នាយកគ្រឹះស្ថានបណ្ដុះនិស្ស័យ លោក ឌុំ ដាវុយ បំផុសគំនិតអានដល់យុវជន

អត្ថបទដោយ៖
CPA

ភ្នំពេញ:ជាអ្នកនិពន្ធ រៀបរៀង និងប្រែសម្រួល ហើយក៏ជានាយកគ្រឹះស្ថានបណ្ដុះនិស្ស័យ លោក ឌុំ ដាវុយ កើតនៅភូមិប្រាសាទ ឃុំដារ ស្រុកកំពង់លែង ខែត្តកំពង់ឆ្នាំង។ ថ្វីដ្បិតតែជាកូនកសិករក្រីក្រលំបាកក៏ពិតមែន ប៉ុន្តែលោកបានតស៊ូសិក្សារៀនរហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិ ទ្យាសាស្ត្រអប់រំនៃសាកលវិទ្យាល័យព្រះសីហនុរាជផងដែរ។

ក្រោយបញ្ចប់ការសិក្សា លោក ឌុំ ដាវុយ បានចូលបម្រើការងារជាអ្នកនិពន្ធ អ្នកជាអ្នកប្រែសម្រួលនៅក្នុងគ្រឹះស្ថានបោះពុម្ពនិងធ្វើការជាមួយនឹងសមាគក្នុងស្រុកមួយចំនួនដែរ។ ដោយសារតែលោកបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលវិធីសាស្ត្រនិពន្ធពីស មាគមអ្នកនិពន្ធខ្មែរ ទើបធ្វើឱ្យលោកកាន់ធ្វើកិច្ចការទាក់ទងនឹងការនិពន្ធរបស់លោកបានកាន់តែប្រសើរឡើង។

