នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ សមត្ថកិច្ចកម្ពុជា ទទួលបានបណ្តឹង២ ដែលស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាម ២នាក់
ភ្នំពេញ៖ យោងតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះថា កម្លាំងសមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន ០៣ករណីទៀត ស្នើឱ្យជួយសង្រ្គោះជនជាតិវៀតណាមចំនួន ០២នាក់, នេះបើគិតចាប់ពីម៉ោង ៣:០០ នៅថ្ងៃទី០២ ដល់វេលាម៉ោង ៣:០០ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ ក៏បានបញ្ជាក់ឱ្យដឹងទៀតថា តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ រួមមាន៖ ១: សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៦៩៣ករណី មានមនុស្ស ១,៦៨៤នាក់, ២: បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៣៨សំណើ និងបិទសំណុំរឿង ២២៣សំណើ រកឃើញមនុស្ស ១,០៦២នាក់, ឃាត់ខ្លួនជនសង្ស័យ ១២០នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង និង៣ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតចំនួន ៣២ករណី។
គួរបញ្ជាក់ថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ក៏បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕ ដោយ៖ ឆៃហួត និងប៊ុនធី