មនុស្សពីរនាក់ស្លាប់ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅឥណ្ឌូណេស៊ី
ឥណ្ឌូនេស៊ី ៖ អាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយថា នៅថ្ងៃទី៧ខែធ្នូនេះមានមនុស្សពីរនាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនាប៉ុស្តិ៍ប៉ូលីសមួយកន្លែង។ប៉ូលីសឱ្យដឹងថា ជនសង្ស័យបានកាន់កាំបិតចូលប៉ុស្តិ៍ប៉ូលីស និងបានបំផ្ទុះខ្លួនឯងភ្លាមៗបន្ទាប់ពីចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសក្នុងទីក្រុង Bandung ។
ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថា ធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ដោយមិនទាន់បញ្ជាក់អំពីហេតុផលដែលអាចកើតមាននៅឡើយ។
ប្រធានការិយាល័យព័ត៌មានសាធារណៈនៃអគ្គស្នងការនគរបាលឥណ្ឌូណេស៊ីលោក Ahmad Ramadhan បាននិយាយថា ប៉ូលិសក្រុង Bandung កំពុងសហការជាមួយអង្គភាពប្រឆាំងភេរវកម្ម ស៊ើបអង្កេតរឿងនេះ។
លោក Ibnu Suhendra នៃទីភ្នាក់ងារប្រឆាំងភេរវកម្មឥណ្ឌូនេស៊ី (BNPT) បានប្រាប់ទូរទស្សន៍ Metro TV ថា ក្រុម Jamaah Ansharut Daulah (JAD) ដែលបំផុសគំនិតដោយរដ្ឋអ៊ីស្លាម ប្រហែលជានៅពីក្រោយការវាយប្រហារនេះ។ លោកបាននិយាយថា JAD បានវាយប្រហារស្រដៀងគ្នានេះកាលពីពេលកន្លងទៅនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
ការបំផ្ទុះគ្រាប់បែកនេះបានសម្លាប់អ្នកបំផ្ទុះខ្លួនឯង និងមន្ត្រីម្នាក់ ហើយអំបែងគ្រាប់បានខ្ទាតបណ្ដាលឱ្យមនុស្សប្រាំបីនាក់ផ្សេងទៀតរងរបួស។ អ្នករងគ្រោះមាន មន្រ្តីប៉ូលីស អ្នករដ្ឋកាស៊ីវិល ជនស៊ីវិលម្នាក់ផង។
មន្ត្រីប៉ូលិសក្រុង Bandung លោក Aswin Sipayung បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ការផ្ទុះបានកើតឡើងបន្ទាប់ពីបុរសកាន់កាំបិតនោះបានចូលទៅក្នុងអគារប៉ូលិសនៅម៉ោងប្រហែល ៨.២០ ព្រឹកម៉ោងនៅឥណ្ឌូណេស៊ី។
លោក Aswin Sipayung ថា៖ «បុរសម្នាក់កាន់អាវុធដ៏ស្រួចចូលទៅកាន់ប៉ុស្តិ៍ប៉ូលិស ខណៈដែលប៉ូលីស កំពុង ហៅទូរស័ព្ទ។បន្ទាប់អ្នកនោះបានបំផ្ទុះគ្រាប់បែកអត្តឃាត ដោយបានសម្លាប់ខ្លួនឯង និងធ្វើឲ្យមន្ត្រីទាំងបីនាក់រងរបួស»។
វីដេអូពីទូរទស្សន៍ Metro TV បានបង្ហាញពី ស្ថានីយ៍ប៉ូលីសដែលខូចខាតដោយសារគ្រាប់បែក និងកំទេចកំទីមួយចំនួនពីអាគារនៅលើដី ព្រមទាំងផ្សែងហុយចេញពីកន្លែងកើតហេតុ។ អ្នកស្រុកបានប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំង។
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនមូស្លីមធំជាងគេលើពិភពលោក មានប្រវត្តិនៃការវាយប្រហារភេរវកម្មក្នុងស្រុក។ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្ក្រាបក្រុមសកម្មប្រយុទ្ធ ឥណ្ឌូនេស៊ីបានបង្កើតច្បាប់ប្រឆាំងភេរវកម្មថ្មីដ៏តឹងតែងមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតពាក់ព័ន្ធនឹងក្រុម JAD៕
ដោយ៖វណ្ណ ស័ក្ដិ