សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប និងចាត់ទុកការលើកឡើងពីការតែងតាំងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីកសិកម្មថ្មី ដោយមិនព្រមតែងតាំងមន្ត្រីជំនាញកសិកម្ម ជារដ្ឋមន្ត្រី ថា ខ្វះការចេះដឹង
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឆ្លើយតប ចំពោះមតិមួយចំនួន លើកឡើងអំពីការតែងតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីឯកឧត្តម ឌិត ទីណា ដែលថា មិនព្រមតែងតាំងមន្ត្រីជំនាញកសិកម្ម មកធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម បែរជាយកវិស្វកររ៉ែ មកធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មទៅវិញ, សម្តេចចាត់ទុកការលើកឡើងបែបនេះថា ខ្វះការចេះដឹង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកខ្លះបានលើកជាមតិថា មន្ត្រីកសិកម្មមិនព្រមយកទៅធ្វើរដ្ឋមន្ត្រីកសិកម្មទេ យកវិស្វកររ៉ែឯណា មកធ្វើរដ្ឋមន្ត្រី, ជាការល្អហើយ រដ្ឋមន្ត្រីកសិកម្ម គាត់បង្រៀនត្រឡប់ទៅវិញ អ្នកឯងចេះកសិកម្មចេះអស់នៅ ស្អីខ្លះកសិកម្មនោះ និយាយឲ្យច្បាស់ ថ្ងៃក្រោយប្រយ័ត្នក្មេងវាប្រដៅ រឿងពិត! កសិកម្ម មិនមែនតែដាំស្រូវមួយមុខទេ ដោយសារភាពច្រណែនឬអី បានជាអ្នកឯងចេញភាសានេះមក? អីចឹងជាការនិយាយចេញមកបង្ហាញពីការខ្វះភាពចេះដឹង អំពីអ្វីទៅដែលហៅថាភាពដឹកនាំនោះ។ ភាពជាអ្នកដឹកនាំអ្វីដែលសំខាន់ គឺចេះប្រើប្រាស់មន្ត្រី ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ឲ្យធ្វើការ ដាក់ចេញនូវគោលនយោបាយឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះទេ ខ្ញុំមិនប្រដៅអ្នកវិភាគ ឬអ្នកដែលលើកឡើងនោះទេ ប៉ុន្តែខ្ញុំគួរតែរំលឹកថា កុំវាយតម្លៃរហ័សពេក ហើយក៏កុំគិតថាវាទាល់តែអញ ជាជំនាញកសិកម្មទើបសមរម្យ ។
សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ជាក់ស្តែងខ្លួនសម្តេចផ្ទាល់ ដឹកនាំប្រទេសមិនចេះជំនាញទាំងអស់នោះទេ ប៉ុន្តែអាចធ្វើឲ្យប្រទេសនេះមានភាពរីកចម្រើន និងអភិវឌ្ឍន៍។ សម្តេចបន្តថា សូម្បីតែវិស័យយោធាក៏សម្តេចមិនចេះអស់នោះដែរ ក្នុងនោះទ័ពជើងគោកមានជំនាញច្រើនមុខ ដូចជាទ័ពថ្មើរជើង កាំភ្លើងធំ រថក្រោះ ការពារអាកាសជាដើម។
សូមរំលឹកថា ឯកឧត្តម ឌិត ទីណា ត្រូវបានតែងតាំងចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ជំនួសឯកឧត្តម វេង សាខុន ដែលត្រូវរាជរដ្ឋាភិបាល តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
មុនមកកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន, ជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ ឯកឧត្តម ឌិត ទីណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យា ពីសាកលវិទ្យាល័យ Orsay, Paris Sud នៅឆ្នាំ២០០០ និងបញ្ចប់សញ្ញាបត្រវិស្វកររ៉ែ ពី Ecole Nationale Superieure des mines de Paris នៅឆ្នាំ២០០២ ៕ ដោយ ៖ វណ្ណលុក


