ក្រសួងសុខាភិបាល នឹងបន្ថែមម៉ាស៊ីនវាស់កម្តៅបីគ្រឿងទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងដាក់បន្ថែមនូវម៉ាស៊ីនវាស់ កម្តៅ ចំនួនបីគ្រឿងទៀត នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅមុនឆ្លងឆ្នាំសាកល ដើម្បីពិនិត្យសុខភាពអ្នកដំណើរទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកតាមច្រកទ្វារនេះ ក្នុងន័យធានា សុខភាព សម្រាប់ភ្ញៀវទាំងអស់។
រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ យក់ សម្បត្ដិ កាល ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំក្រុមការងារសុខាភិបាល ដែលមានអគ្គនាយកបច្ចេកទេស អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុ ដោយ មានការចូលរួមពីមន្ដ្រីអាកាសដ្ឋានអន្ដរជាតិភ្នំពេញ មន្ដ្រីចត្ដាឡីស័ក និងអាជ្ញាធរទាំងអស់ ចុះពិនិត្យស្ថានភាពអ្នកដំណើរចូល មកប្រទេស កម្ពុជា តាមអាកាសដ្ឋានអន្ដរជាតិភ្នំពេញ ដែលជាទីតាំងមួយ ទទួល អ្នកដំណើរយ៉ាងច្រើនកុះករ។
លោកជំទាវ យក់ សម្បត្ដិ បានថ្លែងថា បន្ទាប់ពីបានពិនិត្យទីតាំង ក្រសួងសុខាភិបាល នឹងដាក់បន្ថែមនូវម៉ាស៊ីនវាស់កម្តៅចំនួនបី គ្រឿងទៀត ក្នុងនោះមួយគ្រឿងសម្រាប់ដាក់នៅច្រក VIP និងពីរ គ្រឿងទៀតដាក់នៅច្រកធម្មតា។
លោកជំទាវបានថ្លែងថា ៖ «យើងអត់មានអីប្លែកទេ ក្រៅពីធ្វើការតាម ដានសុខភាពរបស់អ្នកដំណើរដែលចូលមកប្រទេសកម្ពុជាយើង។ យើងបានឯកភាពគ្នាជាមួយក្រុមការងារ ថាយើងនឹងដាក់នូវម៉ាស៊ីន វាស់ កម្តៅនៅកន្លែងដែលភ្ញៀវអញ្ជើញមកដល់ចំនួនពីរគ្រឿង ហើយនៅទីតាំង VIP ក៏យើងនឹងដាក់ម៉ាស៊ីនវាស់កម្តៅមួយគ្រឿងដែរ ដើម្បីឱ្យប្រាកដថា អ្នកដំណើរដែលចូលមកប្រទេសកម្ពុជាយើង គាត់មានកម្តៅធម្មតា ក៏ដើម្បីរក្សាសុខភាពជូនគាត់»។
លោកជំទាវបញ្ជាក់បន្ថែមថា ជាក់ស្តែងនៅច្រកចេញ-ចូលនោះ មានមន្រ្តីចត្តាឡីស័ក និងមានម៉ាស៊ីនវាស់កម្តៅរួចហើយ ប៉ុន្តែការ បន្ថែមម៉ាស៊ីនវាស់កម្តៅនាពេលនេះ ដើម្បីឱ្យជាជំនួយបន្ថែម ក្នុងការវាស់កម្តៅ ដើម្បីរក្សាសុខភាពជូនពួកគាត់ ហើយបើសិន ជាកម្តៅមានអ្នកឡើងកម្តៅលើសពី ៣៧.៥ អង្សា នឹងអញ្ជើញ គាត់ទៅពិនិត្យសុខភាពផងដែរ។
លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងទៀតថា ការបន្ថែមម៉ាស៊ីនស្កេន កម្តៅនេះមិនត្រឹមតែធ្វើនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប៉ុណ្ណោះទេ ក្រសួងសុខាភិបាលក៏បន្ថែមនៅព្រលានយន្តហោះសៀមរាប និង នៅតាមព្រំដែនផងដែរ ដើម្បីប្រាកដថា អ្នកដំណើរដែលអញ្ជើញ មក ទស្សនកិច្ចនៅកម្ពុជា ឬក៏មកលេងបងប្អូននៅក្នុងឱកាសចូល ឆ្នាំសាកលនេះ ពួកគាត់មានសុខភាពល្អ និងអាការៈធម្មតា។
នាយរងប៉ុស្ត៍ច្រកទ្វារព្រំដែនអាកាសយានដ្នានអន្តរជាតិភ្នំពេញ លោក ថោង សុផាត បានប្រាប់ថា បច្ចុប្បន្ននេះដំណើរចេញ-ចូលតាមច្រ ក ទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានសភាពធម្មតា ដោយមាន ទេសចរ អន្តរជាតិមកពីគ្រប់ទិសទី ប៉ុន្តែលើកលែងតែភ្ញៀវទេសចរ ចិនប៉ុណ្ណោះ ពុំសូវអញ្ជើញចូលមក។
លោកថា ៖ «ឥឡូវនេះ មិនសូវមានភ្ញៀវទេសចរចិនទេ ក្រៅពីនោះ មានភ្ញៀវច្រើនគួរសម ។ជាក់ស្តែងបើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ មកនេះ ជាមធ្យមក្នុងមួយថ្ងៃភ្ញៀវចេញមានជាង បីពាន់នាក់ និងចូល មានជាងបីពាន់នាក់។ អីចឹងសរុបទៅមួយថ្ងៃមានភ្ញៀវចេញ-ចូល ជាងប្រាំពីរ ពាន់នាក់»។
លោក ថោង សុផាត បានឱ្យដឹងដែរថា សម្រាប់ម៉ាស៊ីនវាស់កម្តៅ ដែលដំឡើងកាលពីលើកមុននោះគឺនៅដដែល ហើយការបន្ថែមថ្មីនេះ នឹងជួយសម្រួលក្នុងកិច្ចការនេះបន្ថែមទៀត នៅពេលភ្ញៀវទេសចរ ដែលអញ្ជើញមកតាមច្រកនេះ។
ទន្ទឹមនឹងនោះដែរ លោកជំទាវ យក់ សម្បត្តិ ក៏បានថ្លែងដែរថា ក្នុង នាមក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំលោកតែង តែយ ក ចិត្តទុកដាក់ ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រយ័ត្នប្រយែង ត្រូវតែអនុវត្ត នូវវិធានការបីកុំ បីការពារ។
លោកជំទាវថាបន្ថែមថា ជាពិសេសប្រជាពលរដ្ឋដែលពុំទាន់ ទទួល បានវ៉ាក់សាំងបង្ការកូវីដ ១៩ ត្រូវតែអញ្ជើញទៅទទួលវ៉ាក់សាំង នៅគ្រប់ទីកន្លែង មណ្ឌលសុខភាព ក៏ដូចជាមន្ទីរពេទ្យ ដែលនៅ ជិតផ្ទះ ហើយជាពិសេសបើសិនជាបងប្អូនអញ្ជើញទៅ កម្សាន្ត នៅទីតាំង រមណីយដ្ឋានផ្សេងៗ ត្រូវតែប្រយ័ត្នប្រយែង។
លោកស្រី ថា ៖ «ទោះបីថាប្រទេសកម្ពុជាយើងមានការ ថម ថយ នូវអត្រាឆ្លងកូវីដ១៩ ក៏យើងនៅតែប្រយ័ត្នប្រយែង ដូច្នេះសារ អំពាវនាវរបស់ក្រសួងសុខាភិបាលនេះ មិនដាច់ទេ គឺយើងនៅ តែបន្តធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើន ព្រោះកម្ពុជាកន្លង មកមានការជោគជ័យដោយសារមានការចូលរួមរបស់ប្រជាពលរដ្ឋ»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អត្រាឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមាន សរុបចំនួន ១៣៨ ៥៦៤ នាក់ ជាសះស្បើយ ១៣៥ ៤១៧ នាក់ និងករណីស្លាប់ចំនួន ៣ ០៥៦ នាក់ គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២៕
ដោយ៖ឡាយ សាមាន