អ.ស.ប.ដកអ៊ីរ៉ង់ចេញពីស្ថាប័នសិទ្ធិនារី ជុំវិញការបង្ក្រាប ក្រុមបាតុករ

អ.ស.ប៖ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី ១៤ ខែធ្នូបាន បោះឆ្នោតដកអ៊ីរ៉ង់ចេញពីគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីស្ថានភាពស្ត្រី (UNCSW) ជុំវិញការបង្រ្កាបយ៉ាង ឃោរឃៅ លើបាតុកម្ម ដែលកំពុងបន្តអូសបន្លាយចាប់ តាំងពី ខែតុលា។

ការសម្រេចចិត្តនេះត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក ហើយរងការប្រឆាំងជំទាស់ពីសម្ព័ន្ធមិត្តអ៊ីរ៉ង់ រួមមានរុស្ស៊ី និងចិន។ យ៉ាងណាមិញ លទ្ធផលបោះឆ្នោតបង្ហាញពីជ័យជម្នះ សម្រាប់អាមេរិក ដោយសមាជិកចំនួន ២៩ នៃក្រុម ប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អ.ស.ប. (ECOSOC) បានបោះឆ្នោតគាំទ្រ ប្រទេសចំនួនប្រាំបីបានបោះឆ្នោតជំទាស់ និង ១៦ ផ្សេងទៀតបោះឆ្នោតអនុប្បវាទ។

សេចក្ដីសម្រេចចិត្ត ដែលចូលជាធរមានភ្លាមៗបន្ទាប់ ពីការបោះឆ្នោតនេះបានសរសេរថា ៖ «មេដឹកនាំអ៊ីរ៉ង់ បន្តធ្វើឱ្យខូច និងគាបសង្កត់កាន់តែខ្លាំងឡើងលើសិទ្ធិ មនុស្សរបស់ស្ត្រី និងក្មេងស្រី រួមទាំងសិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត ដោយប្រើកងកម្លាំងហួសហេតុជាញឹកញាប់»។

សេចក្ដីសម្រេចបន្ថែមថា រដ្ឋាភិបាលអ៊ីរ៉ង់ធ្វើដូច្នេះ«ដោយ ការគ្រប់គ្រងគោលនយោបាយដែលផ្ទុយនឹងសិទ្ធិមនុស្សរបស់ស្ត្រី និងកុមារី» និងអាណត្តិរបស់ UNCSW ក៏ដូចជាតាម រយៈការប្រើប្រាស់កម្លាំងដ៍ព្រៃផ្សៃ ដែលបណ្តាលឱ្យ បាតុករតវ៉ាដោយសន្តិវិធី រួមទាំងស្ត្រី និងក្មេងស្រី ត្រូវស្លាប់។

គួរបញ្ជាក់ថា UNCSW គឺជាស្ថាប័នអន្តររដ្ឋាភិបាល សកល លោកដ៏សំខាន់ ដែលធ្វើការលើការលើកកម្ពស់សមភាព យេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។

ការសម្រេចចិត្តដកអ៊ីរ៉ង់ចេញពីស្ថាប័ននេះ ធ្វើឡើងខណៈ ដែល អ៊ីរ៉ង់ធ្វើការបង្រ្កាប ក៏ដូចជាចាប់ខ្លួន និងកាត់ទោសប្រហារ ជីវិតលើបាតុករ ដែលចាប់ផ្ដើមការតវ៉ា ក្រោយការស្លាប់របស់ នារីជនជាតិកួដវ័យ ២២ ឆ្នាំ នាង Masha Amini ដែលប៉ូលិសសីលធម៌ចាប់ខ្លួនដោយសារពាក់ហ៊ីចាបមិនសមរម្យ។

កាលពីដើមខែវិច្ឆិកា អនុប្រធានាធិបតីអាមេរិក លោក កាម៉ាឡា ហារីស បានថ្លែងថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេស ផ្សេងទៀត ដើម្បីបណ្តេញអ៊ីរ៉ង់ចេញពីគណៈកម្មការនេះ ខណៈអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន ក៏ធ្វើយុទ្ធនាការទាមទារដូចគ្នានេះផងដែរ។

ក្រោយការបោះឆ្នោតកាលពីថ្ងៃពុធ ប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតនេះ គឺជាសញ្ញាមួយផ្សេង ទៀតនៃការកើនឡើងនៃការព្រមព្រៀងគ្នា និងការទាមទារជា អន្តរជាតិឱ្យអ៊ីរ៉ង់មានទំនួលខុសត្រូវ។

ចំណែកតំណាងអង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់លោក Amir Saeid Iravani បានចោទប្រកាន់សហរដ្ឋអាមេរិកថា ជាប្រទេសដើរសម្លុតគេ ហើយហៅការដកអ៊ីរ៉ង់ចេញពី UNCSW គឺជារឿងខុសច្បាប់។

ចំណែកឯរុស្ស៊ីវិញ ក៏បានចោទសួរពីភាពស្របច្បាប់នៃការ សម្រេចចិត្តនេះដូចគ្នា ហើយថា ខ្លួនចង់ស្តាប់យោបល់ ពីអ្នកជំនាញផ្នែកច្បាប់របស់អ.ស.ប. ទាក់ទងនឹងថាតើ ECOSOC អាចដកអ៊ីរ៉ង់ចេញពីគណៈកម្មាការនេះ បានដែរឬទេ៕
ដោយ៖ហួន ឌីណា
ប្រភព៖ UN removes Iran from women’s rights body over protest crackdown

ads banner