ការលក់រថយន្តរបស់ក្រុមហ៊ុន GM កើនឡើង ២.៥ភាគរយក្នុងឆ្នាំ ២០២២
តំណាងចែកចាយរបស់ក្រុមហ៊ុន General Motors Co. (GM) របស់សហរដ្ឋអាមេរិក លក់រថយន្តថ្មីបានចំនួន ២,២៧៤,០៨៨គ្រឿងក្នុងឆ្នាំ២០២២ កើនឡើង ២.៥ភាគរយ បើធៀបនឹងឆ្នាំមុន មានចំនួន ២,២១៨,២២៨គ្រឿង។

តួយ៉ាង ការលក់រថយន្ត Chevy បានកើនឡើង ៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកការលក់រថយន្ត Cadillac កើនឡើង ១៤ភាគរយ និងរថយន្ត GMC ការលក់ក៏កើនឡើង ៧ភាគរយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការលក់របស់រថយន្ត Buick បានធ្លាក់ចុះ ៤២ភាគរយ។

ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះ ក៏បានលក់រថយន្តប្រភេទភីកអាប់រហូតដល់ ១.១លានគ្រឿងផងដែរ ក្នុងនោះរួមមានប្រភេទរថយន្តភីកអាប់ខ្នាតមធ្យម និងរថយន្តប្រភេទ SUV នៅឆ្នាំ២០២២។ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ តំណាងចែកចាយនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន GM លក់រថយន្តថ្មីបានចំនួន ៦២៣,២៦១គ្រឿង កើនឡើង ៤១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៤៤០,៧៤៥គ្រឿង។

គួរបញ្ជាក់ថា ក្រុមហ៊ុន Toyota Motor Corp. លក់រថយន្តបានចំនួន ២.១លានគ្រឿងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ តួលេខនេះបានធ្លាក់ចុះ ១០ភាគរយ បើធៀបនឹងការលក់របស់ខ្លួនក្នុងឆ្នាំ ២០២១។ ប្រការនេះ នាំឱ្យក្រុមហ៊ុន GM ឡើងគ្រងតំណែងជាក្រុមហ៊ុនផលិតរថយន្ត ដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក ពីក្រុមហ៊ុនផលិតរថយន្តជប៉ុន បន្ទាប់ពីធ្លាក់ចេញពីតំណែងនេះកាលពីឆ្នាំ ២០២១៕


ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា