ្តាចារ្យក្របខ័ណ្ឌ និងសាស្រ្តាចារ្យជាប់កិច្ចសន្យាជាតិ-អន្តរជាតិសរុប ៥៨៩នាក់ (នារី ១៤៦នាក់) និងមាននិស្សិតកំពុងបណ្តុះបណ្តាលសរុប ១៤,៤៧២នាក់ (នារី ៧,២៨៨នាក់) ក្នុងនោះមាននិស្សិតបរទេសចំនួន ៤៣នាក់ នារី ២៣នាក់ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner