ទីភ្នាក់ងារអវកាសណាសា ពន្យារពេលការបាញ់បង្ហោះគម្រោង Artemis-I ដោយសារព្យុះសង្ឃរា Nicole

អាមេរិក៖នៅ​រដ្ឋ​ហ្លរីដា ការ​បាញ់​បង្ហោះ​រ៉ុកកែត​នៅ​ក្នុង​បេសកកម្ម Artemis-I ដែល​ទីភ្នាក់ងារអវកាស​អាមេរិក NASA គ្រោង​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ត្រូវ​លើក​ពេល​ទៅធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកាវិញ​។ នេះ​គឺ​លើក​ទី​២​ហើយ ដែល​ទីភ្នាក់ងារ​អវកាសណាសា( NASA) សម្រេច​ចិត្ត​ពន្យារ​ពេល​ការ​បាញ់​បង្ហោះ​រ៉ុកកែត​ដែលធ្វើ​ឡើង​ក្នុង​គម្រោង​បេសកកម្ម Artemis-I។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅបេសកកម្ម Artemis-I ត្រូវ​បាន​លើក​ពេល​ម្ដង​ដោយ​សារ​តែ​បញ្ហា​ធាតុ​អាកាស ដែល​កាល​ណោះ រដ្ឋ​ហ្លរីដា​រង​ការ​វាយ​ប្រហារ​ដោយ​ខ្យល់​ព្យុះ Ian។ ចំណែក​គម្រោង​បាញ់​បង្ហោះ​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​នេះ ត្រូវ​លើក​ពេល​ម្ដង​ទៀត​ដោយ​សារ​តែ​​ខ្យល់​ព្យុះ​សង្ឃរា Nicole ដែល​ត្រូវ​គេព្យាករណ៍​ថា នឹង​ធ្វើ​ដំណើរ​បោក​បក់​ដល់​រដ្ឋ​ហ្លរីដា នៅ​វេលា​យប់​ថ្ងៃ​ពុធ ទី​០៩ ឬ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​វិច្ឆិកា ម៉ោង​នៅរដ្ឋ​ហ្លរីដា ​សហរដ្ឋ​អាមេរិក​។ បើ​តាម​ការ​ព្យាករណ៍ ខ្យល់​ព្យុះ Nicole ស្ថិត​នៅ​ក្នុង​កម្រិត​ទី​១ ដោយ​មាន​កម្លាំង​ខ្យល់​បោក​បក់​ជាង ១០០​គីឡូម៉ែត្រ​នៅ​ក្នុង​មួយ​ម៉ោង​។

សូម​ជម្រាប​ថា Artemis-I គឺជាបេសកកម្មទី១ នៃគម្រោងអារតេមីសរបស់ណាសា ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ ក្នុងគោលដៅបោះទីតាំងអចិន្រ្តៃយ៍។ ជាការ​បោះ​ទីតាំង​នៅ​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ។ បេសកកម្ម Artemis-I នេះ នឹង​មិនមាន​ដឹកអវកាសយានិក​នោះទេ ដោយ​មានតែ​តួយាន​ទទេ​តែប៉ុណ្ណោះ ដើម្បី​ជាការ​សាកល្បង​បច្ចេកវិទ្យា​រ៉ុកកែត និង​យានអវកាសថ្មី មុននឹង​ឈាន​ទៅ​ដឹកអវកាសយានិក។

គួរ​បញ្ជាក់​ជូន​ថា ប្រសិន​បើ​បេសកកម្ម Artemis-I ទទួលបាន​ជោគជ័យ ទីភ្នាក់ងារអវកាស NASA នឹង​បន្ត​បេសកកម្ម​ក្នុង​គម្រោង Artemis​ បន្ត​ទៀត។ ក្នុង​នោះ ​បេសកកម្ម​ទី២ Artemis-II នៅ​ក្នុង​អំឡុង​ឆ្នាំ២០២៤ ដោយ​នៅ​ក្នុង​ដំណាក់កាល​ទីពីរនេះអារតេមីស​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ដោយ​ទទេ​នោះទេ ដោយ​នៅ​ក្នុង​យាន Orion នឹង​មាន​ដឹកអវកាសយានិក​ចំនួន ៤រូប​។ គោលដៅ គឺ​ធ្វើ​ដំណើរ​ទៅ​ហោះកាត់​មួយជុំ​ព្រះចន្ទ រួចហើយ​ត្រឡប់​មក​ផែនដីវិញ តែ​​មិនចុះចត​លើ​ដីព្រះចន្ទ។ គឺ​ទាល់​តែ​ដល់បេសកកម្ម​ទី៣ Artemis-III ទើបទីភ្នាក់ងារ​អវកាស​ NASA ​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ចុះចត​ដោយផ្ទាល់​លើដីព្រះច​ន្ទ ដើម្បី​បើកផ្លូវ​ឆ្ពោះទៅ​ការ​បង្កើត​មូលដ្ឋាន​អចិន្ត្រៃយ៍ ទុកប្រើ​សម្រាប់​ការធ្វើ​ដំណើរទៅ​កាន់​ភពអង្គារ៕

ដោយ៖កែវ កិរិយា

ads banner