កូនអ្នកលក់លតឆាតាមផ្លូវ ប្រែក្លាយរបរនេះ ឱ្យក្លាយទៅជា សហគ្រាស មានស្តង់ដារខ្ពស់
ភ្នំពេញ៖ មុខរបរលក់លតឆា និងនំគូឆាយ ជាមុខរបរមួយ ដែលស្ថិតនៅក្នុងប្រភេទនៃអាជីវកម្មធុនតូច និង មធ្យម(SME)។គេច្រើនតែឃើញអ្នកប្រកបរបរនេះ អូសរទេះ លក់ចល័តពាសពេញទីក្រុង ដោយមិនមានទីតាំងច្បាស់ លាស់ណាមួយឡើយ។
ផ្សែងហុយទ្រលោមចេញពីរទេះកង់បីដែលកំពុងឈប់សំចតនៅចិញ្ចើមផ្លូវ ដៃអ្នកលក់កំពុងកាន់វែកឆាត្រលប់នំគូឆាយដែល កំពុងនៅលើខ្ទះញាប់ស្អេក។ បន្ថយភ្លើងបានបន្តិច អ្នកលក់ ងាក មកទាញប្រអប់សម្រាប់ខ្ចប់នំគូឆាយជូនអតិថិជន ដោយ មានទាំងញើសហូរដោយសារកម្ដៅភ្លើងផង។ នេះជាទិដ្ឋភាពទូទៅនៃអ្នកប្រកបរបរលក់លតឆា និង នំគូឆាយ។
មានម្ដាយឪពុកជាអ្នកប្រកបរបរលក់លតឆា និងនំគូឆាយ លោក ពិន ពណ្ណរាយ លោកបានប្ដេជ្ញាចិត្តអភិរក្សបន្តនូវមុខរបរ ម្ដាយដែលមានតាំងពីឆ្នាំ១៩៨៧មកនោះ ឱ្យទៅជារបរមួយថ្មី ដែលមានស្តង់ដារនិងគុណភាពក្នុងកម្រិតមួយដែលអាចទទួលយកបាន។លោកបានចាប់ផ្ដើមដោយពង្រឹងលើការវេចខ្ចប់ ដើម្បី ឱ្យមានភាពទាក់ទាញ និងអាចឱ្យអតិថិជន ទទួល ស្គាល់លើអនាម័យរបស់នំទាំងពីប្រភេទនេះផងដែរ។ ម្យ៉ាងទៀត លោកក៏បានបើកជាទីតាំង សម្រាប់លក់ដែលពិត ប្រាកដ មួយនៅក្នុងខេត្តសៀមរាបផ្ទាល់។ តាមរយៈរសជាតិដើម ដែលបន្សល់ទុកពីឪពុកម្ដាយ ការលក់របស់លោកបានកើន ឡើង គួរឱ្យកត់ សម្គាល់ ត្រូវនឹងលោកចេះផ្សព្វផ្សាយផង មកដល់បច្ចុប្បន្នរបរនេះហាងត្រូវបានពង្រីកសាខារហូតទៅដល់ប្រាំមួយសាខាដែលមានភាគច្រើននៅសៀមរាប និងទី ក្រុងភ្នំពេញមួយសាខា។
លោក ពិន ពណ្ណរាយ បាននិយាយថា៖ «យើងបានច្នៃលតឆា និងនំគូឆាយពីធម្មតាទៅជាមានការវេចខ្ចប់ស្អាតបាត មាន គុណភាព អនាម័យ ហើយអាចចម្អិនដោយខ្លួនឯងបាន និង អាចនាំចេញទៅក្រៅប្រទេសទៀត»។
គ្រួសារលតឆា នំគូឆាយ KLC 1987 គឺជាឈ្មោះនៃ សហគ្រាសរបស់លោក ពិន ពណ្ណរាយ ដែលលោកមិនត្រឹម តែមានហាងលក់លតឆានិងនំគូឆាយប៉ុណ្ណោះទេ លោកថែម ទាំងមានសហគ្រាសក្នុងការផលិតនិងវេចខ្ចប់ផលិតផលទាំងពីរសម្រាប់លក់ទៅឱ្យអតិថិជនដែលចង់យកទៅចម្អិនខ្លួនឯង។
បច្ចុប្បន្ននេះ សហគ្រាសរបស់លោកផ្គត់ផ្គង់ទៅលើការ បោះ ដុំនំគូឆាយ និងលតឆាទៅឱ្យអ្នកលក់ ផ្សេងទៀតទាំងនៅ ក្នុងខេត្តសៀមរាប និងក្រុងភ្នំពេញ ដែលអ្នកប្រកបរបរនេះ អាចមានលទ្ធភាពចំណេញបាន។
លោក ពណ្ណរាយ អះអាងថា ដោយមានទីតាំងអំណោយ ផលស្រាប់ ជារឿយៗហាងរបស់លោកតែងទទួល បាន ភ្ញៀវបរទេស ដែលទៅទស្សនាខេត្តសៀមរាប ហើយត្រូវបាន ភ្ញៀវទាំងនោះកោតសរសើរពីរសជាតិនំផងដែរ។
លោកបន្ថែមថា លោកក៏ជួយបង្កើតមុខរបរឱ្យប្រជាជននៅ សហគមន៍ប្រាសាទបាគងដែលមានប្រមាណ៣០០គ្រួសារ និងដែលជាសហគមន៍ផ្គត់ផ្គង់វត្ថុធាតុដើម ស្លឹកគូឆាយយ៉ាង សំខាន់ទៅឱ្យគ្រួសារលតឆា នំគូឆាយ។ ម្យ៉ាងទៀត លោក ទទួលខុសត្រូវលើការ បង្ហាត់បង្រៀនពីបច្ចេកទេសដាំ និង ធានាការទិញត្រឡប់មកវិញផងដែរ។
លោកបានរៀបរាប់ពីការរួមចំណែកក្នុងសង្គមទៀតថា៖ «យើងមានសហគមន៍មួយទៀតគឺសហគមន៍ស្រុកបន្ទាយស្រីដែលជាអ្នកផ្គត់ផ្គង់ស្កត្នោត និងដែលស្កត្នោតជាវត្ថុធាតុដើមដ៏ សំខាន់ក្នុងការផលិតទឹកជ្រលក់រូបមន្ដដើមរបស់យើង…តាមរយៈសកម្មភាពនេះយើងបានចូលរួមកាត់បន្ថយចំណាកស្រុក ដោយការផ្ដល់ការងារជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីដែលមាន កម្រិតវប្បធម៌ក្រោមមធ្យមសិក្សា។»
បើតាមម្ចាស់សហគ្រាសដដែលនេះ បានឱ្យដឹងថាខ្លួនគ្រោង នឹង ពង្រីកសាលាបន្ថែមទៀតឱ្យមាននៅ ទូទាំងប្រទេសតែម្ដង ហើយទាំងអស់នេះគឺដើម្បីបម្រើមហិច្ឆតារបស់លោកគឺ ធ្វើឱ្យ អាហារពីរប្រភេទនេះក្លាយទៅជាអ្វីដែលគេអាចនឹកឃើញ នៅ ពេលគេនិយាយពីខ្មែរដូចដែលគេនឹកឃើញហ្វឺ ពេលដែល និយាយ ពីវៀតណាមនោះដែរ៕
ដោយ៖ កែវ បុស្បា