សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតលើកទី៤៣ បានអនុញ្ញាតឱ្យឯកឧត្តម Amed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្តែងការគួរសមនៅក្នុងឱកាសដែលឯកឧត្តមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម Amed Bin Mohamed Aljarwan បានជម្រាបជូនសម្តេចថា បេសកកម្មរបស់អង្គការក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ដែលនៅពេលនេះមានសមាជិកចំនួន៩៥ សុទ្ធសឹងជាសភាប្រទេសនានានៅក្នុងសកលលោក ។

ឯកឧត្តមបានគូសបញ្ជាក់ថា ពេលខាងមុខអង្គការ GCTP នឹងបើកការិយាល័យតំបន់ប្រចាំនៅកម្ពុជា ហើយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា នឹងត្រូវក្លាយជាប្រធាន GCTP នៅក្នុងអាណត្តិរយៈពេលមួយឆ្នាំ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម Amed Bin Mohamed Aljarwan បានគោរពស្នើសុំសម្តេចប្រធានជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការ GCTP និងសភាកម្ពុជា ហើយបានបញ្ជាក់ ភាពជាប្រធាននៃអង្គការនេះ នឹងជួយជំរុញកិច្ចសហប្រតិការរវាងអង្គការ GCTP និងស្ថាប័នរដ្ឋសភាដ៏ទៃទៀតឱ្យបានកាន់តែយល់ដឹងអំពីវប្បធម៌ និងការស្រឡាញ់សុខសន្តិភាព របស់កម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ ឯកឧត្តម Amed Bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បី ភាពអត់ឱន និងសន្តិភាព និងសហការី ដែលបានមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅកម្ពុជា។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចប្រធានរដ្ឋសភា បានឯកភាព នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់របស់សភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពនៅក្នុងឆ្នាំ២០២៣ខាងមុខ៕ ដោយ / គ្រី សម្បត្តិ + ហេង សម្បត្តិ

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner