ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការរក្សាបាននូវកិត្យានុភាពអាស៊ានក្នុងសកលលោកលើគ្រប់ទិដ្ឋភាព មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាននានា ជាពិសេស ប្រទេសចិន
ភ្នំពេញ៖ ក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) ស្ដីពី “ការបង្កើនទំនាក់ទំនអាស៊ាន-ចិន” នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ការរក្សាបាននូវកិត្យានុភាពអាស៊ានក្នុងសកលលោកលើគ្រប់ទិដ្ឋភាព មិនអាចកាត់ផ្តាច់ពីការ ចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាន នានា, ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវ បានទទួលស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចទី២ លើសកលលោកបាននោះទេ ជាក់ស្ដែង, កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាលពីឆ្នាំ ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» នាពេលឆាប់ៗខាងមុខ ។
សម្ដេចតេជោ បានបន្តថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតទី១ របស់អាស៊ាន ដោយពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាន និងចិន បានកើនឡើងរហូតដល់ប្រមាណ៦៦៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ពោល កើនឡើង ២៨ភាគរយ ខណៈដែលរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីចិនមកអាស៊ាន មានចំនួន ១៣,៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១ ដែលកើនឡើងជិតទ្វេដង ធៀបនឹងឆ្នាំ ២០២០ ។ ជាមួយនឹងការចូលរួមចំណែកទាំងនេះ ផ្អែកតាមការ វាយតម្លៃ និង ព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី កាលពីខែ តុលា កន្លង ទៅនេះ, តំបន់អាស៊ាន នឹងអាចសម្រេចបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា ដែលជាអត្រាខ្ពស់, បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត នៃ សកលលោក ។
សម្ដេចបានបន្តទៀតថា ចំណែកឯក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើន ទាំងផ្នែកនយោបាយ, សេដ្ឋកិច្ច និងសង្គម ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរ ទស្សនកិច្ចទៅវិញទៅមក កាន់តែញឹកញាប់, កំណើនពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍ និង កំណើន នៃការប្រាស្រ័យទាក់ទង រវាងប្រជាជន និងប្រជាជនផងដែរ ។
ជាពិសេស ទំនាក់ទំនង រវាងកម្ពុជា និងចិន មានការរីកចម្រើនគួរជាទីមោទនៈ រហូតត្រូវបានទទួលស្គាល់ថាជា «មិត្តភាព ដែកថែប» ព្រមទាំងកំណើនពាណិជ្ជកម្មទ្វេភាគី សរុបក្នុងទំហំប្រមាណ ១១ ពាន់លានដុល្លារ អាមេរិក ក្នុងឆ្នាំ ២០២១) ដែលគិតជាភាគរយមានការកើនឡើង ៣៧% បើធៀបទៅនឹងឆ្នាំ ២០២០ ។
បន្ថែមលើនេះ កម្ពុជាតែងទទួលបានការជួយគាំទ្រ និង ជ្រោមជ្រែងជាបន្តបន្ទាប់ពីមិត្តចិន ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ, ជាពិសេស ក្នុងពេលវេលាដ៏លំបាកបំផុតបណ្តាលមកពីវិបត្តិ ជំងឺកូវីដ-១៩ ដែលបានចូលរួមបង្កលក្ខណៈឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលបានល្អប្រសើរ និង ជាពិសេសចូលរួមដល់ការកាត់បន្ថយផលប៉ះទង្គិចសង្គម-សេដ្ឋកិច្ច ផងដែរ ៕ ដោយ វណ្ណលុក