ស្រីលង្កានឹងផ្តើមការពិភាក្សាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយឥណ្ឌា ចិន និងថៃឡើងវិញ

ស្រីលង្កា៖ ប្រទេសស្រីលង្កា នឹងចាប់ផ្តើមការចរចាឡើងវិញលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ចិន និងថៃ បន្ទាប់ពី ផ្អាករយៈពេលបួនឆ្នាំ និងនៅចំពេលដែលប្រទេសអាស៊ី ខាងត្បូង មួយនេះ កំពុងប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រម ព្រៀងក្នុងកម្មវត្ថុកសាងសេដ្ឋកិច្ចជាតិឡើងវិញ។ នេះបើតាមមន្ត្រីស្រីលង្កាម្នាក់និយាយនាថ្ងៃព្រហស្បតិ៍ ទី៥ខែមករា ឆ្នាំ ២០២៣។

ស្រីលង្កាកំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៧ទសវត្សរ៍ដែលបង្កឡើងដោយកង្វះខាត យ៉ាងខ្លាំងនៃការដោះដូររូបិយប័ណ្ណបរទេស និងដែលបានធ្វើឱ្យ ប្រទេសកោះដែលមានប្រជាជន ២២ លាននាក់នេះ ជួប ទុក្ខលំបាកក្នុងការចំណាយលើថ្លៃប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ។

ប្រធានទទួលបន្ទុកផ្នែកចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ស្រីលង្កាលោក ខេ.ជេ វៀរេស៊ីង (K.J. Weerasinghe) បាននិយាយថា មន្ត្រីរបស់ថៃគ្រោងនឹងធ្វើដំណើរទៅដល់ ប្រទេស ស្រីលង្កានៅថ្ងៃចន្ទដើម្បីផ្តើមកិច្ចចរចាជុំទីបី បន្ទាប់ពីកិច្ចចរចាត្រូវបានផ្អាកនៅក្នុងឆ្នាំ ២០១៨។

ចំណែកការចរចាជាមួយឥណ្ឌា និងចិន ដែលជាដៃគូ ពាណិជ្ជកម្មដ៏ ធំបំផុតរបស់ស្រីលង្កាវិញត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈ និងខែមីនាខាងមុខ។
«កិច្ចចរចាផ្តោតជាសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគដែលជា កត្តា សំខាន់សម្រាប់ស្រីលង្កាដើម្បីអាចងើបដើរចេញ ពីវិបត្តិ សេដ្ឋកិច្ច»។ នេះគឺជាការលើកឡើងរបស់លោក វៀរេស៊ីង។ «គោលដៅចម្បងរបស់ខ្ញុំ គឺធ្វើឱ្យកិច្ចព្រមព្រៀង ទាំងអស់ នេះអាចបញ្ចប់បាននៅចុងឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤»។

លោក អូរ៉ាម៉ុន ស៊ុបថាវីធុំ (Auramon Supthaweethum) អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ប្រទេសថៃ បាននិយាយថា ការពិភាក្សាត្រូវបានពន្យារពេលដោយសារ តែវិបត្តិសេដ្ឋកិច្ចរបស់ស្រីលង្កា និងជំងឺរាតត្បាតកូវីដ១៩។ លោកបន្ថែមថា រូបលោក និងមន្ត្រីពាក់ព័ន្ធថៃផ្សេងទៀត នឹងទៅប្រទេសស្រីលង្កាដើម្បីបន្តកិច្ចពិភាក្សាឡើងវិញ។ គួរជ្រាបថា ពាណិជ្ជកម្មទ្វេភាគីរវាងថៃ និងស្រីលង្កាមានទំហំ សរុបប្រមាណ ៤៦០លានដុល្លារក្នុងឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា។

ចំណែកទំហំពាណិជ្ជកម្មទ្វេភាគីរវាងស្រីលង្កាជាមួយឥណ្ឌា និងចិនវិញមានតម្លៃប្រហាក់ប្រហែលគ្នា ពោលគឺស្មើនឹង ប្រមាណ ប្រាំពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Sri Lanka to restart trade deal talks with India, China and Thailand – official

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner