សង្គ្រាមអ៊ុយក្រែន៖ លោកស្រី មែរគែល ថាលោកស្រីគ្មានឥទ្ធិពលលើលោក ពូទីនឡើយ
អាល្លឺម៉ង់៖អតីតអធិការបតីអាល្លឺម៉ង់លោកស្រី អង់ហ្គេឡា មែរគែល បានការពារគោលនយោបាយរបស់លោកស្រីចំពោះរុស្ស៊ី មុនពេលមានការឈ្លានពានក្នុងខែកុម្ភៈលើអ៊ុយក្រែន ដោយលើកឡើងថា លោកស្រីអស់អំណាចអ្វីដែលមានឥទ្ធិពលលើលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទៀតហើយ។
លោកស្រី មែរគែល បាននិយាយថា លោកស្រីបានព្យាយាមកោះប្រជុំកិច្ចពិភាក្សាអឺរ៉ុប ជាមួយមេដឹកនាំរុស្ស៊ី និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅរដូវក្តៅឆ្នាំ ២០២១។
លោកស្រី បានប្រាប់សារព័ត៌មាន Spiegel ថាលោកស្រីគ្មានអំណាច អាចធ្វើឱ្យកិច្ចពិភាក្សាកើតឡើងនោះទេ។ «ពិតណាស់ អ្នកគ្រប់គ្នាដឹងថា នៅរដូវស្លឹកឈើជ្រុះស្ត្រីម្នាក់នេះ នឹងលែងមានតំណែងជាប្រមុខដឹកនាំអាល្លឺម៉ង់ទៀតហើយ»។
បន្ទាប់ពីកាន់តំណែងជាអធិការបតី ៤អាណត្តិ លោកស្រី មែរគែល បានចាកចេញពីតួនាទីនេះក្នុងខែធ្នូ ឆ្នាំ២០២១។ លោកស្រី បានទៅបំពេញទស្សនកិច្ចចុងក្រោយនៅទីក្រុងមូស្គូ កាលខែសីហា ឆ្នាំ ២០២១ ហើយបានប្រាប់ទស្សនាវដ្តីព័ត៌មានអាល្លឺម៉ង់ថា៖ «អារម្មណ៍គឺច្បាស់ណាស់ថា លក្ខខណ្ឌនៃអំណាចនយោបាយរបស់អ្នកបានបញ្ចប់ហើយ»។
«សម្រាប់ពូទីន មានតែអំណាចទេដែលមានទម្ងន់»។ លោកស្រីអតីតធិការបតីអាល្លឺម៉ង់ បានបន្ថែម។
មុនប្រតិបត្តិការឈ្លានពានរបស់លោកពូទីន លើអ៊ុយក្រែន នៅពេលដែលរុស្ស៊ីចល័តទ័ពយ៉ាងច្រើនតាមព្រំដែនអ៊ុយក្រែន មានមនុស្សជាច្រើនបានលើកឡើងថាលោកស្រី មែរគែល និងមេដឹកនាំសហភាពអឺរ៉ុបផ្សេងទៀត គួរតែអនុវត្តវិធីសាស្រ្តដ៏តឹងរ៉ឹងតបទៅកាន់វិមានក្រឹមឡាំង។
អ្នកជំនាញខាងគោលនយោបាយការបរទេសនៅក្នុងគណបក្សបក្សស្តាំអភិរក្សនិយម (CDU) របស់លោកស្រី មែរគែល គឺសមាជិកសភាលោក Roderich Kiesewetter ស្ថិតក្នុងចំណោមអ្នកដែលនិយាយថាលោកស្រី ដឹងថាលោក ពូទីន កំពុងព្យាយាមបំបែក និងធ្វើឱ្យអឺរ៉ុបចុះខ្សោយ។ ប៉ុន្តែលោកស្រី ជឿថា «អំណាចទន់» គឺជាវិធីសាស្រ្តត្រឹមត្រូវ។ លោក បាននិយាយមុនការឈ្លានពានរបស់រុស្ស៊ីដែរថា អាល្លឺម៉ង់ពឹងលើឧស្ម័នរបស់រុស្ស៊ីពេក។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Spiegel លោកស្រី មែរគែល បាននិយាយថា ជំហររបស់លោកស្រី ចំពោះអ៊ុយក្រែន នៅក្នុងកិច្ចចរចាសន្តិភាពទីក្រុងមីនស្កិ៍ (Minsk) បានទិញពេលវេលាសម្រាប់ឲ្យទីក្រុងកៀវ ការពារខ្លួនឱ្យបានកាន់តែប្រសើរឡើងប្រឆាំងនឹងយោធារុស្ស៊ី។
កិច្ចព្រមព្រៀងបទឈប់បាញ់មួយត្រូវសម្រេចបាននៅទីក្រុងមីនស្កិ៍ បន្ទាប់ពីរុស្ស៊ីបញ្ចូលឧបទ្វីបគ្រីមេរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០១៤ និងក្នុងអំឡុងពេលសង្គ្រាមនៅក្នុងតំបន់ដុនបាស់ (Donbas)។ ប៉ុន្តែចំណុចសំខាន់ៗ រួមទាំងការរំសាយអាវុធ និងការត្រួតពិនិត្យពីអន្តរជាតិមិនត្រូវបានអនុវត្តទេ។
លោកស្រី មែរគែល បានរំលេចថា លោកស្រី មិនសោកស្តាយចំពោះការចាកចេញពីតំណែងនៅក្នុងខែធ្នូឡើយ ដោយសារតែលោកស្រី មានអារម្មណ៍ថា រដ្ឋាភិបាលលោកស្រី ទទួលបរាជ័យក្នុងការធ្វើឱ្យមានការរីកចម្រើន មិនត្រឹមតែលើវិបត្តិអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើជម្លោះនៅក្នុងប្រទេសម៉ុលដាវី ហ្សកហ្ស៊ី ស៊ីរី និងលីប៊ី ដែលទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី។
ទាំងលោកស្រី មែរគែល និងលោកពូទីន សុទ្ធតែមានបទពិសោធន៍ផ្ទាល់ក្នុងជីវិត នៅប្រទេសកុម្មុយនីស្តអាល្លឺម៉ង់ខាងកើត។ លោកស្រី មែរគែល បានធំដឹក្តីឡើងនៅទីនោះ ហើយលោក ពូទីន វិញ បានបម្រើការនៅទីនោះក្នុងនាមជាមន្ត្រីទីភ្នាក់ងារសន្តិសុខដ៏សំខាន់សម្រាប់សហភាពសូវៀត (KGB) ដោយធ្វើការងារស៊ើបការណ៍សម្ងាត់។ លោក ពូទីន និយាយភាសាអាល្លឺម៉ង់យ៉ាងស្ទាត់ជំនាញ ហើយលោកស្រី មែរគែល អាចនិយាយភាសារុស្សីបានខ្លះៗ៕
ដោយ៖ លី លីយ៉ា