ក្រៅពីធ្វើការឱ្យអង្គការ សមាគម លោកក៏មិនភ្លេចការបង្កើតស្នាដៃសម្រាប់ខ្លួនលោកនោះដែរ ដោយលោកបានចាប់ផ្ដើមស្នា ដៃជាសៀវភៅដំបូងមានចំណងថា «ផ្ដើមគិត ផ្ដើមជោគជ័យ»។
ចំពោះស្នាដៃដំបូងនេះ លោកបានប្រាប់ថា «ផលលំ បាកក្នុងការចាប់ផ្ដើមស្នាដៃនេះ ខ្ញុំមិនសូវជាមានផលលំបាកប៉ុន្មានទេ ដ្បិតថាបានចូលរៀនវគ្គតែងនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ ហើយក៏បានវឹកហាត់ការងារជាមួយនឹងសមាគមទ្រទ្រង់ការបោះពុម្ពនិងអប់រំ និងបានធ្វើការនៅក្នុងគ្រឹះស្ថានផ្សេងផង ដូច្នេះមិនសូវជាជួបផលលំបាកខ្លាំងទេ។ អ្វីដែលលំបាកខ្លាំងមិនមែនលើការសរសេរទេ តែជាការស្វែងរកទិន្នន័យជាឯកសារ ពិសេសឯកសារក្នុងបណ្ណាល័យតែម្ដង»។
ក្រោយពីលោកបានឆ្លងកាត់ការងារជាអ្នកនិពន្ធ ស្រាវជ្រាវ និងប្រែសម្រួលបានជាច្រើន លោកបានសម្រេចចិត្តបើកគ្រឹះ ស្ថា នបោះពុម្ពផ្សាយមួយដែលមានឈ្មោះថា «គ្រឹះស្ថានបណ្ដុះនិស្ស័យ» ហើយក្នុងពិព័រណ៍សៀវភៅចុងឆ្នាំ២០២២ លោកមានស្នាដៃចូលរួមប្រមាណជាង ២០ ចំណង។
ស្នាដៃទាំងនោះលោកបានសម្រិតសម្រាំងទាំងខ្លឹមសារ ទាំងការរៀបចំទំព័រ។ ស្នាដៃទាំងនោះមានដូចជា សេចក្ដីសុខហិរញ្ញវត្ថុ, គម្ពីរសាងចលនទ្រព្យ, លក់បែបអ្នកជំនាញ, មហាសេដ្ឋីជោគជ័យ, គតិដោះស្រាយបញ្ហាជីវិត, គំរូអ្នកដឹកនាំ ជាដើម ដែ លស្នាដៃទាំងនេះជាស្នាដៃដែលទើបនឹងបោះពុម្ពថ្មីៗនេះតែម្ដង។
ក្រៅពីនេះមាន វិធីសាស្ត្រមើលមនុស្ស, ចិត្តសាស្ត្រសាងតម្លៃខ្លួនឯង, ផ្ដើមគិត ផ្ដើមជោគជ័យ ជាដើមដែលសុទ្ធសឹងតែជាសៀវភៅល្អៗសម្រាប់មិត្តអ្នកអាន។
ចំពោះសៀវភៅ «គម្ពីរសាងចលនទ្រព្យ» ជាសៀវភៅនិយាយពីប្រភេទអចលនទ្រព្យគ្រប់ជ្រុងជ្រោយ និយាយពីការវិនិយោគ និយាយពីការទិញលក់អចលនទ្រព្យ។ ក្រៅពីនេះ សៀវភៅនេះក៏បង្ហាញពីការមើលទីតាំងនៃអចលនទ្រព្យដល់អ្នកអាន ថាទីតាំងណាដែលឡើងតម្លៃខ្ពស់និងលក់វិញបានផលចំណេញច្រើន។ ចំណុចពិសេសមួយទៀតនៃសៀវភៅនេះគឺប្រាប់ថាអចលនទ្រព្យបែបណាគួរលក់ អចលនទ្រព្យណាគួរជួល។
ចំណែកសៀវភៅ «លក់បែបអ្នកជំនាញ» ជាសៀវភៅប្រាប់ពីវិធីសាស្ត្របែបឈ្លាសវៃ ដោយមិនលក់បែបសម្រុក។ ការចេះបង្កើតក្រុមលក់ ការវឹកហាត់ក្លាយជាប្រធានក្រុមលក់។ ការលក់បែបឈ្លាសវៃអាចប្រព្រឹត្តទៅបាន លុះត្រាតែអ្នកគ្រប់គ្រង់មានភាពឈ្លាសវៃ។ ត្រូវដឹងថា ការគ្រប់គ្រងក្រុមហ៊ុនឱ្យអាចឈរជើងរឹងមាំបានគឺជាការកើតចេញពីអ្នកលក់ពូកែ ពិសេសប្រធាន ឬម្ចាស់ក្រុមហ៊ុននេះតែម្ដង។
សៀវភៅដែលលក់ដាច់ច្រើនបំផុតក្នុងគ្រឹះស្ថានលោកគឺ «ផ្ដើមគិត ផ្ដើមជោគជ័យ» ដែលជាសៀវភៅមួយបង្ហាញពីការគិតហើយអនុវត្តតែម្ដង។ ផ្នែកដំបូងនៃសៀវភៅនេះបង្ហាញពីរូបមន្តនៃការគិត បន្ទាប់មកបង្ហាញពីសកម្មភាពបង្កើតជាទង្វើដែលជាផលនៃការគិត។ គំនិតបូកនឹងសកម្មភាព កើតបានជាលទ្ធផល។
លោកក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះយុវជន ថា ៖ «ខ្ញុំមើលឃើញថា យុវជនជាកម្លាំងស្នូល ហើយជាកត្តាលីករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិយើងលើគ្រប់វិស័យ ដូច្នេះមុននឹងឈានទៅរកការអភិឌ្ឍសង្គម យុវជនត្រូវអភិវឌ្ឍខ្លួនឯងជាមុនសិន»។
លោកបានបន្តថា កត្តាចម្បងនៃការអភិវឌ្ឍខ្លួន គឺត្រូវបណ្ដុះការអាន បណ្ដុះទម្លាប់អានឱ្យបានខ្លាំង ព្រោះលោកយល់ឃើញថា ការអានគឺជាការធ្វើឱ្យមនុស្សមានលក្ខណៈពេញលេញ។ ការអានគឺជាការបំពេញនូវភាពខ្វះចន្លោះរបស់មនុស្ស ការអានគឺជាការពេញបំពេញចំណេះដឹងនិងជាប្រទីបបំភ្លឺផ្លូវ ការអានជួយឱ្យមនុស្សសម្លឹងមើលបានវែងឆ្ងាយ។
«ដូច្នេះយុវជនគប្បីអានឱ្យបានច្រើន ត្រូវតែសិក្សាស្វែងយល់ និងបង្កើតទម្លាប់អានឱ្យបានគ្រប់គ្នា ពីព្រោះវ័យយុវជនជាវ័យដែ លត្រូវស្វែងរកចំណេះដឹង។ យុវជនមិនត្រូវចំណាយពេលវេលាជាមួយនឹងល្បែង ពិសេសមិនត្រូវចំណាយពេលផឹកស៊ី ស្រីញី ហើយត្រូវចាកឱ្យផុតពីគ្រឿងញៀន ព្រោះស្រី ស្រា ល្បែង និងគ្រឿងញៀនបានកាត់បន្ថយសក្ដានុពលភាពជាយុវវ័យរបស់ពួកគេ»។ លោក ឌុំ ដាវុយ បាន បញ្ជាក់បន្ថែម៕
ដោយ:ហួន ស៊ីឡូន

ads banner