អបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»
ក្រសួងបរិស្ថាន សហការជាមួយក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) និងរដ្ឋបាលខេត្តមណ្ឌលគីរី រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» ដោយមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់។
ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នេះ នឹងធ្វើឲ្យគ្រប់មជ្ឈដ្ឋានបានឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីក្នុងការថែរក្សាអនាម័យបរិស្ថាន និងជាសារបញ្ជូនទៅកាន់គ្រប់ទិសទីនៃប្រទេសកម្ពុជាថា «ការថែរក្សាអនាម័យបរិស្ថានគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា និងជាការចូលរួមថែរក្សាការពារមាតុភូមិកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា»។ ព្រឹត្តិការណ៍នេះ ក៏នឹងជំរុញប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលជាផ្នែកមួយជួយឱ្យភូមិ ឃុំ សង្កាត់ របស់យើងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងមានភាពបៃតង ស្របតាមលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពគឺ “មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ”។
លោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី ក្នុងនាមរដ្ឋបាលខេត្ត សូមដាស់តឿនក្រើនរម្លឹកដល់បណ្ដាមន្ទីរអង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័បរិស្ថាន និងថែរក្សាបរិស្ថានឱ្យបានជាប់ជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន និងធ្វើការអប់រំផ្សព្វផ្សាយពីការគ្រប់គ្រង និងទុកដាក់សំរាមនិងសំណល់រឹងឲ្យបានត្រឹមត្រូវ។
លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) ថ្លែងថា ចាប់តាំងពីការចាប់ផ្តើមអាជីវកម្ម វីតាល់ បានកំណត់អាទិភាពការងាររបស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសាដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម និងការឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម ជាកិច្ចការមួយទៀតដែល វីតាល់ បានប្រកាន់ភ្ជាប់។ ក្នុងនោះ របៀបវារៈនៃការចូលរួមចំពោះបរិស្ថាន មូលនិធិ វីតាល់២៥៛ បានដាក់ចេញនូវគម្រោងមួយចំនួន ដែលទទួលបានការសាទរ និងជាគំរូដល់ ក្រុមអ្នក ផលិតទឹកពិសានៅកម្ពុជា។ ក្នុងនោះកាលពីខែសីហា ឆ្នាំ២០១៥ វីតាល់ បានរៀបចំឱ្យមានគម្រោង Vital Go Green តាមរយៈការឈប់ប្រើប្រាស់ប្លាស្ទិក លើគម្របដប មុនដំបូងគេសម្រាប់ផលិតផលទឹកពិសាក្នុងស្រុក នៅកម្ពុជា ដែលគំរូនេះបានក្លាយជាចលករនៃការផ្លាស់ប្តូរបរិបទ នៃការផលិតទឹកពិសា ដោយពុំមានប្លាស្ទិក លើគម្របដបសម្រាប់ទីផ្សារកម្ពុជា។ បន្តបន្ទាប់ វីតាល់ បានចូលរួមបន្ថែមទៀត តាមរយៈការកាត់បន្ថយកម្រាស់ជ័រដប និងគាំទ្រដល់គំនិតផ្តួចផ្តើមបរិស្ថានផ្សេងៗ មានដូចជាការស្តាឡើងវិញ នូវថ្នាលបណ្តុះដើមកោងកាង ដែលជាគម្រោងរបស់វីតាល់ ជាមួយក្រសួងបរិស្ថានសម្រាប់ឆ្នាំ២០២៣ ការចូលរួមផ្តល់នូវថង់បរិស្ថាន តាមបណ្តាលផ្សារ នៅរាជធានីភ្នំពេញ និងគម្រោងបរិស្ថានផ្សេងៗ ជាច្រើនទៀត។
លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា ការរៀបចំទិវានេះឡើងដើម្បីបំផុសចលនាសាធារណជន ប្រជាពលរដ្ឋ ស្ថាប័នសាធារណៈនិងឯកជន ចូលរួម យកចិត្តទុកដាក់លើអនាម័យ សោភ័ណភាព និងបរិស្ថានបៃតង នៅហ្នឹងមូលដ្ឋាន និងទីសាធារណៈ តាមរយៈការចូលរួមអនុវត្តសកម្មភាពមេត្រីភាពបរិស្ថាន។ សកម្មភាពនានានៃទិវានេះ នឹងជំរុញការអនុវត្តការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅរាជធានី ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសលក្ខណៈសម្បត្តិទី៦គឺ “មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ”៕ ដោយ ៖ ទាវ សារៈមុនិន្ទ