អ្នកកាសែតជិតពីរពាន់នាក់ត្រៀមខ្លួនផ្តិតយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញខាងមុខនេះ
ភ្នំពេញ៖អ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណជិតពីរពាន់នាក់ នឹងមានវត្តមានដើម្បីចូលផ្តិតយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញដែលជាកិច្ចប្រជុំធំចុងក្រោយសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៣ នាឆ្នាំ២០២២ នេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់១៣ ខែវិច្ឆិកា ខាងមុខ ខណៈអ្នកសារព័ត៌មានជាច្រើនបង្ហាញចំណាប់អារម្មណ៍លើបញ្ហធំៗដែលកំពុងកើតមានឡើងតួយ៉ាងវិបត្តិអតិផរណា វិបត្តិភូមា វិបត្តិរុស្ស៊ី-អ៊ុយក្រែន។
យោងតាមការបញ្ជាក់របស់ឯកឧត្តម ផុស សុវណ្ណ អ្នកនាំពាក្យរបស់ក្រសួងព័ត៌មាន នៅថ្ងៃចន្ទ ទី៧ ខែវិច្ឆិកានេះ មានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណជិតពីរពាន់នាក់ នឹងចូលយកព័ត៌មានជុំវិញកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធក្នុងរយៈពេលជិតមួយសប្តាហ៍ពីថ្ងៃទី០៨ ដល់១៣ វិច្ឆិកា ដែលក្នុងនោះមានអ្នកសារព័ត៌មានក្នុងស្រុកដែលបានចុះឈ្មោះប្រមាណ ៣៥៤នាក់ និងអ្នកសារព័ត៌មានបរទេសប្រមាណ ៩១០នាក់ មកពីប្រទេសចំនួន៣២ គិតត្រឹមថ្ងៃទី០៦ វិច្ឆិកា បូករួមវត្តមានរបស់អ្នកសារព័ត៌មានរបស់រដ្ឋ ធ្វើឲ្យចំនួនអ្នកចូលផ្តិតយកព័ត៌មាន មានក្នុងរង្វង់ជិត ពីរពាន់នាក់។
ឯកឧត្តម ផុស សុវណ្ណបញ្ជាក់ថា៖ «មកដល់ពេលនេះ អ្នកសារព័ត៌មានមកចុះឈ្មោះយកព័ត៌មានហ្នឹងមានចំនួនសរុប ១ ៦៩០រូប ក្នុងនោះមានអ្នកកាសែតក្នុងស្រុកចំនួន៣៥៤ រូប មានស្រី ៤៤រូប និងអ្នកសារព័ត៌មានបរទេសចំនួន ៩១០រូប មានស្រី ២៤៩រូប។ ក្រៅពីហ្នឹងយើង មានមន្ត្រីសារព័ត៌មានរបស់អង្គភាពរដ្ឋភាគច្រើន ដូចជា AKP វិទ្យុ ទូរទស្សន៍ជាដើមហ្នឹង ហើយយើងឃើញសារព័ត៌មានធំៗក៏មកដែរមាន CNN, AL JAZEERA, FOXNEWS ជាដើម»។
សម្រាប់លោក ប្រាក់ ចាន់ធុល ជាអតីតអ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ប្រចាំកម្ពុជា និងសព្វថ្ងៃជានិពន្ធនាយកនៃសារព័ត៌មាន KiriPost បានបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីយកព័ត៌មានសម្រាប់ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានមួយនេះ ក្នុងខណៈពេលដែលមេដឹកនាំរបស់បណ្តាប្រទេសធំៗ ជាច្រើននឹងលេចវត្តមានមកជួបប្រជុំគ្នានៅរាជធានីភ្នំពេញពើបស្ថានការណ៍ពិភពលោកកំពុងជួបប្រទះវិបត្តិធំៗជាច្រើនតួយ៉ាងវិបត្តិអតិផរណា បញ្ហាសង្គ្រាមនៅអ៊ុយក្រែន វិបត្តិភូមា។
លោកបា្រក់ ចាន់ធុលនិយាយថា៖ «វិបត្តិអតិផរណា បញ្ហាសង្គ្រាមនៅអ៊ុយក្រែន វិបត្តិភូមា ជាដើមដែលនឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំ ហើយដែលអ្នកសារព័ត៌មានមានការចាប់អារម្មណ៍ ព្រមទាំងបញ្ហាបន្ទាប់បន្សំទៀតដូចជា បញ្ហាសមុទ្រចិនខាងត្បូង ជាពិសេស គេរងចាំមើលសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន មេដឹកនាំកម្ពុជាសម្តេចហ៊ុន សែន និងសេចក្តីថ្លែងការណ៍របស់អាស៊ានទាំងមូល»។
លោកប្រាក់ ចាន់ធុល បន្ថែមថា សម្រាប់ប្រធានរឿងដែលអ្នកកាសែតភាគច្រើនចាប់អារម្មណ៍នឹងត្រៀមខ្លួនផ្តិតយកព័ត៌មាននោះគឺ សមភាសភាពនិងសេណារីយ៉ូចូលរួមពីភាគីរុស្ស៊ី ក៏ដូចជាភាគីអ៊ុយក្រែន ដែលនឹងត្រូវចូលរូមក្នុងកិច្ចប្រជុំកំពូលអាស៊ានមួយនេះ ដែលជាប្រធានរឿងក្តៅសម្រាប់អន្តរជាតិក្នុងពេលបច្ចុប្បន្ន។
ចំណែកលោក ជួប នរក្សា ជាអ្នកកាសែតរបស់វិទ្យុបារាំងអន្តរជាតិ (RFI) នៅកម្ពុជាវិញ បានបញ្ជាក់ថា លោកកំពុងត្រៀមខ្លួនយ៉ាងមមាញឹកជាមួយការសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅទៅលើបញ្ហាអាស៊ាន ដែលទាមទារឱ្យលោកប្រមែលប្រមូលនិងអានឯកសារគតិយុត្តិទៅលើដំណើរការរបស់អាស៊ានគួបផ្សំនឹងវិបត្តិនានាដែលពិភពលោកកំពុងប្រឈម ដើម្បីយកមកពិនិត្យបញ្ហាក្នុងការផ្តិតយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាននេះ។
សម្រាប់លោក ជួប នរក្សា លោកមានការចាប់អារម្មណ៍ចំពោះប្រធានរឿងពាក់ព័ន្ធនឹងវិបត្តិភូមា ដែលអូសបន្លាយពេលតាំងពីព្រុយណេធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានតមកដល់កម្ពុជាក្នុងឆ្នាំ២០២២ នេះ ដែលលោកមើលឃើញពីកិច្ចខិតខំប្រឹងប្រែងជាខ្លាំងរបស់ប្រធានអាស៊ានឆ្នាំ២០២២ ពោលគឺកម្ពុជា ដែលមកពេលនេះមិនមានការវិវត្តអ្វីច្រើនឡើយក្នុងវិបត្តិភូមា ខណៈកៅអីភូមានឹងចំហរក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ខាងមុខ។
កាលពីថ្ងៃទី០៤ ខែវិច្ឆិកាកន្លងទៅ ក្នុងពីធីជួបជុំអ្នកសារព័ត៌មានដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ស្តីពីការត្រៀមខ្លួនយកព័ត៌មានៃកិច្ចប្រជុំកំពូលអាស៊ាន លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លើកឡើងថា បើទោះបីជាក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះមានបញ្ហាក្តៅដែលអ្នកសារព័ត៌មានបានចាប់អារម្មណ៍ក្តី ឬក្រៅពីប្រធានបទអន្តរជាតិ អ្នកសារព័ត៌មានក្នុងស្រុកជាពិសេសគួរចាប់អារម្មណ៍យកមុំពីភាពជោគជ័យនៃកិច្ចប្រជុំដ៏ធំដែលកម្ពុជាបានបំពេញស្មើមុខស្មើមាត់ជាមួយប្រទេសធំៗផង។
ក្នុងពិធីជួបជុំដដែលនេះ លោក ពុយ គា ជាអ្នកឆ្លងឆ្លើយព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន Kyodo ផ្តល់យោបល់ថា អ្នកសារព័ត៌មានក្នុងស្រុកត្រូវស្វែងរកមុំព័ត៌មានដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង ថាកម្ពុជាបានទទួលផលចំណេញអ្វីពីកិច្ចប្រជុំកំពូលនេះ។ បន្ទាប់មក ក៏ត្រូវបំបែកមុំចេញពីកិច្ចប្រជុំធំទៅកិច្ចប្រជុំតូចៗផ្សេងទៀត ព្រោះក្នុងការរៀបចំនេះមិនមែនមានតែកិច្ចប្រជុំកំពូលអាស៊ាននោះទេ គឺមានកិច្ចប្រជុំតូចៗជាច្រើន។ នេះគឺជាអ្វីដែលអ្នកសារព័ត៌មានក្នុងស្រុកគួរចាប់អារម្មណ៍ ក្រៅតែពីការផ្ដោតយកចិត្ដទុកដាក់ទៅលើបញ្ហាក្ដៅៗរបស់តំបន់និងពិភពលោក។
គួររំឭកថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២ នេះនឹងបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធធ (40th & 41st ASEAN Summits and Related Summit) នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ដល់ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានចំនួន២ លើករួចមកហើយ កាលពីឆ្នាំ២០០២ និង ២០១២ ហើយសម្រាប់ឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំដ៏ធំនេះដែរ ជាលើកទី៣ ក្រោមប្រធានបទ «ASEAN A.C.T: ដោះស្រាយបញ្ហាប្រឈមរួមគ្នា» មុនប្រគល់តួនាទីនេះបន្តទៅឱ្យឥណ្ឌូនេស៊ីដែលនឹងត្រូវធ្វើជាប្រធានអាស៊ានឆ្នាំ២០២៣៕ ដោយ៖សំបាន ច័ន្ទដារ៉ា