កម្ពុជា-ថៃ ឯកភាពគ្នា លើការដោះមីនឱ្យអស់នៅតាមព្រំដែន មុននឹងគិតពីបញ្ហាបន្ទាត់ព្រំដែន
ភ្នំពេញ៖ក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជានាព្រឹកថ្ងៃទី២២ ខែវិច្ឆិកាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំឱ្យអាជ្ញាធរតាមខេត្តជាប់នឹងព្រំប្រទល់កម្ពុជា-ថៃ រួមនឹងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការជាមួយនឹងភាគីថៃ ក្នុងការបោសសំអាតគ្រាប់មីនឱ្យអស់មុននឹងគិតពីបញ្ហាបន្ទាត់ព្រំដែន។
លោកក៏បានបញ្ជាក់ផងដែរថា ចំនួនជនរងគ្រោះដោយសារមីននិងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានថយចុះយ៉ាងខ្លាំងពីចំនួន ៤,៣២០នាក់ ក្នុងឆ្នាំ ១៩៩៦ មកនៅក្រោមចំនួន ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំចុងក្រោយនេះ។
សម្ដេចតេជោបានថ្លែងថា ៖ «ខ្ញុំ ជាមួយនឹងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានឯកភាពគ្នាលើការដោះមីននៅតាមព្រំដែននេះរួចហើយ ដោយត្រូវដោះមីននៅកន្លែងណាដែលមានមីន ដោយមិនគិតពីបញ្ហាព្រំដែននោះទេ ដោយបញ្ហាកំណត់ខ្សែបន្ទាត់ព្រំដែនអាចធ្វើការកំណត់នៅពេលក្រោយ»។
សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាក៏បានបញ្ជាក់ទៀតដែរថា ពីមុនកម្ពុជាធ្លាប់បានស្នើដូចនេះទៅខាងភាគីថៃ ហើយខាងភាគីថៃមិនទាន់បានឆ្លើយ ប៉ុន្តែលើកនេះ លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងនៅពេលពិភាក្សាការងារជាមួយនឹងសម្ដេចតេជោ ហ៊ុន សែនក្នុងពេលលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីដើមខែវិច្ឆិកា កន្លងមកនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ឥឡូវផ្ទៃដីជាង៤០គីឡូម៉ែត្រការ៉េ ដែលមានមីន ឬសង្ស័យថាមានមីន ដូចនេះយើងត្រូវធ្វើការដោះមីនចេញឱ្យអស់សិន ទើបធ្វើការកំណត់ព្រំដែន ជាក្រោយ»។
ជាមួយគ្នានោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ ក៏បានលើកឡើងដែរថា កម្ពុជាបានធ្វើការដោះមីននៅតាមព្រំដែនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ អស់ហើយ ប៉ុន្តែសម្រាប់ប្រទេសថៃ ដែលតាមការបញ្ជាក់របស់លោក ប្រាយុទ្ធ ចាន់អ៊ូចា នៅមានប្រមាណជាង៤០គីឡូម៉ែត្រការ៉េទៀត។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ «យើងអាចសហការគ្នាក្នុងការដោះមីន ដោយខាងភាគីថៃអាចដោះនៅត្រឹមណា ឬក៏ខាងភាគីថៃអាចដោះមីននៅខាងគាត់ផង និងខាងទឹកដីខ្មែរយើងផង ហើយខាងខ្មែរយើងអាចដោះខាងយើងផង និងខាងថៃផង ដើម្បីធានាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ»។
ទាក់ទងនឹងការព្រមព្រៀងនេះដែរ លោក មាជ សុវណ្ណារ៉ា នាយកបេសកម្មនៃវិទ្យាស្ថានសិក្សាគោលនយោបាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងជាអតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ថា នេះជាការចាំបាច់ដែលភាគីកម្ពុជា និងថៃត្រូវតែធ្វើ។
