កសិករម្នាក់នៅខេត្តកែប កែច្នៃកិនចំណីមាន់ដោយខ្លួនឯងអាចផាត់ថ្លៃចំណាយបានជាង ៣០%
ភ្នំពេញ ៖ វិស័យចិញ្ចឹមសត្វនៅកម្ពុជាជារួម តែងជួបនូវផលវិបាកជារឿយៗ ដោយបញ្ហាកន្លងមកគឺ អ្នកផលិតតែងត្អូញត្អែរថាលក់បានថ្លៃទាប ខណៈដែលតម្លៃនៅលើទីផ្សារ បែរជាឡើងថ្លៃជាដើម ។ ការចិញ្ចឹមសត្វ ក៏ត្រូវការដើម ទុនច្រើនផងដែរ ដោយមួយផ្នែក ត្រូវបែងចែកទៅលើចំណីសត្វ និងមួយផ្នែកទៀតត្រូវគិតគូ សម្រាប់ការគាំពារ សុខភាពសត្វ ។
យ៉ាងណាមិញ ប្រសិនបើអ្នកចិញ្ចឹមសត្វ អាចមានលទ្ធភាពធ្វើចំណីដោយខ្លួនឯង វាពិតជារឿងដែល អាចចំណេញ បានច្រើន ពោលគឺកាត់បន្ថយថ្លៃដើមផលិតបានមួយផ្នែក ។ ដូចអ្វីដែលកសិករម្នាក់បាន ធ្វើ គឺការស្រាវជ្រាវ រិះរកវិធី ដើម្បីកិនចំណីសត្វដោយខ្លួនឯង ដោយមិនចាំបាច់ទិញពីគេ ។
កសិកររូបនេះ មានទីលំនៅនៅក្នុងខេត្តកែប ដែលសព្វថ្ងៃលោក ជាប្រធានបណ្ដុំចិញ្ចឹមមាន់ស្រែ ។ លោកបានប្រើប្រា ស់នូវម៉ាស៊ីនសម្រាប់វៃចំណី ដោយមានបច្ចេកទេស កាត់បន្ថយការចំណាយ តាមរយៈការកិនកូនត្រី និងសម្បកក្ដាម ជាដើម ។
លោក អោម ភារុំ បានឱ្យដឹងថា រូបលោកផលិតចំណីនេះដើម្បីលើការផ្គត់ផ្គង់ការចិញ្ចឹមមាន់មេ ព្រមទាំងផលិតកូនមាន់ដើម្បីលក់ផងដែរ។ ម្យ៉ាងទៀត លោកមើលឃើញថា បច្ចុប្បន្នទីផ្សារមាន់សាច់ កំពុងមានតម្រូវការខ្ពស់។
លោក អោម ភារុំ បានបញ្ជាក់ទៀតថា លោកបានចាប់ផ្ដើមការចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់អស់រយៈពេល៤ឆ្នាំហើយ ដោយលោកធ្វើមិនជាធំដុំទេ ពោលគឺជាលក្ខណៈគ្រួសារ ឆ្លៀតពេល ពីការធ្វើការងារប្រចាំថ្ងៃ។ រីឯចំណូលវិញលោកបានប្រាប់ថា លោកអាចចំណេញបានប្រមាណ ៥០ម៉ឺនរៀលក្នុងមួយខែ។
ដោយឡែក សម្រាប់ការកិនចំណីសត្វរបស់លោកវិញ គឺលោកទើបតែចាប់ផ្ដើមធ្វើ ដែលការចាប់ផ្ដើម របស់លោកគឺស្ថិតក្រោមការណែនាំ និងគាំទ្រពីមន្ត្រីជំនាញផលិតកម្ម និងពសុព្យាបាលសត្វ របស់មន្ទីរកសិម្មខេត្ត និងក្រុមការងារ Aspire។ លោក អោម ភារុំ បានប្រាប់ថា ៖ «គ្រឿងផ្សំចំណី ខ្ញុំដាក់ម្សៅឆ្អឹងត្រី ពោត ចុងអង្ក ត្រកូន (ស្លឹកឆៃយ៉ា ចកអសូឡា) កន្ទក់ និងចំណីទាពង ហើយចាប់តាំងពីខ្ញុំកិនចំណីអោយមាន់ស៊ីខ្លួនឯង ខ្ញុំអាចកាត់បន្ថយការចំណាយបានប្រហែលជា ៣០%ដែរ»។ បើទោះជាការកិនចំណីដោយខ្លួនឯងនេះអាចកាត់បន្ថយថ្លៃចំណាយបានច្រើន ប៉ុន្តែលោកក៏នៅជួប បញ្ហាក្នុងការស្វែងរកគ្រឿងផ្សំក្នុងការផលិតចំណីផងដែរ ដូច្នេះសម្រាប់ពេលបច្ចុប្បន្ន អោម ភារុំ កំពុង ស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យការផលិតចំណីមានស្ថេរភាព ដែលអាចនាំឱ្យលោកចំណេញបានច្រើន ជាមុន។
រីឯតម្លៃនៃការលក់មាន់ លោកបានបញ្ជាក់ថា សម្រាប់កូនមាន់លោកលក់ជូនសមាជិកក្នុងក្រុមអ្នកចិញ្ចឹមមាន់ក្នុងតម្លៃ៦000៛ ក្នុងមួយក្បាល(អាយុ២១ថ្ងៃ)។ សម្រាប់មាន់ដែលពេញគីឡូ ឬហៅថា មាន់សាច់គឺលោកលក់ជួនឈ្មួញនៅក្នុងខេត្ត ដែលបានចុះកុងត្រាទិញជាមួយគ្នាក្នុងតម្លៃ ១៨ 000 រៀល ក្នុងមួយគីឡូក្រាម។ ប៉ុន្តែយ៉ាងណា ដោយសារការចិញ្ចឹមសព្វថ្ងៃមានលក្ខណៈជាគ្រួសារនៅឡើយ លោកមានបំណងចង់ ពង្រីកបន្ថែមទៀត តាមរយៈការយកកម្ចីពីធនាគារ ព្រោះបច្ចុប្បន្នកសិដ្ឋានមានមេមាន់ ៥០ក្បាល និងឈ្មោល១០ក្បាល កូនមាន់ ១៣០ក្បាល។
កសិករចិញ្ចឹមមាន់រូបនេះបន្តថា៖ «ខ្ញុំមានផែនការពង្រីកផលិតកម្ម ដោយមានបំណង់ចង់ផ្លាស់ប្តូរ រោងឈើ ទៅជាដែក បង្កើនបន្ទប់ទុកដាក់មាន់បន្ថែម តាមផែនការអាជីវកម្មដែលខ្ញុំបានរៀបចំ ដើម្បីស្របតាមតម្រូវការទីផ្សារ»។ សម្រាប់ការពង្រីកការចិញ្ចឹមមាន់របស់លោក នៅខែ៧ ឆ្នាំនេះ លោកចង់ឱ្យកើនមេមាន់ដល់ ១៥០ក្បាល និងជំទង់ ៤០ក្បាល និងពង្រីកលទ្ធភាពនៃការកិនចំណី ដើម្បីកាត់បន្ថយចំណាយ កាន់តែច្រើន ៕ ប៊ុនហុក