អង់គ្លេសព្រមានរុស្ស៊ីពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមអ៊ុយក្រែន
ឡុងដ៍៖ ចក្រភពអង់គ្លេស ក្នុងថ្ងៃចន្ទទី៣១ ខែតុលា បានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងម៉ូស្គូប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយនិយាយថា ជំហានបែបនេះនឹងផ្លាស់ប្តូរយុទ្ធសាស្រ្តនៃជម្លោះ។
កន្លងមក លោក ពូទីន បានថ្លែងអះអាងថា រុស្ស៊ីមិនបាននិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ ដោយនិយាយជំនួសមកវិញថា អ៊ុយក្រែនអាចនឹងបង្កើត ឬបំផ្ទុះគ្រាប់បែកកខ្វក់។
ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បាននិយាយថា វាគឺជាការអះអាងមិនសមហេតុផល ដែលនិយាយថា អ៊ុយក្រែន គ្រោងនឹងបំផ្ទុះគ្រាប់បែកបែបនេះ ដោយបន្ថែមថា វោហាសាស្ត្ររបស់លោក ពូទីន ជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាការនិយាយស្តីខ្វះការទទួលខុសត្រូវ។
លោក Cleverly បានប្រាប់សមាជិកសភាយ៉ាងដូច្នេះថា គ្មានប្រទេសណាមួយនិយាយអំពីការប្រើប្រាស់នុយក្លេអ៊ែរទេ… ហើយក៏គ្មានប្រទេសណាមួយកំពុងគំរាមកំហែងដល់រុស្ស៊ី ឬលោកប្រធានាធិបតី ពូទីន ដែរ។
គាត់ (លោក ពូទីន) គួរតែដឹងច្បាស់ថា សម្រាប់អង់គ្លេស និងសម្ព័ន្ធមិត្តរបស់យើង ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ នឹងផ្លាស់ប្តូរយុទ្ធសាស្រ្តនៃជម្លោះ ហើយវានឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់រុស្ស៊ី៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា