សម្ដេចក្រឡាហោម បានស្នើដល់ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រទេសអាល្លឺម៉ង់ ឱ្យជួយបន្តគាំទ្រដល់ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជាបន្ថែមទៀត
ភ្នំពេញ ៖ រសៀលថ្ងៃពុធទី០៤ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្ក្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ។
សម្ដេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ហើយបានថ្លែងអំណរគុណដល់សហព័ន្ធអាល្លឺម៉ង់ ដែលតែងតែបន្តជួយពង្រឹងពង្រីក លើកិច្ចការអភិវឌ្ឍន៍របស់កម្ពុជា ដូចជាការគាំទ្រដល់បុព្វហេតុផ្សេងៗ របស់កម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្តម បានដឹងខ្លះៗអំពីទំនាក់ទំនងរវាងអតីតឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ចាស់ ជាមួយព្រះរាជាណាចក្រកម្ពុជា គឺមានភាពស្និទ្ធស្នាលល្អ។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានជ្រាបផងដែរថា ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជាគឺបានប្រព្រឹត្តទៅដោយទទួលបានជោគជ័យជាទីគាប់ចិត្ត ហើយកិច្ចការងារនេះឯកឧត្តម ក៏បានមានប្រសាសន៍ថា វាជាកិច្ចការងារ ដ៏មានសារៈសំខាន់ ដែលរដ្ឋាភិបាលត្រូវបង្ខិតសេវាសាធារណៈ ឱ្យកៀកជាមួយនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លើសពីនេះទៀតឯកឧត្តមអគ្គរដ្ឋទូតក៏បានជ្រាបផងដែរថា សម្ដេចក្រឡាហោម ក៏បានជួបពិភាក្សាជាមួយ អតីតឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ អំពីលទ្ធភាពនៃការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យ នគរបាលផងដែរ។
ពាក់ព័ន្ធនឹងវិស័យនគរបាលនេះ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចក្រឡាហោមថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងតែសិក្សា នៅចំណុចកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយបណ្ឌិត្យសភានគរបាលកម្ពុជាលើ ការងារលើកកម្ពស់សមត្ថភាពរបស់មន្ត្រីនគរបាលនេះ ដោយឯកឧត្តមបានចាត់ទុកថា នេះគឺជាការងារដ៏មានសារៈសំខាន់ ដោយសារមន្ត្រីនគរបាលគឺជាអ្នកដែលធ្វើការផ្ទាល់ យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយទាមទារឱ្យមាននូវវិជ្ជាជីវៈ ខ្ពស់ និងមានសុជីវធម៌ល្អ។
ជាការឆ្លើយតបចំពោះកិច្ចការងារកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការនេះដែរ សម្ដេចក្រឡាហោម បានជម្រាបជូនឯកឧត្តម ឯកអគ្គរដ្ឋទូតថា កាលពីឆ្នាំ២០១៩ សម្តេចបាន ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនៅពេលនោះសម្ដេចបាន យល់អំពីប្រវត្តិនៃការគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់។ សម្តេចក្រឡាហោម បានលើកឡើងថា ប្រទេសអាល្លឺម៉ង់កាលពីដើមឡើយ គឺគ្រប់គ្រងតាមរបៀបស្ដេចត្រាញ់ ហើយអំណាចធំៗនីមួយៗគឺស្ថិតនៅលើស្ដេចត្រាញ់មួយៗ ហើយបន្ទាប់មក ស្ដេចត្រាញ់ទាំងនោះបានចងក្រងប្រមូលផ្ដុំគ្នាបង្កើតទៅជាសាធារណរដ្ឋសហព័ន្ធ ហើយអំណាចទាំងនោះបានបន្តផ្តល់ឱ្យទៅរដ្ឋបាលនៅតាមមូលដ្ឋាននីមួយៗ។ ទន្ទឹមនឹងនេះសម្ដេចក្រឡាហោម បានមានប្រសាសន៍ថា បើប្រៀបធៀប ជាមួយប្រទេសកម្ពុជា គឺមានភាពខុសគ្នា ដោយសម្តេចបានលើកឡើងថា តាមប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា អំណាចគឺប្រមូលផ្ដុំនៅថ្នាក់កណ្តាល ដែលចំណុចនេះ គឺមានភាពល្អ និងមិនល្អពាក់ព័ន្ធនឹងប្រព័ន្ធនៃការគ្រប់គ្រងនេះ។
សម្តេចក្រឡាហោម ក៏បានជម្រាបជូនបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ដើម្បីរក្សាស្ថិរភាព និងសុខដុមបនីយកម្មនៅថ្នាក់មូលដ្ឋាន សម្រាប់រយៈពេលយូរវែងទៅថ្ងៃអនាគត យើងមិនអាចប្រមូលផ្ដុំបន្តរក្សាអំណាចទាំងអស់ នៅត្រឹមថ្នាក់កណ្ដាលបានទេ ជម្រើសល្អបំផុត គឺផ្ដល់ភាពជាម្ចាស់ឱ្យប្រជាពលរដ្ឋដើម្បីអនុញ្ញាតឱ្យពួកគាត់ចូលរួមក្នុងការអភិវឌ្ឍ ប្រកបដោយចិរភាពនៅថ្នាក់មូលដ្ឋាន។
សម្តេចក្រឡាហោមបានរំលឹកផងដែរថា ក្រៅពីប្រទេសអាល្លឺម៉ង់ សម្តេចក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសមួយចំនួនផ្សេងទៀតផងដែររួមមាន៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងប្រទេសបារាំង ប៉ុន្តែសម្តេច បានរកឃើញថាប្រទេសអាល្លឺម៉ង់ គឺជាប្រទេសដែលមានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិល្អជាងគេ ហើយចាប់តាំងពីពេលនោះមកប្រទេសកម្ពុជា បាន ធ្វើការជាមួយអាល្លឺម៉ង់ ដើម្បីយកគំរូល្អៗសម្រាប់កែច្នៃ និងប្រើប្រាស់សម្រាប់ ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសកម្ពុជា។
សម្តេចបានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាកំពុងដាក់ឱ្យអនុវត្តនូវកម្មវិធី ជាតិដំណាក់កាលទីពីរ សម្រាប់ពីឆ្នាំ២០២១-២០៣០ ដែលក្នុងកម្មវិធីជាតិនេះ នឹងមានការបន្តការបែងចែកអំណាច និងធនធានទៅដល់ថ្នាក់ក្រោមជាតិ ដើម្បីអនុញ្ញាតឱ្យថ្នាក់ក្រោមជាតិកាន់តែមានគណនេយ្យភាពបន្ថែមទៀតចំពោះ ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ ក្នុងន័យនេះ សម្ដេចក្រឡាហោម បានស្នើដល់ឯកអគ្គរដ្ឋទូត ក៏ដូចជាប្រទេសអាល្លឺម៉ង់ ឱ្យជួយបន្តគាំទ្រដល់ ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជាបន្ថែមទៀត ៕ ដោយ-រ៉ាវុធ