ក្រុមហ៊ុន លក់រាយធំជាងគេបំផុតលើពិភពលោក Walmart ស្វែងរកការវិនិយោគបន្ថែមនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមហ៊ុន Walmart ដែលជាក្រុមហ៊ុនលក់រាយធំជាង គេបំផុតលើពិភពលោក មានគោលបំណងស្វែងយល់បន្ថែម អំពី សក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងដើម្បី ពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេល អនាគត ។

នៅក្នុងជំនួបការងារតាមរយៈប្រព័ន្ធអនទ្បាញជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ តំណាងក្រុមហ៊ុន Walmart បានលើកឡើងថា លោកស្រី អានប៊ីញ ផាន( Anbinh Phan) បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ១៩ ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបាន អបអរ សាទរជូនក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។

លោកស្រីបានបន្ថែមទៀតដែរថា ក្រុមហ៊ុន Walmart មាន បំណង ពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេស កម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

លោកស្រីបានបញ្ជាក់ដូច្នេះថា៖« ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម។ ម្យ៉ាងក្រុមហ៊ុនមានគម្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ ប្រជាជនកម្ពុជាផងដែរ»។

ក្រុមហ៊ុនWalmart គឺជាក្រុមហ៊ុនឈានមុខគេក្នុងការ នាំ ចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិត ផល កម្សាន្តតាមរដូវកាល។ នាពេលអនាគត Walmart គ្រោងនាំចេញពីប្រទេសកម្ពុជានូវ ផ្លែឈើ ផលិតផលចំណី អាហារ គ្រឿងអេឡិចត្រូនិច និងសង្ហារឹម គឺពេលដែល ផលិតផលទាំងនេះត្រូវតាមស្តង់ដារអន្តរជាតិ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាន ស្វាគមន៍ ចំពោះគោលបំណង របស់ក្រុមហ៊ុន Walmart ក្នុងការស្នើសុំការសហការពីក្រសួងពាណិជ្ជកម្ម នៅក្នុងការ ពង្រីកធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានវាយ តម្លៃខ្ពស់នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបញ្ជាក់បន្ថែមថា ៖«ក្រសួង ពាណិជ្ជកម្មសូមសម្តែងនូវការគាំទ្រពេញទំហឹង ចំពោះគោល បំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជា បន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែល បំពេញ បានតាមស្តង់ដារអន្តរជាតិ»។

ឯកឧត្តមបានឱ្យដឹងទៀតថា ការជំរុញទិញផលិតផលបន្ថែមពី កម្ពុជាគឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាព ក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញ ផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បើតាមសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឱ្យ ដឹងថា ដឹងថា ក្រុមហ៊ុន Walmart គឺជាអ្នកទិញដ៏ សំខាន់ របស់របស់កម្ពុជា ដែលអាចនិយាយបានថា ជាអ្នកបញ្ជា ទិញធំមួយ ក្នុងចំណោមក្រុមហ៊ុន១០ ដែលបានបញ្ជា ទិញផលិផលសម្លៀកបំពាក់ពីកម្ពុជា ហើយទំនិញរបស់ ក្រុមហ៊ុនក្រុមហ៊ុន Walmart ដែលបានដាក់លក់លើទីផ្សារ មានប្រភពចេញពីកម្ពុជា ។ដោយឡែក សមាគមស្បែកជើង កម្ពុជាវិញ ក៏បានបញ្ជាក់ថា ក្រុមហ៊ុនWalmartនេះ ជាអ្នក បញ្ជាទិញផលិតផលស្បែកជើងដ៏ធំមួយ នៅក្នុងចំណោមក្រុម ហ៊ុនធំប្រាំ ដែលបានបញ្ជារទិញផលិតផលស្បែក ជើងពីកម្ពុជា ផងដែរ។

គួរជម្រាបថា Walmart ជាក្រុមហ៊ុនលក់រាយធំជាង គេបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦២។ មានទីស្នាក់ការកណ្តាលនៅរដ្ឋអាកានសាស់ សហរដ្ឋអាមេរិក មានបុគ្គលិក ២,៣លាននាក់ និង កំពុងធ្វើប្រតិបត្តិការនៅក្នុង ២៤ប្រទេស។

ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា ការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ មានតម្លៃទឹកប្រាក់ជាង ៨ ២១៧ លានដុល្លារ កើនឡើងជាង៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ផលិតដែលកម្ពុជា នាំចេញទៅអាមេរិក ភាគច្រើនជាងផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរជាដើម៕
ដោយ៖វណ្ណ សុជាតា

ads banner