លោក ពូទីន បើកចំហរទ្វារចំពោះការដោះដូរអ្នកទោសបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា លោកនឹងបើកចំហរ ចំពោះការផ្លាស់ប្តូរអ្នកទោសបន្ថែមទៀតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង ដើម្បីដោះលែងតារាបាល់បោះ នាង Brittney Griner និងឈ្មួញអាវុធរុស្ស៊ីលោក Viktor Bout។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Axios។
លោក ពូទីន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដកស្រង់សម្តីនិយាយថា អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបាន ទាក់ទងនឹងការផ្លាស់ប្តូរអ្នកទោសបន្ថែមទៀតនាពេលអនាគត។ ប្រធានាធិបតីរុស្ស៊ីរូបនេះបន្ថែមថា ការសម្របសម្រួលត្រូវបានរកឃើញ ដែលអាចបើកទ្វារសម្រាប់ការដោះដូរស្រដៀងគ្នានេះនាពេលអនាគត និងថា រុស្ស៊ីមិនបដិសេធក្នុងការបន្តការងារនេះនាពេលអនាគតទេ។
ការអត្ថាធិប្បាយបែបនេះរបស់លោក ពូទីន បានកើតឡើងមួយថ្ងៃបន្ទាប់ពីតារាបាល់បោះអាមេរិក WNBA នាង Brittney Griner ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្សីរយៈពេល១០ខែកន្លងមកនោះ ត្រូវបានដោះលែងឱ្យត្រឡប់មកផ្ទះវិញ ជាថ្នូរនឹងការដោះលែងឈ្មួញអាវុធរុស្ស៊ី លោក Viktor Bout។
ការបើកចំហររបស់លោក ពូទីន ក្នុងការស្វែងរកការដោះដូរអ្នកទោសបន្ថែមទៀតនៅតែជារឿងសំខាន់ ដោយសារសហរដ្ឋអាមេរិកនៅតែអំពាវនាវឱ្យមានការដោះលែងអតីតទាហានជើងទឹកអាមេរិក លោក Paul Whelan ដែលត្រូវបានរុស្ស៊ីចាប់ខ្លួនកាលពីឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទចារកម្ម៕



ប្រភព៖ The Week Us ដោយ៖ ទីណា និងបុត្រា