លោក ប្រាយុទ្ធ ចេញបញ្ជាឱ្យរឹតបន្តឹងសុវត្ថិភាព ស្របពេលការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិកំពុងកើនឡើងខ្លាំង
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យបង្កើនសន្តិសុខសម្រាប់ភ្ញៀវទេសចរ ខណៈដែលចំនួនភ្ញៀវបរទេសចូលមកក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅតែបន្តកើនឡើងខ្លាំង។
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោក Traisuree Taisaranakul ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា លោក ប្រាយុទ្ធ បានជំរុញឱ្យនាយកដ្ឋានពាក់ព័ន្ធ ប៉ូលីស និងប្រតិបត្តិករអាជីវកម្មទេសចរណ៍ បង្កើនវិធានការសន្តិសុខនៅគ្រប់ទីកន្លែង ហើយធានាសុវត្ថិភាពសុខភាពសាធារណៈជូនដល់ភ្ញៀវទេសចរអន្តរជាតិ។
លោកថា ដើម្បីឆ្លើយតបទៅនឹងលំហូរភ្ញៀវទេសចរ ដែលបន្តស្ទុះឡើងក្នុងរដូវកាលអំណោយផលនោះ ការធានាសុវត្ថិភាពទាំងភ្ញៀវទេសចរថៃ និងភ្ញៀវបរទេស គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរក្សាទំនុកចិត្តរបស់ពួកគេលើការធ្វើដំណើរក្នុងប្រទេសថៃ។
គិតត្រឹមថ្ងៃទី៥ ខែធ្នូនេះ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន៩.៧៨លាននាក់នៅឆ្នាំ២០២០។ ទន្ទឹមគ្នា អាជ្ញាធរទេសចរណ៍ថៃ បានរំពឹងថា ចំនួនភ្ញៀវទេសចរសរុបនឹងកើនឡើងដល់១០លាននាក់នៅត្រឹមថ្ងៃទី១០ ខែធ្នូខាងមុខនេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា