យុវតីវ័យត្រឹម ២០ឆ្នាំ អាចគ្រប់គ្រងសិប្បកម្ម និងជួយកសិករ ដាំស្វាយចន្ទីឱ្យមានទីផ្សារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ដំណាំស្វាយចន្ទី ជាប្រភេទដំណាំដែលប្រើប្រាស់ ទំហំដី ចំនួន ២៣០ ២០២ ហិកតា នៃផ្ទៃដីដាំដុះ សរុបនៅកម្ពុជា។ដំណាំ នេះគឺស្ថិតនៅលេខរឿងទី៤ក្នុងចំណោមដំណាំទាំង១៣មុខសំខាន់ៗ ដែលប្រើប្រាស់ដីអស់ច្រើនជាងគេ។ នេះបើតាមការចុះផ្សាយ ពីស្ថានភាពនៃការប្រើប្រាស់ដីរបស់កម្ពុជា ពីក្រសួងបរិស្ថាន។

និយាយជារួមមានកសិករច្រើនណាស់ដែលដាំដុះដំណាំស្វាយចន្ទី ហើយដំណាំនេះទៀតសោតក៏ ត្រូវការទំហំដីធំក្នុងការបង្កបង្កើន ផលផងដែរ។ កន្លងមក មិនខុសពីដំណាំផ្សេងៗ កសិករដែលដាំ ដំណាំនេះតែងមានការត្អូញត្អែរអំពីកង្វះខាតនូវទីផ្សារ និងការទិញ យកពីឈ្មួញដែលឱ្យក្នុងតម្លៃទាបជាដើម។

ទាំងនេះអាចមាននូវបញ្ហាជាច្រើនដែលរួមចំណែកដូចជា បញ្ហា កសិករខ្លួនឯងដែលមិនទាន់មានបច្ចេកទេសដាំដុះត្រឹមត្រូវ ទើប ជំរុញឱ្យទីផ្សារក៏ធ្លាក់ទៅតាមនោះដែរ។
ម្យ៉ាងទៀតអាចមកពីកង្វះនូវ រោងចក្រ ឬសិប្បកម្មកែច្នៃគ្រាប់ ស្វាយចន្ទីដែលប្រមូលផលបាន ដូច្នេះវានាំឱ្យកសិករប្រមូលផល គជើងគ្នាដោយលក់មិនចេញ។

Handcrafted Cashew nuts stung treng (HCST) គឺជាឈ្មោះសិប្បកម្មមួយនៅក្នុងខេត្តស្ទឹងត្រែង ដែលផ្ដោត លើការទិញយកគ្រប់ចន្ទីពីកសិករទៅកែច្នៃជាអាហារសម្រន់ដែលមានរសជាតិផ្សេងៗគ្នា។

សិប្បកម្មមួយនេះត្រូវបានសាងសង់លើទំហំដីចំនួនបួនហិកតា នៅឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយបាន បើកដំណើរការរយៈពេលមួយឆ្នាំមកហើយ។សិប្បកម្មនេះទៀតសោតមានសមត្ថភាពផលិតនូវផលិតផលសម្រេចបាន១៥ តោនក្នុងមួយខែ។
នៅពីក្រោយការកកើតឡើងនៃសិប្បកម្មមួយនេះ ក៏មានចំណែក ផងដែរពីយុវតីវ័យក្មេងមួយរូប ដែលជួយជ្រោមជ្រែងឪពុកម្ដាយ របស់ខ្លួន។ កញ្ញា សឿន សុទ្ធនីតា គឺជាសហស្ថាបនិកនៃអាជីវកម្ម កែច្នៃគ្រាប់ស្វាយចន្ទី ដែលកញ្ញាទទួលខុសត្រូវលើការអភិវឌ្ឍ អាជីវកម្ម។

បច្ចុប្បន្ន កញ្ញាមានវ័យត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ និងកំពុងសិក្សា ជំនាញធនាគារ និងហិរញ្ញវត្ថុ ស្ថិតក្នុង ឆ្នាំទី៣។

សិប្បកម្មនេះត្រូវបានបង្កើតឡើងរួមគ្នាជាមួយឪពុកម្ដាយរបស់កញ្ញា ក្នុងគោលបំណងប្រែក្លាយខ្លួនទៅអាជីវកម្មមួយ ដែលមាន លទ្ធភាពជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
កញ្ញា សឿន សុទ្ធនីតា បានរៀបរាប់ថា ៖ «ខ្ញុំ និងឪពុកម្ដាយ ចង់ ជួយកសិករ ឱ្យទទួលយកនូវធាតុចូលដែលមានគុណភាព និង មានការអនុវត្តកសិកម្មល្អដើម្បីសម្រេចនូវផលិតផលមានគុណភាព និងទិន្នផលជាប់លាប់ ហើយនាងខ្ញុំជឿជាក់ថាការធ្វើដូច្នេះ គ្រាប់ស្វាយចន្ទីរបស់យើង និងទាក់ទាញចិត្តអតិថិជនគ្រប់វ័យ នៅគ្រប់បរិបទ»។

គ្រប់បរិបទនៅទីនេះ គឺកញ្ញាចង់សំដៅលើគ្រប់ប្រទេស នៅ ទូទាំងពិភពលោក ដោយចង់ឱ្យផលិតផល ខ្លួនមានស្តង់ដារ អន្តរជាតិ និងអាចលក់ចេញទៅគ្រប់ប្រទេសតែម្ដង។ ដោយឡែក រហូតមកដល់ពេល នេះយុវតីវ័យ២០ឆ្នាំរូបនេះបានពាំនាំ ផលិតផល របស់ខ្លួនចូលទៅក្នុងពិព័រណ៍ធំៗនៅក្រៅប្រទេសផង ដែរ។

បើតាមយុវតីដដែលនេះ បានឱ្យដឹងថា ៖ «ក្នុងរយៈពេល១២ខែ យើងបានបង្ហាញផលិតផលរបស់យើងនៅតាមពិធីតាំងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដូចជា ប្រទេសជប៉ុន ហុងកុង កូរ៉េ និងប្រទេស អាល្លឺម៉ង់»។

ដ្បិតថាយ៉ាងនេះក្ដី អាជីវកម្មរបស់កញ្ញានិងគ្រួសារក៏ជួបប្រទះ នូវបញ្ហាលំបាកមួយចំនួនដូចជា បញ្ហាតម្លៃមិនទាន់អាច ប្រកួត ប្រជែងជាមួយទីផ្សារដែលមានស្រាប់ បញ្ហានៃភាពថ្មីថ្មោង នៃផលិត ផលខ្លួននៅលើទីផ្សារ ព្រមទាំងបញ្ហាថ្លៃដើមខ្ពស់។

ប៉ុន្តែយ៉ាងណា កញ្ញាបានផ្លាស់ប្ដូរនូវវិធីមួយដែលខ្លួន យល់ថា ចំណេញ គឺការប្ដូរទៅប្រើប្រាស់ថាមពល ព្រះអាទិត្យ ជំនួស ឱ្យថាមពលអគ្គីសនី។ ការធ្វើបែបនេះមិនត្រឹមតែចំណេញថ្លៃដើម ប៉ុន្តែក៏ជួយទៅដល់បរិស្ថានជុំវិញសិប្បកម្មផងដែរ។

ដោយឡែក បើក្រឡេកទៅមើលអំពីការទិញយកគ្រាប់ស្វាយ ចន្ទីពីប្រជាកសិករក្នុងខេត្តស្ទឹងត្រែងវិញ សិប្បកម្មមួយ នេះក៏មានការបណ្ដុះបណ្ដាល សំដៅពង្រឹងបច្ចេកទេសដាំដុះ ដើម្បីទទួលបានគ្រាប់ ចន្ទីដែលមានគុណភាព និងដែលល្អ សម្រាប់រសជាតិបន្ទាប់ពីកែច្នៃផងដែរ។

ជារឿយៗ ប្រជាកសិករតែងអង្គុយជុំគ្នាក្រោមម្លប់ឈើ បែរមុខទៅរកក្ដាខៀនពណ៌សតូចមួយ ដែលមានឪពុក របស់នាងជាអ្នកបង្រៀន ហើយយូរៗម្ដងនឹងមានអ្នក ជំនាញ ផ្នែកដំាំដុះចុះទៅបណ្ដុះ បណ្ដាលផ្ទាល់ផងដែរ។

ក្រៅតែពីជួយរកទីផ្សារជូនកសិករនៅក្នុងតំបន់នេះទៅ យុវតី សឿន សុទ្ធនីតា ក៏មានបំណងចង់ពង្រីក ការទិញគ្រាប់ស្វាយ ចន្ទីពីកសិករក្នុងខេត្តស្ទឹងត្រែងទាំងមូល ដើម្បីក្លាយជាអ្នក ផ្គត់ផ្គង់ផ្ដាច់មុខប្រចាំ ខេត្តតែម្ដង។

ម្យ៉ាងទៀត កញ្ញាចង់កែប្រែដែនដីចម្ការដែលដាំដំណាំ ស្វាយចន្ទី ទាំងនោះឱ្យមានរបៀបរៀបរយ មានបរិស្ថានស្អាត ដែលទៅថ្ងៃ ខាងមុខនឹងអាចក្លាយទៅជាតំបន់កសិទេសចរណ៍ទៀតផង៕ ដោយ៖ កែវ បុស្បា

ads banner