លោកបានប្រាប់ថា ៖ «ការព្រមព្រៀងគ្នាក្នុងកិច្ចការដោះមីនរវាងកម្ពុជានិងថៃនេះ ជារឿងចាំបាច់ខ្លាំងណាស់សម្រាប់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ដែលជាកិច្ចការមនុស្សធម៌មួយដ៏មានសារៈសំខាន់ត្រូវគិតគូរជាមុន»។
«បញ្ហារំលោភបំពាន ដែនអធិបតេយ្យភាព បូរណភាពទឹកដី រវាងប្រទេសទាំងពីរ អាចនិយាយគ្នាជាក្រោយបាន ។ដោយឡែកបញ្ហាចំពោះមុខ គឺកិច្ចការដោះមីនដែលបន្សល់ពីសង្គ្រាមស៊ីវិលប្រមាណមួយទសវត្សនោះ ដែលភាគីខ្មែរក្រហម សម្តេចសីហនុនិយម សឺន សាននិយម កងទ័ពវៀតណាម និងរបបក្រុងភ្នំពេញ វាយសង្គ្រប់គ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយបានដាក់មីនក្នុងតំបន់ត្រួតត្រារបស់ពួកគេរៀងៗខ្លួន»។ នេះបើតាមការបញ្ជាក់ពីលោក មាជ សុវណ្ណារ៉ា។
លោកបានបន្ថែមទៀតថា កិច្ចព្រមព្រៀងដោះមីនរវាងកម្ពុជានិងថៃ នេះនឹងមិនមានផលប៉ះពាល់ណាមួយដល់កិច្ចព្រំដែនដែលមិនទាន់ជ្រះស្រឡះរវាងភាគីទាំងពីរនេះឡើយ ដែលលោកបានផ្តល់ជាយោបល់ថា ភាគីកម្ពុជានិងថៃ គួរមានសន្ធិសញ្ញាទ្វេភាគីច្បាស់លាស់ណាមួយចំពោះកិច្ចការនេះ ដែលកិច្ចការសំខាន់ គឺការកសាងតំបន់សុវត្ថិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាមុនសិន រួចដោះស្រាយវិវាទខ្សែរបន្ទាត់ព្រំដែននេះ ជាក្រោយ។
ចំណែក លោក អ៊ុំ សំអាន អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងជាអ្នកជំនាញកិច្ចការព្រំដែន ក៏បានប្រាប់យ៉ាងខ្លីថា កិច្ចព្រមព្រៀងដោះមីននេះ នឹងមិនប៉ះពាល់ដល់ការងារដោះស្រាយខ្សែបន្ទាត់ព្រំដែនឡើយ ទោះបីព្រំដែនរវាងប្រទេសទាំងពីរមិនទាន់ដោះស្រាយគ្នាជ្រះស្រឡះក៏ដោយក្តី។
នាឱកាសនៃពិធីបិទខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជានេះដែរសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងពីថវិកាក្នុងការជួយដល់ការដោះមីននេះផងដែរ ដោយសម្ដេចតេជោបានបញ្ជាក់ថា កម្ពុជានៅមានតម្រូវការពីការជួយពីមិត្តភក្តិ ក៏ប៉ុន្តែសម្រាប់កម្ពុជាខ្លួនឯងក៏ត្រូវខំប្រឹងជាមួយនឹងការដាក់ចេញនូវគោលដៅស្តីពីបញ្ហាលំហូរថវិកាសម្រាប់ទ្រទ្រង់សកម្មភាពដោះមីន។
មកដល់ពេលនេះថវិកាដែលទទួលបានពីសប្បុរសជន ប្រមាណជាង១៨ លានដុល្លារអាមេរិកនោះ ថវិកាប្រមាណ ១០លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់បោសសំអាតមីននៅតាមតំបន់គោលដៅ ហើយថវិកាដែលនៅសល់មានប្រមាណជា ៨ លានដុល្លារ ទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏នៅតែបន្តអំពាវនាវដល់សប្បុរសជនដែលជាអ្នកមានលទ្ធភាពរបស់កម្ពុជា ដើម្បីជួយកម្ពុជាខ្លួនឯងក្នុងនាមជាម្ចាស់ផ្ទះ។
សម្ដេចតេជោមានប្រសាសន៍ថា ៖ «ខ្ញុំមានអារម្មណ៍ថា នៅពេលដែលស្ថានភាពកូវីដមានការធូរស្រាល អាចនឹងមានការកាត់បន្ថយលើការចំណាយនេះសម្រាប់ទ្រទ្រង់ជីវិភាព របស់ប្រជាពលរដ្ឋដែលរងការប៉ះពាល់។ ដូចនេះយើងអាចមានលំហូរសម្រាប់សកម្មភាពមីនដែលមិនត្រូវឱ្យខ្វះនោះទេ ព្រោះយើងត្រូវធ្វើការងារនេះ ដើម្បីធានាថានៅឆ្នាំ២០២៥ កម្ពុជានឹងគ្មានគ្រាប់មីនទៀតនោះទេ»។
«បើគ្មានការប្តេជ្ញាចិត្ត គ្មានការតាំង នោះយើងនឹងមិនអាចដោះមីនអស់បានពីទឹកដីកម្ពុជានោះទេ។ បើយើងបញ្ចប់បានបញ្ហាមីននៅកម្ពុជា វាជារឿងមួយដែលជាកុសលផលបុណ្យរបស់យើង ដែលប្រទេសមួយនេះរងគ្រោះច្រើនពេកហើយ។ សង្រ្គាមបានចប់ ប៉ុន្តែមីនមិនទាន់ចប់ ហើយខ្ញុំបានលើកបញ្ហាមីននេះជាមួយនឹងប្រធានាធិបតីអាមេរិកផងដែរ»។
អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លី ធុជ បានថ្លែងក្នុងពិធីនេះថា ជាការពិត ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅកម្ពុជាបានចាប់ផ្តើមតាំងពីក្រោយថ្ងៃរំដោះ ១៩៧៩ មកម្ល៉េះ។
លោកថា ឆ្នាំ១៩៩២ ការបោសសម្អាតមីនមនុស្សធម៌ ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានចាប់ផ្តើម ដោយមានកម្មវិធីសកម្មភាពមីនពេញលេញ ដែលក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់លានគ្រាប់ និងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»។
លោក លី ធុជ បានថ្លែងថា ៖ «ដូចយើងទាំងអស់គ្នា បានដឹងហើយថា សកម្មភាពមីន មិនមែនគ្រាន់តែជាសកម្មភាពបច្ចេកទេសនោះទេ តែជាសកម្មភាពដែលកើតចេញពីបេះដូង។ ការប្តេជ្ញាចិត្ត និងការលះបង់របស់អ្នកបម្រើការងារសកម្មភាពមីន ផ្តើមចេញពី ក្តីមេត្តា និងអាណិតអាសូររបស់ខ្លួន ទៅកាន់ប្រជាជន ដែលជីវិត និងជីវភាពរបស់ពួកគាត់ កំពុងទទួលការគម្រាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។
សូមបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលបានឯកភាពឱ្យអាជ្ញាធរមីនរៀបចំ «សន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះ» នៅកម្ពុជា ដែលនឹងមានប្រទេសប្រមាណ ៣៦ ចូលរួម។
ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាមានពេលប្រមាណបីឆ្នាំ ទៀត ដើម្បីបន្តការបោសសម្អាតមីនសំដៅឈានដល់ការសម្រេចបានគោលដៅចុងក្រោយ គឺកម្ពុជាមិនមានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ ២០២៥ ជាមួយនឹងការគំរាមដោយសំណល់ជាតិផ្ទុះនឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បរមា។
កម្ពុជាបានឈានទៅដល់ការប្រកាសខេត្ត រាជធានីចំនួនប្រាំ គ្មានមីន រួមមាន៖ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងនោះ ភូមិចំនួន ១ ៧០៥ ត្រូវបានប្រកាសជាភូមិអស់មីនផងដែរ៕
ដោយ៖នាង សុគន្ធា និង សំប៉ាន ចន្ទដារ៉ា