មានចំណូលចិត្តធ្វើកសិកម្ម ប្ដីប្រពន្ធមួយគូនាំគ្នាបង្កើត វីដេអូបង្រៀនប្រជាជនពីការដាំដុះ
កោះកុង៖ មានទីលំនៅនៅស្រុកស្រែអំបិល ខេត្តកោះកុង ប្ដីប្រពន្ធ មួយគូប្រកបរបរប្រចាំថ្ងៃដោយការធ្វើកសិកម្ម លើដី ចម្ការរបស់ខ្លួនជាលក្ខណៈគ្រួសារ។របរនេះមិនត្រឹម តែមួយ មុខនោះទេ តែប្ដីប្រពន្ធមួយគូនេះ បានធ្វើកសិកម្មចម្រុះ ដោយមានទាំងកសិដ្ឋានចិញ្ចឹមសត្វ និងសួនបន្លែគ្រប់មុខ ទៅតាមរដូវកាលផងដែរ។
នៅរាល់ការដាំដុះនីមួយៗពួកគេតែងនាំយកនូវបច្ចេកទេសដាំដុះថ្មីៗពីចម្ការផ្ទាល់ ទៅចែករំលែក ដល់បងប្អូនប្រជាជនខ្មែរ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក និងយូធូបជាដើម។ គួរឱ្យចាប់អារម្មណ៍ វីដេអូនីមួយៗរបស់ពួកគេទទួលបានការ គាំទ្រ យ៉ាងច្រើន ដែលមកដល់ពេលនេះផេកផ្លូវការរបស់ ពួកគេមានការតាមដានរហូតដល់ជាង១០ម៉ឺននាក់។
វីដេអូចម្រុះដែលជាមធ្យមមានរយៈពេល១០នាទី បានបង្ហាញ នូវដំណើរការនៃការដាំដុះទាំងមូល តាំងពីចាប់ផ្ដើមដាំ រហូត ដល់ ប្រមូល ផល ព្រមទាំងបានផ្ដល់នូវបច្ចេកទេសល្អៗសម្រាប់ អ្នកតាមដាន ក្នុងការអនុវត្តនូវការដាំដុះជាលក្ខណៈគ្រួសារ។ គុណភាពច្បាស់ៗនៃវីដេអូ អមដោយដំណាំខៀវស្រងាត់ ក៏ដូច ជាបច្ចេកទេសនៃការកាត់តផងនោះ បានធ្វើឱ្យ មាតិការបស់ ពួក គេងាយស្រួលមើល និងងាយស្រួលយល់ ហើយមាន លក្ខណៈខុសប្លែកពីវីដេអូដាំដុះ ដទៃទៀត។
មាតិកាទាំងអស់ត្រូវបានបង្ហោះលើបណ្ដាញសង្គមផ្លូវការដែលប្ដីប្រពន្ធនេះដាក់ឈ្មោះថា «រៀនដាំ»។ លោក នី ប៊ុនថា ដែលជាអ្នកផ្ដួចផ្ដើមធ្វើជាវីដេអូចែករំលែក បាន ឱ្យដឹងថា រូបលោក និងភរិយាបានចាប់ផ្ដើមថតវីដេអូចែករំលែក តាំងតែពីឆ្នាំ ២០១៨ ហើយមូលហេតុចម្បងនោះគឺ ដោយ សារ ចិត្តស្រឡាញ់ ចំពោះការដាំដុះ។ ម្យ៉ាងទៀត ដោយសារការងារ កសិកម្មជាអ្វីដែលលោក និងភរិយាធ្វើជារៀងរាល់ថ្ងៃផង ទើបចង់ឆ្លៀត យកឱកាសនេះដើម្បីចែករំលែកជូនបងប្អូន ប្រជាជន ខ្មែរតែម្ដង។
លោក នី ប៊ុនថា បានរៀបរាប់ថា ៖ «អ្វីដែលពួកខ្ញុំធ្វើនេះ គឺចង់ចែករំលែក ហើយយើងក៏ចង់រក្សាទុកជាឯកសារ សម្រាប់ទៅថ្ងៃមុខទៀតដែរ ណាមួយយើងជាអ្នកស្រឡាញ់ កសិកម្ម និងចូលចិត្តការផលិតវីដេអូផង ដូច្នេះខ្ញុំគិត ថានេះជាអ្វីដែលយើងអាចជួយបាន»។
លោកប៊ុនថា បានឱ្យដឹងទៀតថា រាល់អ្វីដែលខ្លួននិងភរិយា បានចែករំលែក គឺសុទ្ធតែចេញ ពីចំណេះដឹង ការស្រាវជ្រាវ និងការអនុវត្តផ្ទាល់។ចំណេះដឹងគឺលោកបានមកពីការ ចូលរួមវគ្គបណ្ដុះ បណ្ដាលខ្លីៗ និងការស្រាវជ្រាវគឺការស្វែង យល់តាមប្រព័ន្ធអ៊ីនធឺណេត រីឯការអនុវត្តគឺលោកយកទៅ ដាក់លើដំណាំក្នុងចម្ការរបស់លោក។ និយាយជារួម ដំណើរការនៃការផលិតវីដេអូនីមួយៗ គឺ មានការលំបាក ស្មុគស្មាញ និងត្រូវការពេលវេលាយូរ ទម្រាំអាចផលិតបានមាតិកានីមួយៗ។ ស្ទើរតែគ្រប់ វីដេអូ លោក នី ប៊ុនថា គឺជាអ្នកបញ្ចូលសំឡេង និងកាត់ខ្លឹមសារ។ ចំណែកឯភរិយាជាអ្នក ចេញមុខដាំដុះនៅ ក្នុងវីដេអូ បង្ហាញ និងណែនាំពីរបៀបដាំដុះដំណាំចម្រុះ និង របៀបធ្វីជីកំប៉ុសជាដើម។
សម្រាប់ចំណូលវិញលោកបានបញ្ជាក់ថា លោកធ្វើឡើងដោយ ប្រើប្រាស់ថវិកា និងសម្ភារៈផ្ទាល់ខ្លួនតែម្ដង ប៉ុន្តែមកដល់ពេល នេះលោកអាចរកចំណូលបានខ្លះពីក្រុមហ៊ុនយូធូប និង ក្រុមហ៊ុនហ្វេសប៊ុក។ ម្យ៉ាងទៀត លោកនិងភរិយាក៏បង្កើត ជាកញ្ចប់សេវាកម្មបង្រៀនទៅដល់កសិករដែលមានបំណងចង់ ស្វែងយល់ពីការដាំដុះផងដែរ។
ក្នុងនាមជាអ្នកចែករំលែកមាតិកាចំណេះដឹងកសិកម្ម លោក បានកត់សម្គាល់ឃើញពីការប្រែប្រួលនៃឥរិយាបថរបស់ប្រជាជនខ្មែរដោយពីមុនគឺការដាំដុះច្រើនតែធ្វើឡើងទៅតាមទម្លាប់ពីដូនតាមក ប៉ុន្តែពេលនេះលោកឃើញថាពួកគេមានការស្រាវជ្រាវ ស្វែងយល់ និងព្យាយាមបង្កើនចំណេះដឹង មុននឹងដាំដុះដំណាំ អ្វីមួយ ដូចជាអ្នកតាមដានរាល់ចំណេះដឹងដែលលោក និង ភរិយាតែងតែចែក រំលែកនោះដែរ។
ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី លោកអះអាងថា៖ «ការដាំដុះដែល ទទួល បានជោគជ័យ ឬមិនជោគជ័យ គឺវាអាស្រ័យលើអ្នកដាំ ដុះផ្ទាល់ថាតើពួកគេយកទ្រឹស្ដីទៅអនុវត្តបានក្នុងកម្រិតណា ហើយមានការ ស្វែងយល់បន្ថែមបានក្នុងកម្រិតណា ព្រោះ វិស័យកសិកម្មនេះវាធំទូលាយណាស់ ដែលទាមទារឱ្យ កសិករមានការស្វែងយល់ជាប្រចាំតែម្ដង»។
ចេញពីបទពិសោធន៍ដាំដុះយូរឆ្នាំរបស់ខ្លួន លោក នី ប៊ុនថា បានផ្ដល់ជាដំបូន្មានទៅកាន់អ្នកដាំដុះឱ្យ ពួកគេបន្តស្រាវជ្រាវ ឱ្យកាន់តែច្រើនបន្ថែមទៀត ពោលគឺឱ្យខ្លួនឯងច្បាស់ជាមួយ ដំណាំនោះសិន មុននឹងចាប់ផ្ដើមដាំ។ ជាពិសេសគឺលោកបានណែនាំឱ្យដាំក្នុងទំហំតូចទៅមុន ពោលគឺទៅតាមលទ្ធភាព ជាក់ស្ដែង ចៀសវាងការទៅខ្ចីដើម ទុន ពីធនាគារ ដែលអាចនាំឱ្យខាតបង់ ដូចជាអ្វីដែលលោកធ្លាប់ បានឃើញកន្លងមក៕
ដោយ៖កែវ បុស្បា