មន្រ្តីជំនាញ ស្នើឱ្យស្ថាប័នមានសមត្ថកិច្ច ត្រូវចាត់វិធានការឱ្យ បានតឹងរ៉ឹង ចំពោះអ្នកផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នាយកប្រតិបត្តិការអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ច ត្រូវចាត់ វិធានការ ឱ្យបានតឹងរ៉ឹង ចំពោះអ្នកដែលកំពុងផ្សព្វផ្សាយលក់ បារី អេឡិចត្រូនិកតាមរយៈបណ្ដាញសង្គម បើទោះបីជាអាជ្ញាធរ បានរឹបអូស និងប្រមូលដុតកម្ទេចបារីនេះចោលជាច្រើន យ៉ាង ណា ក៏ដោយ។

ការលើកឡើងដូចនេះបន្ទាប់ពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ និង មន្រ្តីពាក់ព័ន្ធ បានរឹបអូស និងនាំយកផលិតផលបារីអេឡិច ត្រូនិក(E-Cigarette) ចំនួន២៨៨កាតុង ស្មើនឹង ៧ ២០០ប្រអប់ ទៅធ្វើការបំផ្លាញចោលនៅទីលានចាក់សម្រាម កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ។

លោក មុំ គង់ បានប្រាប់ឱ្យដឹងថា ការដកហូតបារីអេឡិចត្រូនិក និងការដុតកម្ទេចបារីអេឡិចត្រូនិកនេះ វាជាការរួមចំណែកមួយ ក្នុងការបង្ការដើម្បីកុំឱ្យយុវជន កុមារ ប្រើប្រាស់បារីអេឡិច ត្រូនិក នេះបន្តទៀត។ ដូច្នេះការដុតចោលនេះ វាជាផ្នែក មួយក្នុងកាត់បន្ថយកុំឲ្យយុវជន និងកុមារ អាចមិនមាន ឱកាសក្នុងការប្រើប្រាស់បារីនេះជាដើម។

ក្រៅពីនេះទៀត សម្រាប់រូបលោកមានការសាទរ ការដែល អាជ្ញាធរបានធ្វើការដុតបំផ្លាញបារីអេឡិចត្រូនិកដែលបានរកឃើញកន្លងមក ពីព្រោះការដុតកម្ទេចចោលនេះ វាបញ្ជាក់ពីស្មារតី ក្នុងការចូលរួមប្រឆាំងមិនយុវជន និងកុមារប្រើប្រាស់បារីអេឡិច ត្រូនិក។

លោក មុំ គង់ បានថ្លែងថា ៖ «ខ្ញុំពិតជាគាំទ្រឱ្យមានការដកហូត ឱ្យមានការបញ្ឈប់ ឱ្យមានការផ្សព្វផ្សាយលក់ ឬក៏ចែកចាយបារី អេឡិចត្រូនិកនេះ ដូចជាអ្វីដែលយើងបានចែងនៅក្នុងសេចក្ដី ណែនាំរបស់រាជរដ្ឋាភិបាលយើងហ្នឹង។ខ្ញុំក៏ចង់ស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ច ក្រសួងមានសមត្ថកិច្ច ធ្វើការចេញវិធានការ យ៉ាងណា ទៅលើអ្នកដែលកំពុងផ្សព្វផ្សាយលក់បារី អេឡិច ត្រូនិកទៅឱ្យកុមារ និងយុវជន តាមបណ្ដាញព័ត៌មានសង្គម ដែលយើងឃើញថាបច្ចុប្បន្ននេះ គឺនៅតែឃើញមានដដែល»។

លើសពីនេះទៀត លោកថា ថ្មីៗនេះ ឃើញមានសិស្សានុសិស្ស ដែលទើបតែប្រឡងបញ្ចប់បាក់ឌុប ត្រូវរងឥទ្ធិផលពីអាជីវករ ឬក្រុមហ៊ុនខ្លះ បានផ្សព្វផ្សាយ និងធ្វើការលើកទឹកចិត្ត ដោយការអំពាវនាវអំពីការបញ្ចុះតម្លៃបារីអេឡិចត្រូនិកនេះជាដើម។

លោក មុំ គង់ បានសង្កត់ធ្ងន់ថា សកម្មភាពទាំងអស់នេះ គឺគួរតែត្រូវបានស្ថាប័នមានសមត្ថកិច្ច មានការចាត់វិធាន ការឱ្យបានតឹងរ៉ឹង ចំពោះអ្នកដែលបន្តផុសលក់ និងចែកចាយ ឬផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនេះផងដែរ។

នាយកប្រតិបត្តិការអង្គការចលនាដើម្បីសុខភាពកម្ពុជា រូបនេះបានបន្ថែមថា ប្រសិនបើអាជ្ញាធរមានវិធានការតឹងរ៉ឹង ចំពោះការផ្សព្វផ្សាយបារីអេឡិចត្រូនិកតាមរយៈបណ្ដាញព័ត៌មានសង្គមនេះ វាជាការរឿងល្អខ្លាំងណាស់ ដើម្បីបង្ការកុមារ និងយុវជន កុំឱ្យមានការខូតខាតខួរក្បាល កុំឱ្យមាន ការខូតខាតសួត និងរួមទាំងការខូតខាតបេះដូង ដោយសារ បារីអេឡិចត្រូនិកនេះជាដើម។

សូមបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក(E-Cigarette) ដែលបានដុតកម្ទេចចោលទាំងនោះ បានមកពី ការដកហូត កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ពីទីតាំងស្តុក ទុកចែកចាយមួយកន្លែង ដោយយោងតាមដីការសម្រេចរឹប អូសចាប់យកវត្ថុតាងទៅបំផ្លាញចោល របស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម។

បើយោងរបាយការណ៍ស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យជាតិមានជ័យ បានបង្ហាញថា នៅកម្ពុជា ក្នុងមួយឆ្នាំៗមានអ្នក ស្លាប់ចំនួន ១៥ ០០០នាក់ដោយសារការជក់បារី ក្នុង ចំណោមអ្ន កប្រើប្រាស់សរុបជាងពីរលាននាក់។ ក្នុងនោះ បានចំណាយថវិកាជាង ១៦០លានដុល្លារ សម្រាប់សេវា ព្យាបាលជំងឺរ៉ាំរ៉ៃទូទៅដែលជាប់ពាក់ព័ន្ធនឹងការជក់បារី ឬស្មើនឹង ៣ភាគរយ នៃ GDP (RTI, MOH, UNDP, FCTC, WHO, ២០១៩)។ បន្ថែមពីនេះ ប្រទេសកម្ពុជាស្ថិតនៅក្នុងបណ្តាប្រទេសមាន អត្រាពន្ធទាប លើផលិតផលថ្នាំជក់ បើប្រៀបធៀបជាមួយ ប្រទេសនៅក្នុងតំបន់អាស៊ាន (SEATCA, ២០១៩)៕
ដោយ៖ជា សុខនី

ads banner