រដ្ឋមន្ត្រីព័ត៌មានណែនាំក្រុមប្រឹក្សាឃុំផ្តល់ដំណឹងដល់ប្រជាជនបានដឹង ពេលមានគម្រោងអភិវឌ្ឍន៍ក្នុងឃុំ

អត្ថបទដោយ៖
CPA

កំពង់ចាម៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាន ណែនាំក្រុមប្រឹក្សាឃុំត្រូវផ្តល់ដំណឹងដល់ប្រជាជនក្នុងមូលដ្ឋានឃុំបានដឹងនៅពេលមានគម្រោងស្តារ ឬអភិវឌ្ឍក្នុងឃុំ ឬការកសាង ណា មួយដើម្បីឱ្យប្រជាជនជ្រាបច្បាស់ រួមទាំងការបិទសេចក្តី ប្រកាស ព័ត៌មានជាសាធារណៈដែលរួមបញ្ចូលនឹងខ្ទង់ ចំណាយ ផងដែរ ព្រោះពលរដ្ឋជាម្ចាស់ឆ្នោត។

អ្នកតាមដានបញ្ហាសង្គមបានសាទរចំពោះការលើកឡើងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ដោយចង់មានការអនុវត្តទូលំទូលាយ ទូទាំង ប្រទេស ហើយអនុញ្ញាតឱ្យពលរដ្ឋចូលរួមយោបល់ផង បន្ថែម លើការដឹងព័ត៌មានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

កាលពីថ្ងៃទី៧ ខែមករាក្នុងពីធីឆ្លងសមិទ្ធផលនានា ក្នុងវត្តមហា លាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ បានអំពាវឲ្យក្រុមប្រឹក្សាឃុំក្នុងខេត្តកោះសូទិន ត្រូវផ្សាយ និងជូន ដំណឹងទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ នៅពេលមានគម្រោង ស្តារ កសាង និងអភិវឌ្ឍន៍ផ្សេងៗរបស់ឃុំ ដើម្បីឲ្យប្រជាពលរដ្ឋ បានជ្រាបច្បាស់។ ឯកឧត្តមបានលើកឡើងថា ៖ «មិនតែប៉ុណ្ណោះ ត្រូវបិទផ្សាយសេចក្តីប្រកាសដែលរួមមានព័ត៌មានស្តីពីថវិកាចំណាយលើគម្រោងនានានោះផង ដើម្បីប្រាប់ពលដ្ឋ ព្រោះពលរដ្ឋជា ម្ចាស់ឆ្នោត ដែលជាគំរូល្អសម្រាប់ក្រុមប្រឹក្សាឃុំទាំងឡាយ ទូទាំង ប្រទេសយកអនុវត្តតាម»។

ឯកឧត្តម ខៀវ កាញារីទ្ធ បានអំពាវ និងជំរុញដល់អាជ្ញាធរដែនដី នានា ត្រូវបន្តបង្កើនលទ្ធភាពមុខរបបរ ការងារជូនដល់ប្រជាជន ផងដែរ និងការបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ ឱ្យ កាន់ តែរហ័ស ដើម្បីជាប្រយោជន៍ដល់ប្រជាជននៅតាមមូលដ្ឋាន ស្របតាមផែនការរបស់រដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមផ្តល់អនុសាសន៍ដើម្បីសម្រេចជោគជ័យលើលទ្ធផលការងារនៅតាមមូលដ្ឋានរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា ដូច្នេះថា ៖ «ត្រូវអនុវត្តន៍តាមរូបមន្ត អាត់ ៤ បូក ១ មានន័យថាការរួមគ្នាបួន គឺ មេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ មេភូមិ បូកជាមួយ មណ្ឌលសុខភាព ដែលត្រូវធានាឱ្យបានល្អ»។
ជុំវិញបញ្ហានេះ លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែ ទម្រង់កម្ពុជា និងជាអតីតតំណាងរាស្រ្តនៃអតីតគណបក្ស សង្គ្រោះជាតិ យល់ថា គំនិតរបស់ឯកឧត្តម ខៀវ កាញារីទ្ធ ជារឿងល្អ និងត្រឹមត្រូវដើម្បីជាការផ្តល់ព័ត៌មាននៅហ្នឹងមូល ដ្ឋាន អំពីការអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋ ដែលគួរអនុវត្តឱ្យបានទូលំ ទូលាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ លោកថា កន្លងមក ប្រជាពលរដ្ឋតាមមូលដ្ឋានឃុំ មិនបានជ្រាបពីព័ត៌មានទាំងនេះ ឡើយ។
លោកអ៊ូ ច័ន្ទរ័ត្ន បញ្ជា្កក់ពីគុណសម្បត្តិនៃករណីយកិច្ចដូច្នេះថា ៖ «វាមានប្រយោជន៍ទាំងតម្លាភាពក្នុងការប្រើប្រាស់ថវិកា ជាការមួយ ប្រាប់ពលរដ្ឋ ថាកញ្ចប់ថវិការបស់ឃុំហ្នឹង ប្រើប្រាស់ទៅកន្លែង ណាខ្លះ គម្រោងមួយៗចំណាយអស់ប៉ុណ្ណាវាសមរម្យទេ។ វាអាចនាំប្រជាពលរដ្ឋចូលរួម ជារូបភាពប្រជាធិបតេយ្យមួយល្អ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានខ្លួន»។

សម្រាប់លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិប តេយ្យកម្ពុជាវិញ ក៏បានសាទរលើការលើកឡើងរបស់ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន។លោកថា ដើម្បីឱ្យមានអភិបាលកិច្ចល្អ ត្រូវមានតម្លាភាព ក៏ដូចជាការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ជុំវិញដំណើរការអភិវឌ្ឍន៍ឃុំ-សង្កាត់។
លោកបណ្ឌិត ប៉ា ច័ន្ទរឿន បានប្រាប់ថា ៖ «ត្រូវបិទប្រកាសជាសា ធារណៈ អំពីដំណើរដើមទងនៃកិច្ចការក្នុងគម្រោងអភិវឌ្ឍន៍ឃុំហ្នឹង អំពីការចំណាយ ឲ្យប្រជាពលរដ្ឋបានដឹង និងបានចូលរួមទៅតាម លទ្ធភាពជាក់ស្តែង»។

ចំណែក លោក សឹង សែនករុណា អ្នកនាំពាក្យនៃសមាគម ការពារ សិទ្ធិមនុស្សអាដហុក ដែលបានចុះសង្កេតតាមមូលដ្ឋានញឹកញយ យល់ថាការជាការល្អក្នុងការផ្តល់ព័ត៌មានជុំវិញគម្រោងអភិវឌ្ឍតាមមូលដ្ឋានដល់ប្រជាពលរដ្ឋ ។មិនតែប៉ុណ្ណោះ លោកចង់ឃើញ ទម្រង់ការងារ មិនមែនសម្រាប់តែកម្រិតថ្នាក់ក្រោមជាតិប៉ុណ្ណោះ គួរមាននៅកម្រិតថ្នាក់ជាតិផងដែរ៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner