ប្រមុខការទូតរុស្ស៊ីចេញមុខចោទអង្គការណាតូ និងសហរដ្ឋអាមេរិកថា កំពុងដើរតួសង្គ្រាមដោយផ្ទាល់នៅអ៊ុយក្រែន
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារូវ ក្នុងថ្ងៃព្រហស្បតិ៍ទី០១ ខែធ្នូនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង្គការណាតូចំៗថា បានដើរតួនាទីដោយផ្ទាល់ និងគ្រោះថ្នាក់នៅក្នុងសង្គ្រាមអ៊ុយក្រែន។
ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំនៅទីក្រុងម៉ូស្គូ លោក ឡារូវ បានបញ្ជាក់យ៉ាងដូច្នេះថា យើងកំពុងរំខានដល់បរិក្ខារថាមពលនៅអ៊ុយក្រែន ដែលអនុញ្ញាតឱ្យលោកខាងលិចបញ្ជូនអាវុធដ៍ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងអ៊ុយក្រែន ដើម្បីសម្លាប់ជនជាតិរុស្ស៊ី… ដូច្នេះកុំនិយាយថា សហរដ្ឋអាមេរិក និងណាតូ មិនមែនជាអ្នកចូលរួមនៅក្នុងសង្រ្គាមនេះ។ ក្នុងនោះមិនត្រឹមតែការផ្គត់ផ្គង់សព្វាវុធប៉ុណ្ណោះទេ តែថែមទាំងមានការបណ្តុះបណ្តាលយោធាអ៊ុយក្រែននៅលើទឹកដីរបស់ពួកគេផងដែរ។
ជាងនេះទៅទៀតនោះ ប្រមុខការទូតរុស្ស៊ីរូបនេះ ក៏បានចោទប្រកាន់អាមេរិក និងអង្គការណាតូ ពីការព្យាយាមបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង រួមទាំងការប៉ុនប៉ងបំផ្លិចបំផ្លាញស្ថាប័នក្នុងតំបន់ ដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់កិច្ចសន្ទនា ដូចជាអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅអាស៊ីជាដើម៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា