ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា និងលើកទិសដៅការងារបន្ត

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ។

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះឡើងគឺដើម្បីប្រកាសសមាសភាពក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា និងដើម្បីជួបពិភាក្សាពិគ្រោះយោបល់រៀបចំផែនការយុទ្ធសាស្ត្រ និងយុទ្ធនាការក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋ។

ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា តាមផែនការរបស់ក្រសួងមហាផ្ទៃ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតានេះត្រូវធ្វើឱ្យបានចប់នៅសព្វគ្រប់នៅត្រឹមថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម សន្តិបណ្ឌិត បានណែនាំថា ដើម្បីអនុវត្តឱ្យបានសម្រេចជោគជ័យលើផែនការនេះ ក្រុមការងារត្រូវចូលរួមមតិយោបល់ជាធាតុចូលឱ្យបានច្រើនបំផុតដើម្បីពិភាក្សាដាក់ចូលក្នុងផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តផែនការសកម្មភាពនេះឱ្យបានពេញលេញ និងសម្រេចបានតាមការរំពឹងទុក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុក ម៉ៃឧត្តម អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអាននូវសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ថា ក្រុមការងារនេះមានសមាសភាពដឹកនាំចំនួន ១៩រូប ដែលមានប្រធានចំនួន០១រូប ដឹកនាំដោយ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អនុប្រធានចំនួន ០៤រូប សមាជិ ចំនួន០៨រូប និងក្រុមជំនួយការនៃក្រុមការងារ ចំនួន ០៦រូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ក្រុមការងារនេះ ត្រូវបំពេញតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ដើម្បីដាក់ចេញផែនការសកម្មភាព ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋ ដែលកានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរអស់សុពលភាព ឬអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ជិតអស់សុពលភាព (មុនរយៈពេល៩០ថ្ងៃ)។

ទន្ទឹមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣ ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញ និងពន្លឿនការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលអស់សុពលភាព ឬជិតអស់សុពលភាព (មុនរយៈពេល៩០ថ្ងៃ) ឬបាត់ និងខូច ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានទាន់ពេលវេលា។ នៅក្នុងនេះចាប់ពីថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានខំខិតផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យចូលរួមអនុវត្តបំពេញបែបបទនីតិវិធីដើម្បីធ្វើឡើងវិញសម្រាប់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលអស់សុពលភាព ឬជិតអស់សុពលភាព ឬបាត់ និងខូច បានយ៉ាងទូលំទូលាយផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner