ព្រះមហាក្សត្រព្រុយណេ នឹងយាងមកបំពេញ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិកម្ពុជានៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា តបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji HASSANAL BOLKIAH MU’IZZADDIN WADDAULAH) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។
ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេ ដារូស្សាឡាម នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា នៅក្នុងព្រះបរមរាជវាំង។
ព្រះចៅស៊ុលតង់ និងសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា នឹងមានកិច្ចប្រជុំកំពូលទ្វេភាគីនៅវិមាន សន្តិភាព នៅថ្ងៃទី១៤ខែវិច្ឆិកាបន្ទាប់មកនឹងយាង/អញ្ជើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីកិច្ចពិគ្រោះយោបល់ ទ្វេភាគី។
ព្រះចៅស៊ុលតង់ នៃព្រុយណេដារូស្សាឡាម ក៏នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃ ព្រះរាជា ណាចក្រកម្ពុជា ផងដែរ។
ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃ ព្រុយណេដារូស្សាឡាម ប្រព្រឹត្តទៅស្របពេល ដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត នៅក្នុងឆ្នាំនេះ៕
ដោយ៖ សួង ពិសិដ្ឋ