មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កោះហៅការប្រជុំដើម្បីពិនិត្យកិច្ចការរដ្ឋ
ព្យុងយ៉ាង៖ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះហៅឱ្យមានកិច្ចប្រជុំ ឬសន្និសីទនយោបាយដ៏ធំមួយមុនដំណាច់ឆ្នាំ ដោយរំពឹងថានឹងលើកឡើងអំពីទំនាក់ទំនងដ៏តានតឹងរបស់លោកជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ជុំវិញការពង្រីកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី០១ ខែធ្នូ នេះថា លោក គីម បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃការិយាល័យនយោបាយរបស់គណបក្សកម្មករ ដែលកំពុងកាន់អំណាច។ ក្នុងកិច្ចប្រជុំនោះ សមាជិកបានពិនិត្យមើលការអនុវត្តគោលនយោបាយរដ្ឋនៅឆ្នាំ ២០២២ ហើយបានសម្រេចចិត្តរៀបចំកិច្ចប្រជុំពេញអង្គធំជាងនៃគណៈកម្មាធិការកណ្តាលរបស់បក្ស នៅចុងខែធ្នូ ដោយមិនបញ្ជាប់ថាពេលណាឱ្យច្បាស់នៅឡើយទេ។
សូមបញ្ជាក់ដែរថា មេដឹកនាំកូរ៉េខាងជើងប៉ុន្មានឆ្នាំចុងក្រោយននេះ បានប្រើប្រាស់សន្និសីទនយោបាយនៅចុងខែធ្នូ ឬដើមខែមករា ដើម្បីពិនិត្យមើលកិច្ចការរដ្ឋ និងបង្ហាញពីគោលដៅសំខាន់បំផុតរបស់លោកលើគោលនយោបាយសេដ្ឋកិច្ច និងការបរទេស និងការអភិវឌ្ឍអាវុធ។ វាអាចទៅរួចដែលថា កិច្ចប្រជុំធំដូច្នេះ កំពុងជំនួសមុខងារនៃការថ្លែងសុន្ទរកថាថ្ងៃចូលឆ្នាំថ្មីរបស់ លោក គីម ជាអ្វីដែលលោកខានធ្វើចាប់តាំងពីឆ្នាំ ២០២០មក។
KCNA រាយការណ៍ថា ក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃពុធនៅទីក្រុងព្យុងយ៉ាង លោកគីមបានទទូចថាកូរ៉េខាងត្បូងនៅឆ្នាំនេះបានយកឈ្នះលើភាពលំបាកដែលមិនធ្លាប់មានពីមុនមក ទាំងក្នុង និងខាងក្រៅប្រទេស ដើម្បីសម្រេចបាននូវវឌ្ឍនភាពក្នុងការអភិវឌ្ឍន៍ជាតិ និងលើកកំពស់កិត្យានុភាព និងកិត្តិយសរបស់ប្រទេស។
សូមរំឭកថា ក្នុងឆ្នាំ ២០២២ នេះ កូរ៉េខាងជើងបានបង្កើនការបាញ់សាកល្បងអាវុធរបស់ខ្លួនក្នុងល្បឿនមិនធ្លាប់មានពីមុនមក រួមទាំងការបាញ់មីស៊ីលរំលងប្រទេសជប៉ុន និងមីស៊ីលផ្លោងអន្តរទ្វីបដែលមានសមត្ថភាពដើរដល់សហរដ្ឋអាមេរិក។ សកម្មភាពនេះ បានបង្កឱ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ និងក្នុងតំបន់ និងធ្វើឱ្យមានការប្រទាញប្រទង់បាក់បាក់បែកគ្នានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានរុស្ស៊ី និងចិនកាន់ជើងកូរ៉េខាងជើង។
បើតាមសេចក្ដីរាយការណ៍របស់ KCNA លោក គីម បានពណ៌នាឆ្នាំ ២០២៣ ខាងមុខថាជាឆ្នាំដ៏សំខាន់សម្រាប់ការសម្រេចបាននូវគោលដៅដែលបានកំណត់ក្រោមផែនការរយៈពេល ៥ ឆ្នាំ ដែលបង្កើតឡើងក្នុងអំឡុងសមាជបក្សកាន់អំណាចក្នុងខែមករា ឆ្នាំ២០២១ ពោលគឺនៅពេលដែលលោកប្តេជ្ញាថានឹងកែប្រែសេដ្ឋកិច្ចកូរ៉េខាងជើង ហើយជំរុញការទប់ទល់ផ្នែកនុយក្លេអ៊ែរនៅចំពោះមុខសហរដ្ឋអាមេរិក ដែលដឹកនាំការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងព្យុងយ៉ាង។
ក្នុងអំឡុងសមាជនាពេលនោះ លោក គីម បានចេញបញ្ជីផែនការដ៏វែងនៃការបង្កើតសព្វាវុធទំនើបៗ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបដ៏មានឥទ្ធិពល អាវុធលឿនជាងសំឡេង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ផ្កាយរណបចារកម្ម និងអាវុធនុយក្លេអ៊ែរតាកទិក៕
ដោយ៖ហួន ឌីណា ប្រភព៖ North Korea’s Kim calls for meeting to review state affairs