មីយ៉ាន់ម៉ានាំចេញអង្ករបានជាង ១លានតោនក្នុងរយៈពេល ៩ខែមកនេះ
ណៃពិដោ ៖ មីយ៉ាន់ម៉ាបាននាំចេញអង្ករជាង ១លានតោនក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២២-២០២៣ ដែលចាប់ផ្តើមនៅក្នុងខែមេសាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF) នៅថ្ងៃអង្គារទី០៣ ខែមករា ឆ្នាំ២០២៣។

ក្នុងអំឡុងពេលខាងលើនេះ ប្រទេសមីយ៉ាន់ម៉ានាំចេញអង្ករបានចំនួន ១៣៦,២០៦តោនក្នុងខែតុលា និង ១៧៩,៨៥៣តោនក្នុងខែវិច្ឆិកា និង ១៤៨,១២៧តោនក្នុងខែធ្នូ។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ក្នុងរយៈពេល៩ខែមកនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននាំចេញអង្ករបាក់ច្រើនប្រមាណជាង ៦៣០,៩១៥តោន។ ទន្ទឹមគ្នា មីយ៉ាន់ម៉ាបាននាំចេញអង្ករ និងអង្ករបាក់បានចំនួន ២២៨,៤៤៥តោនក្នុងខែធ្នូ ឆ្នាំ២០២២ តួលេខនេះបានធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន មានចំនួន៣០១,០៣៣.៩១តោន។

បើតាមសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា (MRF) ប្រទេសខ្លួនបាននាំចេញអង្ករទៅកាន់ប្រទេសចិន ជប៉ុន បណ្តាប្រទេសសហភាពអឺរ៉ុប ឥណ្ឌូនេស៊ី បង់ក្លាដែស ម៉ាឡេស៊ី ស្រីលង្កា ប្រទេសអាហ្វ្រិក និងបណ្តាប្រទេសមជ្ឈិមបូព៌ា។ ដោយសារជំងឺរាតត្បាត COVID-19 មីយ៉ាន់ម៉ាបានដឹកជញ្ជូនអង្ករ និងអង្ករដំណើបភាគច្រើនរបស់ខ្លួនតាមផ្លូវសមុទ្រ។ នៅប្រទេសមីយ៉ាន់ម៉ា ស្រូវគឺជាដំណាំដែលដាំដុះច្រើនជាងគេ បន្ទាប់មកគឺសណ្តែក៕


ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា