ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភាជួបពិភាក្សាការងារទ្វេភាគីជាមួយ អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី
ភ្នំពេញ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី ក្នុងឱកាសដែលឯកឧត្តម Konstantin Kosachev ដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម Konstantin Kosachev បានសម្តែងនូវសេចក្តីរីករាយដែលអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាអ្នកសង្កេតការណ៍នៃមហាសន្និបាតអន្តរសភាអាស៊ាន ប្រទេសរុស្ស៊ីតែងតែចូលរួមក្នុងព្រឹត្តិការណ៍នានារបស់អាយប៉ា ក្នុងនោះប្រទេសរុស្ស៊ីតែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងអាស៊ាន។ ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យ។
ឯកឧត្តម Konstantin Kosachev បានស្នើសុំឱ្យក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ក្នុងនោះ ក្រុមមិត្តភាពនៃប្រទេសទាំងពីរ អាចរៀបចំឱ្យមានកិច្ចប្រជុំរវាងប្រធានសភានៃប្រទេសទាំងពីរ ទាំងនៅប្រទេសរុស្ស៊ី និងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតថែមទៀតរវាងអាយប៉ា ជាមួយនឹងសភានៃបណ្តារដ្ឋចំនួន៩រដ្ឋដែលជាអតីតសហភាពសូវៀត។
ក្នុងនាមរាជរដ្ឋាភិបាល សភា និងប្រជាជនកម្ពុជា ព្រមទាំងខ្លួនឯកឧត្តមផ្ទាល់ ឯកឧត្តមកិត្តិសង្គហ បណ្ឌិត ទេព ងន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអតីតសហភាពសូវៀតដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យ ក្នុងកាលៈទេសៈលំបាកបន្ទាប់ពីកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងត្រូវហ៊ុព័ទ្ធខាងនយោបាយ និងសេដ្ឋកិច្ច។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាដែលមាននិស្សិតជាង៨ពាន់នាក់ បានរៀននៅសហភាពសូវៀត។ បច្ចុប្បន្ននេះ និស្សិតទាំងនោះបាននឹងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួន និងមានអតីតនិស្សិតមួយចំនួន កំពុងកាន់មុខដំណែងសំខាន់ៗ នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នរុស្ស៊ីបន្តយកចិត្តទុកដាក់ ជួយផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះសភាសហព័ន្ធរុស្ស៊ីដែលបានជួយបណ្តុះបណ្តាលមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ផ្នែកព័ត៌មានវិទ្យា និងផ្នែកទំនាក់ទំនងអន្តរជាតិ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាសូមគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសម្រេចរួមគ្នានាពេលកន្លងទៅ ដែលឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ចំពោះបញ្ហានៅអ៊ុយក្រែន ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ដល់ការចរចា និងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ពីព្រោះសង្គ្រាមពុំមែនជាដំណោះស្រាយនៃវិបត្តិទេ ។ កម្ពុជាបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមជាបន្តបន្ទាប់ចាប់តាំងពីចុងទសវត្សរ៍៦០ ហើយបានប្រយុទ្ធគ្នាអស់ជាច្រើនឆ្នាំ ប៉ុន្តែមិនអាចរកឃើញជ័យជម្នះ និងសន្តិភាពជាស្ថាពរបានទេ ៕ ដោយ / គ្រី សម្បត្តិ + ប៊ុនហុក