អង្គការសុខភាពពិភពលោក៖ នៅអឺរ៉ុប មានមនុស្សស្លាប់ដោយសារអាកាសធាតុក្ដៅយ៉ាងហោចណាស់ ១៥.០០០ម៉ឺននាក់ ក្នុងឆ្នាំ២០២២
អន្តរជាតិ៖ មានមនុស្សនៅអឺរ៉ុបយ៉ាងហោចណាស់ ១៥.០០០នាក់បាត់បង់ជីវិតដោយសារអាកាសធាតុក្ដៅ នៅក្នុងឆ្នាំ២០២២នេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់អង្គការសុខភាពពិភពលោក(WHO) ចេញផ្សាយនៅថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់បន្ថែមថា ប្រទេសដែលរងផលប៉ះពាល់និងមានមនុស្សស្លាប់ដោយសារអាកាសធាតុក្ដៅច្រើនជាងគេ គឺប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់។
ជារៀងរាល់ឆ្នាំ នារដូវក្ដៅដែលមានរយៈពេលបីខែ ចាប់ពីខែមិថុនាដល់ខែសីហា សីតុណ្ហភាពនៅតំបន់អឺរ៉ុបកើនឡើងខ្លាំង។ ធាតុអាកាសក្ដៅមិនធ្លាប់មាននាឆ្នាំ២០២២នេះ បានបណ្ដាលឱ្យតំបន់នៅអឺរ៉ុបជាច្រើនត្រូវជួបប្រទះនឹងគ្រោះរីងស្ងួតហួតហែងខ្លាំងបំផុត ចាប់តាំងពីយុគសម័យកណ្ដាលមក។
លោក Hans Kluge នាយកប្រចាំតំបន់អឺរ៉ុបនៃអង្គការសុខភាពពិភពលោក បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទ ទី៧ ខែវិច្ឆិកាថា៖ «បើផ្អែកតាមទិន្នន័យផ្ដល់ឱ្យដោយបណ្ដាប្រទេសនីមួយៗនៅអឺរ៉ុប ក្នុងឆ្នាំ២០២២នេះ មានមនុស្សយ៉ាងហោចណាស់១ម៉ឺន៥ពាន់នាក់ ដែលទំនងជាស្លាប់បាត់បង់ជីវិតដោយសារតែអាកាសធាតុក្ដៅខ្លាំង នារដូវក្ដៅកន្លងទៅ។ ក្នុងចំណោមនោះ មានអ្នកស្លាប់៤ពាន់៥រយនាក់នៅប្រទសអាល្លឺម៉ង់ ជិត៤ពាន់នាក់នៅប្រទេសអេស្ប៉ាញ ៣.២០០នាក់នៅអង់គ្លេស និងជាងមួយពាន់នាក់នៅប្រទេសព័រទុយហ្គាល់»។
តួលេខនេះ បើតាមលោក Hans Kluge ទំនងជាអាចនឹងកើនឡើងទៀត ខណៈពេលដែលប្រទេសជាច្រើនកំពុងបន្តផ្ដល់សេចក្ដីរាយការណ៍អំពីករណីស្លាប់ដោយសារតែអាកាសធាតុក្ដៅខ្លាំង។ តាមរយៈទិន្នន័យនេះ លោកនាយកប្រចាំតំបន់អឺរ៉ុបនៃអង្គការសុខភាពពិភពលោក សង្កត់ធ្ងន់អំពីភាពចាំបាច់ដែលកិច្ចប្រជុំអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុត្រូវយកចិត្តទុកដាក់ និងស្វែងរកវិធានការដោះស្រាយជាបន្ទាន់។
គួររំឭកថា នារដូវក្ដៅឆ្នាំ២០២២កន្លងទៅ ជាពិសេសនៅក្នុងខែមិថុនានិងកក្កដា បណ្ដាប្រទេសនៅអឺរ៉ុបបានរងការវាយប្រហារដោយរលកកម្ដៅក្ដៅខ្លាំង។ លោក Hans Kluge ពន្យល់ថា សីតុណ្ហភាពកើនឡើងលើស៤០អង្សារ គឺជាកម្រិតដ៏ក្ដៅមួយដែលបង្កផលប៉ះពាល់ដល់រាងកាយ។ វាធ្វើឱ្យរាងកាយមនុស្សមានភាពតានតឹងខ្លាំង ហើយអាចបណ្ដាលឱ្យស្លាប់បាន ជាពិសេសសម្រាប់អ្នកដែលមានជំងឺបេះដូងរ៉ាំរ៉ៃ អ្នកដែលមានបញ្ហាក្នុងការដកដង្ហើម និងអ្នកមានជំងឺទឹកនោមផ្អែមជាដើម។
តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុបដដែលព្រមានថា ការកើនឡើងរលកកំដៅ និងបញ្ហាប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀតនឹងបណ្ដាលឱ្យមនុស្សកើតជំងឺ និងស្លាប់កាន់តែច្រើន នៅក្នុងទសវត្សរ៍ក្រោយ ប្រសិនបើមិនមានការដាក់ចេញនូវវិធានការបង្ការឬដោះស្រាយប្រកបដោយប្រសិទ្ធភាពទេនោះ៕
ដោយ៖កែវ កិរិយា
https://www.rfi.fr/en/science-environment/20221107-at-least-15-000-killed-by-hot-weather-in-europe-in-2022-who