រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ផ្តល់អាហារូបករណ៍ចំនួន ២០កន្លែង សម្រាប់សិក្សានៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ ដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី បានផ្តល់អាហាររូបការណ៍និស្សិតចំនួន២០កន្លែងនៅមជ្ឈមណ្ឌលនេះផងដែរ។
គួរបញ្ជាក់ថា ពិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយគេឃើញមានការចូលរួមពី សំណាក់ មន្រ្តីជាន់ខ្ពស់ ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី សិស្សជ័យលាភី ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រីជំនាញបច្ចេកវិទ្យាឌីជីថលបានចំនួនយ៉ាងច្រើន ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ពិតជាចង់ឃើញការកើតឡើងនៃមជ្ឈមណ្ឌលអភិវឌ្ឍសមត្ថភាពជំនាញឌីជីផលឱ្យមានកាន់តែច្រើន ដើម្បីគាំទ្រ និងជំនរុញការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ឱ្យបានច្រើនបន្ថែមទៀតនាពេលអនាគត។ ក្នុងរយៈពេលកន្លងមកនេះ សិស្សដែលបានបញ្ចប់ការសិក្សាមួយចំនួនត្រូវបានជ្រើសរើសឱ្យចូលបម្រើការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមអភិវឌ្ឍសហ្វវែរ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងទៀត សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ បន្ថែមពីនេះទៀត ដើម្បីជាការលើកទឹកចិត្តបន្តទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ២០កន្លែង សម្រាប់សិក្សានៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ផងដែរ ៕ ដោយ៖ ម៉ាដេប៉ូ