កម្ពុជា-អឺរ៉ុប ជំរុញការធ្វើទំនើបកម្មវិស័យដឹកជញ្ចូនសាធារណៈ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Doppelmayr Group ដែលជាក្រុមល្បីឈ្មោះមួយខាងប្រព័ន្ធដឹកជញ្ជូនរបស់អឺរ៉ុប បានចាត់ទុកថា វិស័យដឹកជញ្ជូនសារធារណៈពិតជាបានរួមចំណែកសំខាន់ ឆ្លើយតបទៅនឹងកំណើនដ៏ឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។

ជាមួយគ្នានេះ បច្ចុប្បន្នកម្ពុជា -អឺរ៉ុប បានកំពុង ជំរុញការវិនិយោគលើធ្វើទំនើបកម្មវិស័យដឹកជញ្ចូនសាធារណៈ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត។
ថ្លែងក្នុងជំនួបជាមួយក្រសួងសារធារណការនិងដឹកជញ្ជូន កាលថ្ងៃទី២៣ ខែវិច្ឆិកា លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group បានឱ្យដឹងថា ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹកជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប(Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូន អ្នកដំណើរប្រកដោយបទពិសោធន៍ និងការច្នៃប្រឌិតខ្ពស់។

ហេតុនេះ លោកថា ដើម្បីជំរុញទំនើបកម្មវិស័យដឹកជញ្ចូនសាធារណៈរបស់កម្ពុជាឱ្យកាន់តែខ្លាំង ក្រុមហ៊ុនលោក ចង់វិនិយោគសង់កន្រ្តកខ្សែកាបនៅកម្ពុជា ព្រោះថាគុណសម្បត្តិនៃការជ្រើសយកការដឹកជញ្ជូនដោយ “កន្រ្តកខ្សែកាប” (Cable Car) អាចមកបម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុង តំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

បន្ថែមពីលើនេះ តំណាងក្រុមហ៊ុនអឺរ៉ុបរូបនេះ ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា តាមរយៈការសង់កន្រ្តកខ្សែកាបនេះ ដោយសារតែមើលឃើញពីភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយប្រកបដោយនិរន្តភាព និងការគិតគូរដល់បរិស្ថាន។
ជាការឆ្លើយតប ឯកឧត្យម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រៀបការយល់ដឹង ពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់។

លោកបានបន្តថា ក្រសួងសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះបានកាន់តែច្រើនឡើង។

ឯកឧត្តមបានអះអាងថា ៖ «វិស័យដឹកញ្ជូន គឺជាកត្តាមួយដែលត្រូវយកចិត្តទុកដាក់ជាចម្បង ខណៈបច្ចុប្បន្ន រដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីឆ្លើយតបទៅនឹងកំណើនដឹកជញ្ជូនដែលកំពុងតែមានកំណើនយ៉ាងឆាប់រហ័សនេះ»។

ជាក់ស្តែង លោកថា នាពេលប្ចុប្បន្ន ក្រសួងសារធារណៈការ ក៏បានធ្វើការសិក្សាលើគម្រោងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង ក៏ដូចជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែមដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន ក្នុងនាមជាប្រទេសដែលកំពុងអភិវឌ្ឍមួយក្នុងតំបន់ផងដែរ។

សូមបញ្ជាក់ថា បើតាមវេទិកាដឹកជញ្ជូនអន្តរជាតិកាលពីឆ្នាំ២០២២ (The ITF Transport Outlook 2022) បានព្យាករណ៍ថា តម្រូវការដឹកជញ្ជូនសម្រាប់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ខាងមុខ ជាពិសេសនៅក្នុងតំបន់អាស៊ី ដែលវាឆ្លុះបញ្ចាំងពីការអភិវឌ្ឍសេដ្ឋកិច្ច និងការតភ្ជាប់ដែលមានភាពប្រសើរឡើង ហើយតម្រូវការដឹកជញ្ជូនអ្នកដំណើរទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនឡើងបីដងនៅឆ្នាំ២០៥០។

បើតាមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងថា កម្ពុជា កំពុងរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែប្រសើរសម្រាប់ការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។

ជាងនេះទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា ក៏បានឱ្យដឹងដែរថា កម្ពុជា ត្រូវការថវិកាប្រមាណ ជិត៥០ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ឱ្យកាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជាជាដើម។

តាមរយៈផែនការ និងការធ្វើកំណែទម្រង់លើវិស័យដឹកជញ្ជូននាពេលនេះ អ្នកជំនាញបានវាយតម្លៃថា នៅថ្ងៃខាងមុខវិស័យដឹកជញ្ជូននៅកម្ពុជា នឹងមានស្ថានភាពកាន់តែល្អប្រសើរ និងរួមចំណែកជួយកំណើនសេដ្ឋកិច្ចផងដែរ៕ ដោយ៖បូរ ពេជ្រហ្សាលីន

ads banner